ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គលេខាធិការដ្ឋាននៃ គ.ល.ក.ចេញសេចក្តីណែនាំស្តីពីការទប់ស្កាត់ប្រតិបត្តិការអ្នកជំរុញល្បែងពាណិជ្ជកម្មដែលពុំមានអាជ្ញាបណ្ណពីគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា

ភ្នំពេញ៖ សេចក្តីណែនាំស្តីពីការទប់ស្កាត់ប្រតិបត្តិការអ្នកជំរុញល្បែងពាណិជ្ជកម្មដែលពុំមានអាជ្ញាបណ្ណពីគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ។អនុលោមតាមមាត្រា៤៨ នៃច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម កថាខណ្ឌទី១ ចែងថា “មាន តែនីតិបុគ្គលដែលមានអាជ្ញាបណ្ណជំរុញល្បែងពាណិជ្ជកម្ម ស្របតាមបទប្បញ្ញត្តិនៃច្បាប់នេះប៉ុណ្ណោះទើបអាច ធ្វើសកម្មភាពជំរុញល្បែងពាណិជ្ជកម្មបាន។”
បច្ចុប្បន្ន គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) ពុំមានផ្តល់អាជ្ញាបណ្ណ អ្នកជំរុញល្បែងពាណិជ្ជកម្ម ឬអនុញ្ញាតដល់នីតិបុគ្គលណាមួយ ដើម្បីធ្វើប្រតិបត្តិការជំរុញល្បែងពាណិជ្ជ កម្មស្របច្បាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជាឡើយ។
ដូចនេះ ក្នុងគោលដៅ បង្ការ និងទប់ស្កាត់ សកម្មភាព ល្មើសច្បាប់ដែលអាចជាមធ្យោបាយសម្រាប់ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងបង្កហានិភ័យ ដល់កម្មសិទ្ធិករ និង/ឬប្រតិបត្តិករកាស៊ីណូ និង/ឬកម្មសិទ្ធិករមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ អគ្គ លេខាធិការដ្ឋាននៃ គ.ល.ក. សូមធ្វើការណែនាំ ដូចខាងក្រោម៖
១. ហាមឃាត់ដាច់ខាត រាល់ការប្រើប្រាស់សេវាអ្នកជំរុញល្បែងពាណិជ្ជកម្មដែលពុំមានអាជ្ញា-បណ្ណពី គ.ល.ក.
២. ហាមឃាត់ដាច់ខាត រាល់ការផ្សព្វផ្សាយទាក់ទាញអ្នកជំរុញល្បែងពាណិជ្ជកម្មពុំមានអាជ្ញា-បណ្ណពី គ.ល.ក. ឱ្យនាំភ្ញៀវល្បែងមកលេងនៅក្នុងកាស៊ីណូ។
ក្នុងករណីពុំអនុវត្តតាមសេចក្តីណែនាំនេះ ត្រូវចាត់ទុកថាបានប្រព្រឹត្តល្មើសទៅនឹងច្បាប់ស្តីពី ការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ដែលកម្មសិទ្ធិករ និង/ឬប្រតិបត្តិករកាស៊ីណូ និង/ឬកម្មសិទ្ធិករមណ្ឌល ល្បែងពាណិជ្ជកម្មសមាហរ័ណ នឹងត្រូវប្រឈមនឹងទណ្ឌកម្មរដ្ឋបាល និង/ឬពិន័យអន្តរការណ៍ ស្របតាម ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន។
អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. សង្ឃឹមយ៉ាងមុតមាំថា កម្មសិទ្ធិករ និង/ឬប្រតិបត្តិករកាស៊ីណូ និង/ឬកម្មសិទ្ធិករមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ ទាំងអស់នឹងយកចិត្តទុកដាក់អនុវត្តតាមខ្លឹមសារ សេចក្តីណែនាំនេះ ប្រកបដោយស្មារតីទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់។