ថ្មីៗចុងក្រោយនេះ មានក្រុមហ៊ុនចំនួន៤ ទទួលបានសិទ្ធិវិនិយោគផ្លូវការហើយពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីបង្កើតរោងចក្រកាត់ដេរ និងកាបូប ហើយការវិនិយោគនេះទទួលបានការសាទរពីអ្នកវិនិយោគក្នុងស្រុក ដោយ ចាត់ទុកថា សេដ្ឋកិច្ចកម្ពុជាកំពុងតែមានការរីកចម្រើននិងកម្លាំងពលកម្មធូរថ្លៃ។
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនក្រុមហ៊ុនចំនួន៤ ទទួលបានសិទ្ធិវិនិយោគនិងបង្កើត រោង ចក្រ ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងនោះមាននៅខេត្តកំពង់ស្ពឺ ខេត្តកណ្តាលនិងរាជធានីភ្នំពេញ។
លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមបានចាត់ទុកថា បច្ចុប្បន្ននេះ សេដ្ឋកិច្ចកម្ពុជាកំពុងតែមានការរីកចម្រើននិងកម្លាំងពលកម្មធូរថ្លៃ ហើយជាប្រទេសស្ថិតក្នុងតំបន់អាស៊ានផងនោះ ដែល ជាឱកាសដ៏ល្អមួយសម្រាប់វិនិយោគិនបរទេសមកវិនិយោគនៅក្នុងប្រទេសកម្ពុជាមានវិនិយោគធំៗ ដូចជា ចិន ជប៉ុន និងបណ្តាលប្រទេសផ្សេងទៀត ដោយមិនមានការបារម្ភពីស្ថានភាពនយោបាយនៅកម្ពុជានោះទេ។
អ្នកវិនិយោគខាងពន្យល់ទៀតថា« ថ្មីៗនេះអ្នកវិនិយោគពីក្រៅប្រទេសមកជួបខាងអ្នកវិនិយោគកម្ពុជាដើម្បីស្វែងរកឱកាសវិនិយោគនិងស្វែងរកដៃគូរពាណិជ្ជកម្មផ្សេងៗ ហើយតាមរយៈការមកដល់របស់អ្នកវិនិយោគខាងលើនឹងធ្វើឲ្យប្រទេសកម្ពុជាមានការរីកចម្រើនបន្ថែមទៀត»។
ចំពោះ ឧកញ៉ា ងូន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជាមើលឃើញថា អ្នកវិនិយោគិនភាគច្រើនមកកម្ពុជានាពេលនេះគឺមានសុទិដ្ឋនិយម សម្រាប់ការវិនិយោគជាមួយដៃគូរសហគ្រាសកម្ពុជាដែលជាគោលដៅរបស់ រាជ រដ្ឋាភិបាលកម្ពុជាចង់បានដើម្បីផលិតនិងកែច្នៃផលិតផលជាច្រើន។
លោកឧកញ៉ាបានបន្ថែមថា« អ្នកវិនិយោគិនផ្នែកសហគ្រាសធុនតូចនិងមធ្យម ដើម្បីស្វែងរកឱកាសចាប់ដៃគួរជាមួយនិងសហគ្រាសនៅក្នុងប្រទេសកម្ពុជាស្របនិងគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់រដ្ឋាភិបាលចិនផងដែរ»។
យោងតាមក្រុមហប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឲ្យដឹងថា ក្រុមហ៊ុនទី១ ដែលវិនិយោគនោះ ឈ្មោះ “SEW GOOD GARMENT CO.,LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៤៧កន្លែង។
សម្រាប់ក្រុមហ៊ុនទី២ ឈ្មោះ “CANPAK (CAMBODIA) CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចំការស្លែង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រ មាណ ៥,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៤៧កន្លែង។
លើសពីនេះក្រុមប្រឹក្សាកម្ពុជាបង្ហាញថា ក្រុមហ៊ុនទី៣ឈ្មោះ “YONGRONG HANDBAGS COMPANY LIMITED.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្រងស្វាយ ឃុំស្វាយ អំពារ ស្រុកមុខកំពូល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៦៥កន្លែង។
ចំពោះក្រុមហ៊ុនទី៤ ឈ្មោះ “HUI RUI XIN HANDBAG (CAMBODIA) CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៦៤៤កន្លែងផងដែរ។