ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ នេះ បានបើកកិច្ចប្រជុំអនុម័តទទួលយកសេចក្តីព្រាងច្បាប់ ចំនួនពីរទៀត ដែលស្នើឡើងដោយរាជរដ្ឋាភិបាល ប្រគល់ជូនគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ពិនិត្យសិក្សា។
សេចក្តីព្រាងច្បាប់នោះ រួមមាន៖ សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ និងសេចក្តីព្រាងច្បាប់ ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨។
សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២០ ឬច្បាប់ថវិកាជាតិ ឆ្នាំ២០២០ ត្រូវបានគណៈរដ្ឋមន្ត្រី ប្រជុំពិនិត្យ និងអនុម័ត នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០១៩ មានគម្រោងចំណាយសរុបចំនួន ៣៣ ៣៣៩ ៦៣៣ លានរៀល ស្មើប្រមាណ ៨១៩៦ លានដុល្លារអាមេរិក។ ក្នុងនោះ មានក្រសួងចំនួន ៥ ដែលទទួលបានថវិកាចំណាយច្រើនជាងគេ នៅឆ្នាំ២០២០ ហើយក្រសួងអប់រំ យុវជន និងកីឡា ទទួលបានច្រើនជាងគេ រហូតដល់ជាង ៩០០ លានដុល្លារ។
ខ្លឹមសារសង្ខេប ស្តីពី សេចក្តីព្រាងច្បាប់ ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថូ បង្ហាញថា ថវិកាជាតិ ឆ្នាំ២០២០ ត្រូវបានរាជរដ្ឋាភិបាល បង្កើនការចំណាយអាទិភាពចាំបាច់ តាមវិស័យទាំង ៤ រួមមាន៖ វិស័យរដ្ឋបាលទូទៅ វិស័យការពារជាតិ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ វិស័យសង្គមកិច្ច និងវិស័យសេដ្ឋកិច្ច។ ក្នុងនោះ ក្រសួង ៥ ដែលទទួលបានការចំណាយច្រើនជាងគេ រួមមាន៖
១-ក្រសួងអប់រំ យុវជន និងកីឡា ចំនួន ៣ ៧៣៨ ១៣០ លានរៀល ស្មើប្រមាណ ៩១៩ លានដុល្លារ
២-ក្រសួងសាធារណការ និងដឹកជញ្ជូន ចំនួន ៣២១៨២៣២ លានរៀល ស្មើប្រមាណ ៧៩១ លានដុល្លារ
៣-ក្រសួងការពារជាតិ ចំណួន ២ ៥៣៦ ៧២៨ លានរៀល ស្មើប្រមាណ ៦២៣ លានដុល្លារ
៤-ក្រសួងសុខាភិបាល ចំនួន ២ ១០២ ៨៩៩ លានរៀល ស្មើប្រមាណ ៥១៧ លានដុល្លារ
៥-ក្រសួងមហាផ្ទៃ ចំនួន ២ ០៨៣ ១០៧ លានរៀល ស្មើប្រមាណ ៥១២ លានដុល្លារ
សេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០២០ ក៏បានបង្ហាញថា នៅឆ្នាំ២០២០ មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ នឹងបន្តឡើងប្រាក់ខែ ២ដង គឺនៅខែមករា និងខែមេសា។ ក្នុងនោះ គ្រូបង្រៀន និងគ្រូពេទ្យ ទទួលបានប្រាក់ខែច្រើនជាងគេ។ រាជរដ្ឋាភិបាលក៏បានកែសម្រួល មិនឲ្យប្រាក់ខែដែលដំឡើងថ្មី នៅឆ្នាំ២០២០ ជាប់ពន្ធឡើយ៕