ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកដ្ឋានកសិកម្មអំពាវនាវដល់ម្ចាស់ចំការស្វាយនៅកម្ពុជាចង់នាំចេញផ្លែស្វាយ សូមមកចុះបញ្ជីនៅ (Video inside)

ភ្នំពេញ៖ លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៥ ខែធ្នូនេះ បានអំពាវនាវដល់ម្ចាស់ចំការស្វាយទាំងអស់នៅកម្ពុជា ដែលមានបំណងចង់នាំចេញផ្លែស្វាយ ទៅកាន់ប្រទេសចិន និងប្រទេសផ្សេងៗទៀត សូមរួសរាន់ មកចុះបញ្ជី នៅអគ្គនាយកដ្ឋានកសិកម្ម ដើម្បីឲ្យមន្ត្រីជំនាញចុះទៅវាយតម្លៃ និងណែនាំពីលក្ខណៈបច្ចេកទេស ឲ្យស្របតា​មស្តង់ដារនាំចេញ។

ការអំពាវនាវនេះ ធ្វើឡើងក្នុងសន្និសីទព័ត៌មានស្តីពី «ប្រភេទពូជស្វាយ និងទីផ្សារអន្តរជាតិ» នៅទីស្តីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី០៥ ខែធ្នូនេះ។

លោកបញ្ជាក់ទៀតថា ទាំងអគ្គនាយកដ្ឋានកសិកម្ម និងក្រសួងកសិកម្ម ធ្លាប់បានចេញសេចក្តីជូនដំណឹងអំពាវនាវ ឲ្យម្ចាស់ចំការស្វាយ មកចុះបញ្ជីនៅអគ្គនាយកដ្ឋានកសិកម្មរួចមកហើយ ប៉ុន្តែចំនួនអ្នកមកចុះបញ្ជីនៅមានតិចតួច មានប្រហែលជា២ ឬ៣កសិដ្ឋានប៉ុណ្ណោះ ដូច្នេះហើយអាចនឹងជួបការលំបាកពេល ដែលចង់នាំចេញទៅប្រទេសចិន ឬប្រទេសផ្សេងៗ ដូចករណីរោងម៉ាស៊ីនកិនស្រូវ ដែលត្រូវនាំចេញអង្ករទៅប្រទេសចិនកាលពីពេលមុនផងដែរ។

លោក ងិន ឆាយ បានផ្តាំផ្ញើទៅដល់អ្នកដាំស្វាយ និងប្រជាកសិករទាំងអស់ សូមមេត្តាសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម ក៏ដូចជាមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទគ្រប់ខេត្ត ដើម្បីអនុវត្តន៍នូវវិធានបច្ចេកទេសឲ្យបានម៉ឺងម៉ាត់ បើមិនដូច្នេះទេ ចំការស្វាយរបស់ប្រជាកសិករមិនអាចចុះបញ្ជីនាំចេញទៅកាន់ប្រទេសចិន និងប្រទេសផ្សេងៗទៀតបាននោះទេ។

លោកថ្លែងថា«សូមបងប្អូនអ្នកដាំស្វាយទាំងអស់យល់ ប្រសិនបើមិនបានមកចុះបញ្ជីទេ មិនអាចនាំចេញបានទេ។ ប្រសិនបើការដាំដុះរបស់បងប្អូនមិនត្រូវតាមវិធានបច្ចេកទេស និងវិធានភូតគាមអនាម័យទេ មិនអាចនាំចេញបានទេ។ ខ្ញុំមិនចាប់បង្ខំទេ អាស្រ័យទៅលើការសម្រេចចិត្តរបស់បងប្អូន បើបងប្អូនចង់នាំចេញទៅកាន់ប្រទេសចិន ត្រូវតែគោរពលក្ខខណ្ឌប្រទេសចិន ទើបនាំចេញបាន»។

មន្ត្រីជាន់ខ្ពស់រូបនេះ បានបញ្ជាក់ថា សម្រាប់ទីផ្សារនាំចេញផ្លែស្វាយទៅកាន់ប្រទេសកូរ៉េខាងត្បូង គឺកម្ពុជាបានចរចាចប់សព្វគ្រប់អស់ហើយ ដែលអាចឲ្យកម្ពុជានាំចេញបានហើយចាប់ពីពេលនេះតទៅ ខណៈប្រទេសចិនរំពឹងថា នាំចេញបាននៅក្នុងខែមេសា ឆ្នាំ២០២០ខាងមុខនេះ ដែលការចរចាកំពុងដំណើរការ ឈានដល់ការបញ្ចប់នៅពេលខាងមុខ។

ជាមួយគ្នានេះ លោក ងិន ឆាយ បានអំពាវនាវដល់វិស័យឯកជន និងដៃគូអភិវឌ្ឍន៍សូមចូលរួម ក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធកែច្នៃ និងសម្លាប់មេរោគសម្រាប់ផ្លៃស្វាយ ដើម្បីអាចឲ្យកម្ពុជា សម្រេចបានគោលដៅនាំចេញផ្លែស្វាយ ក្នុងបរិមាណយ៉ាងតិចពី៥០-៦០ម៉ឺនតោន នៅឆ្នាំ២០២៣។
បច្ចុប្បន្នផ្លែស្វាយរបស់កម្ពុជាកំពុងនាំចេញទៅប្រទេសវៀតណាម ថៃ សិង្ហបុរី បារាំង និងរុស្ស៉ី ។ ក្នុងរយៈពេល១១ខែឆ្នាំ២០១៩នេះ កម្ពុជានាំចេញផ្លែស្វាយបានជិត៥ម៉ឺនតោន៕