ប្រព័ន្ធផ្សព្វផ្សាយ CNN បានចុះផ្សាយថា រដ្ឋាភិបាលរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសម្រេចដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីលើប្រទេសអ៊ីរ៉ង់ រូមទាំងមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ចំនួន ០៨ នាក់ថែមទៀត កាលពីថ្ងៃសុក្រ ទី១០ ខែមករាឆ្នាំ២០២០នេះ ដែលជាការសងសឹកលើអ៊ីរ៉ង់វិញចំពោះការបាញ់មីស៊ីលបាលីស្ទិកជាង១០គ្រាប់លើមូលដ្ឋានយោធាអាមេរិកចំនួនពីរកន្លែងនៅប្រទេសអ៊ីរ៉ាក់នៅសប្តាហ៍នេះ។
រដ្ឋមន្ត្រីក្រសួងរតនាគាររបស់សហរដ្ឋអាមេរិក លោក ស្តេវិន អិមនូហ្សិន (Steven Mnuchin) បានថ្លែងថា ទណ្ឌកម្មថ្មីនេះត្រូវបានដាក់សំដៅលើសំណង់ ផលិតកម្ម វាយនភ័ណ្ឌ រ៉ែ និងដែកថែប ដែលអ៊ីរ៉ង់នឹងទទួលរងផលប៉ះពាល់លើវិស័យទាំងនេះនៅពេលខាងមុខ រួមមន្ត្រីកំពូលចំនួន៨នាក់ ដែលមន្ត្រីខ្លះជាប់ទណ្ឌកម្មស្រាប់ហើយ ។
ប្រធានាធិបតីរបស់ប្រទេសអ៊ីរ៉ង់ លោក ហាសាន រ៉ូហានី (Hassan Rouhani) បាននិយាយថា អ៊ីរ៉ង់បានបាត់បង់ទឹកប្រាក់ប្រមាណជាង១០០ពាន់លានដុល្លារអាមេរិកក្នុងមួយខែ ដោយសារតែទណ្ឌកម្មជាច្រើនលើកពីអាមេរិកលើអ៊ីរ៉ង់ ដែលកាលពីឆ្នាំ២០១៩កំណើនសេដ្ឋកិច្ចអ៊ីរ៉ង់ធ្លាក់ចុះលើ១០%រួចជាស្រេចទៅហើយ ។
កម្តៅនៃភាពតានតឹងរវាងប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានកើនឡើងខ្លាំងចាប់តាំងពីខែធ្នូ ចុងឆ្នាំ២០១៩កន្លងទៅ ហើយចុងក្រោយនេះដែលភាពតានតឹងក្តៅខ្លាំងគឺដោយសារអាមេរិកបានសម្លាប់មេទ័ពអ៊ីរ៉ង់ កាលពីថ្ងៃសុក្រ ទី០៣ ខែមករា ឆ្នាំ២០២០នេះ ហើយអ៊ីរ៉ង់បានសងសឹកអាមេរិកវិញដោយបាញ់មីស៊ីលចូលមូលដ្ឋានយោធាអាមេរិកពីរកន្លែងនៅអ៊ីរ៉ាក់ កាលពីថ្ងៃព្រហស្បតិ៍ ទី០៩ ខែឆ្នាំដដែលនេះ ៕