ភាគីជម្លោះនៅប្រទេសលីប៊ី គឺរដ្ឋាភិបាលគាំទ្រដោយអង្គការសហប្រជាជាតិ GNA និងកងទ័ពជាតិលីប៊ី LNA បានចេញសេចក្តីប្រកាសរួមមួយកាលពីថ្ងៃអាទិត្យ ទី១២ ខែមករានេះ ក្នុងការអនុវត្តបទឈប់បាញ់ថ្មីមួយ ដែលភាគីជម្លោះទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍មុន ដែលនោះបើតាមការចុះផ្សាយរបស់ The Guardian ។
បទឈប់បាញ់ថ្មីនៅប្រទេសលីប៊ីនេះ ត្រូវបានបង្កើតឡើងក្រោយពីប្រទេសរុស្ស៊ី និងទួរគី បានធ្វើជាអន្តរការីក្នុងការបន្ធូរបន្ថយភាពតានតឹង និងការប៉ះប្រយុទ្ធគ្នារវាងភាគីទាំងពីរ ដែលបានអូសបន្លាយចាប់តាំងពីឆ្នាំ២០១១កន្លងមក ។
សូមបញ្ជាក់ជូនថា សង្គ្រាមស៊ីវិលនៅប្រទេសលីប៊ី បានឆាបឆេះឡើងក្រោយពីកងទ័ពសម្ព័ន្ធមិត្តលោកខាងលិច មានអាមេរិក បារាំង និងអង់គ្លេសជាដើម បានវាយប្រហារផ្តួលរំលំរដ្ឋាភិបាលរបស់អតីតប្រធានាធិបតីលីប៊ី លោក មូអាម៉ា ហ្កដាហ្វ៊ី កាលពីឆ្នាំ២០១១កន្លងទៅ ដោយរុញច្រានប្រទេសនេះអោយធ្លាក់ចូលក្នុងភ្លើងសង្គ្រាមស៊ីវិល ដោយបែងចែកប្រទេសនេះទៅជាពីរផ្នែក និងប្រយុទ្ធគ្នាជាបន្តបន្ទាប់ ៕