ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សេដ្ឋកិច្ចឌីជីថលជាឃ្នាស់ថ្មី នៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា

 

ភ្នំពេញ៖  សេដ្ឋកិច្ចឌីជីថលនឹងក្លាយជាឃ្នាស់ថ្មី នៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើនសមត្ថភាពប្រកួតប្រជែង ផលិតភាព និងតម្លៃបន្ថែម ។

លោក វង្សី វិស្សុត  រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានលើកឡើងក្នុងកិច្ចប្រជុំពិគ្រោះយោបល់ក្រោមប្រធានបទ ការប្រមើលមើលពីការប្រែក្លាយសេដ្ឋកិច្ចនៅកម្ពុជា ក្របខណ្ឌយុទ្ធសាស្រ្តសម្រាប់សេដ្ឋកិច្ចឌីជីថលនៅកម្ពុជា សហការរៀបចំដោយស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា វិទ្យាស្ថាន ODI និង CDRI នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

លោកបញ្ជាក់ថា បច្ចុប្បន្នយើងកំពុងតែរស់នៅក្នុងយុគសម័យនៃបដិវត្តបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង ឬហៅថាបដិវត្តន៍ឧស្សាហកម្មទី៤ លើការអភិវឌ្ឍន៍ និងការរស់នៅរបស់មនុស្សជាតិក្នុងគ្រប់ទិដ្ឋភាព។

បដិវត្តន៍ឧស្សាហកម្មទី៤ នឹងផ្តល់នូវកាលានុវត្តន៍យ៉ាងច្រើន ដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដូចកម្ពុជា ក្នុងការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ធ្វើការពង្រួញផ្លូវ និងពន្លឿនការអភិវឌ្ឍប្រទេស ។ ការបង្តើនផលិតភាព ប្រសិទ្ធភាព និងភាពប្រកួតប្រជែង។ បដិវត្តន៍ឧស្សាហកម្មទី៤នេះ ក៏នឹងនាំមកនូវបញ្ហាប្រឈមថ្មីៗ បន្ថែមពីលើបញ្ហាប្រឈមនានាដែលមានស្រាប់ថែមទៀត។

លោក វង្សី វិស្សុត បានបញ្ជាក់ទៀតថា សេដ្ឋកិច្ចឌីជីថលនឹងក្លាយជាឃ្នាស់ថ្មី នៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើនសមត្ថភាពប្រកួតប្រជែង ផលិតភាព និងតម្លៃបន្ថែម ដូចមានចែងក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ។

ប៉ុន្តែក៏អាចមានបច្ច័យអវិជ្ជមានដល់ទីផ្សារការងារបច្ចុប្បន្នផងដែរ ដោយសារតែនវានុវត្តថ្មីៗអាចនឹងជំនួសឱ្យការងារដែលប្រើប្រាស់កម្លាំងពលកម្មរូបវ័ន្ត។  ដើម្បីធានាឱ្យកម្លាំងពលកម្មរបស់ខ្លួនអាចសម្របខ្លួន និងទទួលយកនូវការធ្វើឌីជីថលភាវូបនីយកម្មនេះ ឱ្យបានជាប្រព័ន្ធ និងប្រកបដោយភាពរស់រវើក ក៏ដូចជាការអប់រំផ្នែកទស្សនៈ និងផ្នត់គំនិត។  កម្ពុជាត្រូវតែផ្តល់ការបណ្តុះបណ្តាលនូវជំនាញពាក់ព័ន្ធសម្រាប់ថ្ងៃនេះ និងថ្ងៃអនាគត ជូនដល់កម្លាំងពលកម្ម នៅក្នុងវិស័យសំខាន់ៗ ដែលជាមូលដ្ឋានគ្រឹះនៃការផ្លាស់ប្តូរឆ្ពោះទៅរកការធ្វើឌីជីថលភាវូបនីយកម្ម៕