អ្នកសេដ្ឋកិច្ចបានវាយតម្លៃជាថ្មីម្តងទៀតថា មូលហេតុដែលរាជរដ្ឋាភិបាលកម្ពុជាជម្រុញការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ វិស័យឩស្សាហកម្ម ដោយសារតែមើលឃើញពីចក្ខុវិស័យដ៏វែងឆ្ងាយបំផុត។
លោក ចាន់ សុផល នាយកវិទ្យាស្ថានសិក្សាគោលនយោបាយបានមានប្រសាសន៍ថា ការដាក់ចេញគោលនយោបាយអភិវឌ្ឍន៍វិស័យឩស្សាហកម្ម ២០១៥ និង២០២៥ នេះ ដោយសារតែចង់ការអភិវឌ្ឍន៍ប្រទេសជាតិឲ្យបានជឿនលឿន និងវែងឆ្ងាយបន្តទៀត ដូចជា ក្នុងវិស័យធំៗ មានវិស័យកសិកម្ម ឩសស្សាហកម្ម និងវិស័យសំណង់ជាដើម។
លោកបានអះអាងថា« តាមពិតកម្រិតនៃគោលនយោបាយដែលរាជរដ្ឋាភិបាលបានជម្រុញ កន្លងមកគឺមានការវិនិយោគពីក្រៅប្រទេស និងវិស័យឯកជនក្រៅស្រុក ហើយមានទិដ្ឋភាពធំៗជាច្រើនទៀត ហើយ កិច្ចការនេះទៅរលូនបានត្រូវតែមានការចូលរួមពីស្ថាប័នពាក់ព័ន្ធផងដែរ»។
លោកបានបន្ថែមទៀតថា អ្នកវិនិយោគមួយចំនួនកំពុងតែរង់ចាំមើលការអនុវត្ត និងការបង្កើតច្បាប់វិនិយោគថ្មីមួយទៀត មិនត្រឹមតែធ្វើវិសោធនកម្មច្បាប់នោះទេ ហើយច្បាប់នេះកំពុងតែធ្វើសេចក្តីព្រៀងនៅឡើយ។
ទាក់ទងនិងបញ្ហា កន្លងមក មន្រ្តីរាជរដ្ឋាភិបាលបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងកែសម្រួលធ្វើវិសោធណកម្មច្បាប់វិនិយោគ នឹងបង្កើតច្បាប់ថ្មីមួយទៀត ពាក់ព័ន្ធ នឹងការគ្រប់គ្របនូវតំបន់សេដ្ឋកិច្ចពិសេស ដើម្បីផ្តល់ការលើកទឹកចិត្តទាំងឡាយដល់អ្នកវិនិយោគ។
គោលនយោបាយអភិវឌ្ឍន៍វិស័យឩស្សាហកម្មគឺ ជាការជម្រុញការអភវិឌ្ឍន៍វិស័យកម្មន្តសាល និងឩស្សាហកម្មកែច្នៃកសិផល តាមរយៈការធ្វើសមាហរណកម្មទៅនឹងខ្សែសង្វាក់ផលិតកម្មតំបន់ និងពិភពលោក។
ការតម្រង់ទិសការអភិវឌ្ឍន៍តំបន់ឩសស្សាហកម្ម ដើម្បីធានានូវការប្រមូលផ្តុំ ការតភ្ជាប់សេដ្ឋកិច្ច នឹងការប្រកួតប្រជែងទាក់ទាញអ្នកវិនិយោគផ្ទាល់ពីបរទេស ដោយផ្តោតលើការកែលម្អបរិយាកាសវិនិយោគ និងការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសជាដើម៕