ភ្នំពេញ៖ កម្ពុជាបានបង្កើតរោងចក្រ ផលិតចំណីអាហារ ក្រោមស្លាកសញ្ញា «មីជាតិ» ដោយក្រុមហ៊ុន One More Manufacturing Co. Ltd ដែលត្រូវបានផលិតដោយស្នាដៃកូនខ្មែរ រក្សានូវបែបរសជាតិខ្មែរ ជាមួយនឹងគុណភាព បច្ចេកវិទ្យាជប៉ុន ដោយប្រើប្រាស់គ្រឿងផ្សំក្នុងស្រុក និងបរទេស ដែលមានគុណភាព ។
ក្រុមហ៊ុន One More Manufacturing Co. Ltd ត្រូវបានបង្កើតឡើងសម្រាប់តម្រូវការ និងការពេញនិយមរបស់ប្រជាជនខ្មែរក្រោមការស្រាវជ្រាវយ៉ាងហ្មត់ចត់ ផ្ចិតផ្ចង់ និងសម្រិតសម្រាំងបំផុត ដើម្បីផ្តល់នូវផលិតផលមានគុណភាពខ្ពស់ អត្ថប្រយោជន៍ និងរសជាតិបែបខ្មែរ។
សមិទ្ធិផលថ្មីនេះ គឺជាមោទនភាពថ្មីរបស់កម្ពុជាក៏ដូចជាប្រជាជនខ្មែរ ក្នុងទឹកចិត្តខ្មែរតែមួយ ខ្មែរជួយខ្មែរ និងខ្មែរស្រលាញ់ខ្មែរ ។ ប្រជាជនខ្មែរទូទាំងប្រទេសនឹងទទួលស្គាល់ ហើយគាំទ្រនូវសមិទ្ធិផលថ្មីនេះ ដែលមានស្លាកសញ្ញា “មីជាតិ” តំណាងឲ្យផលិតផលជាតិ និងប្រជាជនខ្មែរ។
លោកស្រី ជឹង សុគន្ធាវី អគ្គនាយិកាក្រុមហ៊ុន One More Manufacturing Co. Ltd បានលើកឡើងថា រោងចក្រផលិត “មីជាតិ” ជាក្តីរីករាយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ទំទុកចិត្ត និងគាំទ្រលើដំណើរការនៃរោងចក្រផលិត “មីជាតិ” នេះឡើង។
លោកស្រី អគ្គនាយិកាបានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់ទាំងអស់ ចូលរួមគាំទ្រផលិតផលស្នាដៃខ្មែរ ដើម្បីចូលរួមចំណែកលើកកម្ពស់ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ក៏ដូចជាគាំទ្រផលិតផលក្នុងស្រុក។
សូមបញ្ជាក់ថា ពិធីសម្ភោធដាក់ឲ្យដំណើរការរោងចក្រផលិត “មីជាតិ” នេះ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០១៩ ក្រោមអធិបតីភាពលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា ផលិតផល “មីជាតិ” ថ្មីនេះ ពិតជាទទួលបានការគាំទ្រពីប្រជាជនកម្ពុជា ពីព្រោះអ្វីដែលលោកស្រី អគ្គនាយិការក្រុមហ៊ុន បានគូសបញ្ចាក់ មីជាតិ ត្រូវបានផលិតឡើងប្រកបដោយស្តង់ដារអន្តរជាតិខ្ពស់ ពោលគឺគុណភាពត្រូវបានឆ្លងកាត់ការសិក្សាស្រាវជ្រាវយ៉ាងល្អិតល្អិន ហើយរោងចក្របំពាក់ដោយម៉ាស៊ីន និងបច្ចេកវិទ្យាទំនើបរបស់ជប៉ុន។
លោកបញ្ជាក់ថា ការបង្កើតរោងចក្រ ផលិតផល “មីជាតិ” នេះ ជាគាំទ្រផលិតផលក្នុងស្រុកដើម្បីលើកកម្ពស់សហគ្រាសក្នុងស្រុករបស់យើង៕