ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កម្ពុជា​មាន​​មជ្ឈមណ្ឌលប្រមូលផ្តុំពិនិត្យគុណភាព និងចែកចាយបន្លែនៅខេត្តកណ្តាល​

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Hidehisa Horinouchi ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ បានចូលរួមជាអធិបតីក្នុងពិធីបើកសម្ពោធដាក់ឲ្យប្រើប្រាស់មជ្ឈមណ្ឌលប្រមូលផ្តុំ ពិនិត្យគុណភាព និងចែកចាយបន្លែរបស់មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាល។

លោក​រដ្ឋមន្ត្រីបន្ថែមទៀតថា ដោយសារសុខសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសង្គម បានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើនលើសពីការរំពឹងទុកក្នុងអត្រា ៧,៥% ក្នុងឆ្នាំ២០១៨ កន្លងមកនេះ ដែលជាកំណើនមួយខ្ពស់បំផុតក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។

ក្នុងបរិបទកំណើនសេដ្ឋកិច្ចនេះបានទាមទារ និងផ្តល់ឱកាសដល់ប្រជាកសិករយើងកែប្រែទម្លាប់ ពីការផលិតសម្រាប់បម្រើសេចក្ដីត្រូវការរបស់ខ្លួន មកជាការផលិតសម្រាប់ធ្វើពាណិជ្ជកម្ម និងបំពេញតម្រូវការនៃទីផ្សារ ពោលគឺពី “កសិករ ទៅជា កសិ-ពាណិជ្ជករ”។ ហើយការប្រែប្រួលនេះ ក៏បានប្រែក្លាយសហគមន៍កសិកម្មយើងទៅជាកម្លាំងចលករមួយយ៉ាងសំខាន់ ដែលនាំឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមាននៅក្នុងសេដ្ឋកិច្ចសង្គមជនបទកម្ពុជាផងដែរ។

មួយវិញទៀត ប្រជាជនក៏បានផ្លាស់ប្តូរឥរិយាបថមកបរិភោគចំណីអាហារដែលមានស្តង់ដារប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់ ជាពិសេសផលិតផលបន្លែ និងផ្លែឈើជាដើម។ រីឯភ្ញៀវទេសចរវិញក៏មានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដែលធ្វើឲ្យសេចក្តីត្រូវការម្ហូបអាហារដែលមានសុវត្ថិភាពមានការកើនឡើងឥតឈប់ឈរផងដែរ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា មជ្ឈមណ្ឌលប្រមូលផ្តុំត្រួតពិនិត្យគុណភាព និងចែកចាយបន្លែនេះ គឺមានសារៈសំខាន់និងចាំបាច់បំផុតទាំងពេលបច្ចុប្បន្ន ក៏ដូចជាសម្រាប់ពេលអនាគតសំដៅធានាបាននូវគុណ​​​ភាព សុវត្ថិភាពផលិតផលដែលអាចប្រកួតប្រជែងលើទីផ្សារ ធានាសុខុមាលលភាពសាធារណៈ និងភាតរបរិស្ថាន ហើយគឺពិតជាស្របតាមគោលនយោបាយអភិវឌ្ឍវិស័យកសិកម្មរបស់ក្រសួង ក្នុងការជំរុញផលិតភាព គុណភាព និងសុវត្ថិភាពសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងក្រៅស្រុក។

ក្រសួងកសិកម្ម​​បានដាក់ចេញនូវគោលការណ៍ និងដាក់ឲ្យប្រើប្រាស់នូវរូបសញ្ញាជាតិនៃការ អនុវត្តកសិកម្មល្អកម្ពុជា (CamGAP) ជាស្តង់ដារជាតិ ហើយនឹងប្រកាសដាក់ឲ្យប្រើប្រាស់នូវឯកសារស្តង់ដារកសិកម្មសរីរាង្គកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ៖​​

ទី១. មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្តទាំងអស់ ត្រូវសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម ក្នុងការជំរុញ និងលើក ទឹកចិត្តដល់ប្រជាកសិករ ក៏ដូចជាសហគមន៍កសិកម្មក្នុងការផលិតបន្លែសុវត្ថិភាព ដែលមានស្តង់ដារច្បាស់លាស់ដូចជា CamGAP ឬសរីរាង្គ និងធ្វើការសម្រប សម្រួលក្នុងការស្នើសុំចុះបញ្ជីទទួលស្គាល់ជាកសិដ្ឋានអនុវត្តកសិកម្មល្អ ឬកសិកម្មសរីរាង្គ ដើម្បីអាចប្រើប្រាស់ស្លាកសញ្ញាស្តង់ដារច្បាស់លាស់លើផលិតផល ក្នុងការបង្កើនទំនុកចិត្តដល់អ្នកបរិភោគថាជាបន្លែដែលមានគុណភាព និងសុវត្ថិភាព។

ទី២. មន្ទីរពិសោធន៍ ក្រោមឱវាទក្រសួងទាំងអស់ ត្រូវពង្រឹងសមត្ថភាពបន្ថែមទៀតឲ្យបានពេញលេញក្នុងការវិភាគរកនូវសារធាតុបង្កផលប៉ះពាល់ដល់សុខភាពគ្រប់ប្រភេទរួមមានទាំងសំណល់ថ្នាំកសិកម្ម លោហៈធ្ងន់ និងសំណល់ជីវសាស្ត្រជាដើម។ ត្រូវបន្តលើកកម្ពស់ការងារបណ្តុះបណ្តាល និង ផ្សព្វផ្សាយអំពីលក្ខខណ្ឌបច្ចេកទេសនៃការប្រើប្រាស់ជី-ថ្មាំកសិកម្មដល់ប្រជាកសិករ និងសហគមន៍កសិកម្មឲ្យបានខ្ជាប់ខ្ជួន ជៀសវាងការអនុវត្តខុសបច្ចេកទេសដែលបណ្ដាលឲ្យប៉ះពាល់ដល់សុខុមាលភាពសាធារណៈ។

ទី៣. ត្រូវជំរុញការអនុវត្តយន្តការផលិតកម្មតាមកិច្ចសន្យា ក៏ដូចជាជំរុញការអភិវឌ្ឍកសិដ្ឋានគំរូ និងការពង្រឹងសហគមន៍កសិកម្មឲ្យប្រែក្លាយទៅជាកសិ-ធុរកិច្ច។

ទី៤.ត្រូវគិតគូរជាមួយដៃគូពាក់ព័ន្ធទាំងអស់ក្នុងការធ្វើទំនើបកម្មប្រព័ន្ធផ្សព្វផ្សាយកសិកម្ម ក៏ដូចជាទីផ្សារកសិកម្មតាមលក្ខណៈឌីជីថលឲ្យបានទូលំទូលាយដល់ប្រជាកសិករ និងសហគមន៍កសិកម្ម ដើម្បីប្រែក្លាយ​វិស័យកសិកម្មទៅជាកសិកម្មបែបប្រពលវប្បកម្ម មានផលិតភាពខ្ពស់ និងផលិតសម្រាប់ធ្វើពាណិជ្ជកម្ម។