ភ្នំពេញ៖ តំណាងសហព័ន្ធសហភាពយុវជនរាជធានីភ្នំពេញ បានលើកឡើងថា ធនធានមនុស្សនៅកម្ពុជា នឹងដើរតួនាទីយ៉ាងសំខាន់ សម្រាប់ខ្លួនឯង និងសង្គម ជាពិសេសជួយឲ្យបានសម្រេចនូវចក្ខុវិស័យ ជាប្រទេសចំណូលមធ្យមកំរិតខ្ពស់ក្នុងឆ្នាំ ២០៣០ និងប្រទេសអភិវឌ្ឍន៍នៅឆ្នាំ ២០៥០ ។
លោកឃុត ចាន់ដារ៉ា អនុប្រធានសហព័ន្ធសហភាពយុវជនរាជធានីភ្នំពេញ បានលើកឡើងក្នុងសិក្ខាសាលា ស្តីពីវិធីសាស្រ្តជោគជ័យនៅក្នុងការសិក្សា និងក្លាយជាបុគ្គលឆ្នើម សម្រាប់សិស្សថ្នាក់ទី១២ ដែលរៀបចំឡើងដោយវិទ្យាស្ថាន ស៊ីអីអូ (CEO Master Club) នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
លោកបានបញ្ជាក់ថា ពាក់ព័ន្ធនឹងវិស័យអប់រំ រាជរដ្ឋាភិបាលបានខិតខំយកចិត្តទុកដាក់យ៉ាងខ្លាំង និងបានចំណាយថវិការរដ្ឋច្រើនជាងគេ នៅក្នុងរយៈពេលប៉ុន្មានឆ្នំានេះ ដើម្បីជរុញធនធានមនុស្ស នៅកម្ពុជាឲ្យបានកាន់តែប្រសើរ ទាំងផ្នែកចំណេះដឹង នឹងចំណោះធ្វើ ។
លោកឃុត ចាន់ដារ៉ា បន្តទៀតថា ធនធានមនុស្សនៅកម្ពុជា នឹងដើរតួនាទីយ៉ាងសំខាន់ សម្រាប់ខ្លួនឯង និងសង្គម ជាពិសេសជួយឲ្យបានសម្រេចនូវចក្ខុវិស័យ ជាប្រទេសចំណូលមធ្យមកំរិតខ្ពស់ក្នុងឆ្នាំ២០៣០ និងប្រទេសអភិវឌ្ឍន៍នៅឆ្នាំ ២០៥០ ព្រោះកម្ពុជាមានយុវជនស្ថិតនៅក្នុងវ័យសិក្សាមានចំនួនច្រើន អាចនឹងក្លាយជាធនធានមនុស្សមានសក្តានុពលគ្រប់បែបយ៉ាង ។
លោក អោម សេង បូរ៉ា ស្ថាបនិករបស់ CEO Master Club នៃវិទ្យាស្ថានស៊ីអ៊ីអូ បានលើកឡើងថា បើយើងទាំងអស់គ្នាចង់ឲ្យកម្ពុជាក្លាយជាប្រទេស មានបានឆាប់រហ័ស ការកសាងសមត្ថភាពលើផ្នែក ធនធានមនុស្ស គឺជារឿងចំបាច់សម្រាប់ខ្លួនឯង ព្រោះការរៀនសូត្រ គឺរៀនហើយរៀនទៀតរៀនមិនចេះចប់ ។
លោក សេងបូរ៉ា បានបន្តទៀតថា វិទ្យាស្ថានស៊ីអ៊ីអូ ចង់ឲ្យសិស្ស និស្សិត យល់ដឹងគ្រប់ជ្រុង គ្រប់កម្រិតដើម្បីក្លាយខ្លួនទៅជាអ្នកដឹកនាំធុរកិច្ចនៅក្នុងវិស័យឯកជន ក្លាយទៅជាសហគ្រិន ក្លាយទៅជាម្ចាស់ក្រុមហ៊ុន ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិយើងឲ្យបានកាន់តែច្រើន ក្នុងការជរុញបង្កើតសេវាផលិតកម្មថ្មីៗ តាមរយៈការបង្កើតការងារឲ្យប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយការចំណាកស្រុក និងដើម្បីបង្កើនជាជម្រកការងារសម្រាប់ប្រជាជនយើងផងដែរ ៕