លោក តារីក ចេសារ៉េវិក (Tarik Jesarevic) អ្នកនាំពាក្យអង្គការសុខភាពពិភព លោក WHO បានប្រកាសកាលពីថ្ងៃចន្ទ ទី១៣ ខែមករានេះថា ក្រុមអាជ្ញាធរក្រសួងសុខាភិបាលរបស់ប្រទេសថៃ បានរកឃើញមេរោគរលាកផ្លូវដង្ហើមប្រភេទថ្មី (Coronavirus) នៅក្នុងខ្លួនស្ត្រីជនជាតិចិនម្នាក់ ដែលបាននធ្វើដំណើរមកពីទីក្រុងវូហាន ភាគកណ្តាលនៃប្រទេសចិន ទៅកាន់ប្រទេសថៃ ។ នេះបើតាមការផ្សព្វផ្សាយរបស់ CNN ។
លោក តារីក ចេសារ៉េវិក បាននិយាយថា ក្រុមគ្រូពេទ្យជំនាញថៃ បានយកអ្នកជម្ងឺដែលផ្ទុកវីរុសរលាកផ្លូវដង្ហើមថ្មីនេះទៅសម្រាកនៅបន្ទប់ពិសេសមួយក្នុងមន្ទីរពេទ្យដោយមិនឲ្យប៉ះពាល់ដល់អ្នកជម្ងឺដ៏ទៃទៀត និងផ្តល់សេវាកម្មព្យាបាលយ៉ាងយកចិត្តទុកដាក់ ។
សូមបញ្ជាក់ជូនថា វីរុសរលាកផ្លូវដង្ហើមប្រភេទថ្មី (Coronavirus) គឺជាមេរោគបង្កឲ្យខូចប្រព័ន្ធផ្លូវដង្ហើម ដែលអ្នកឆ្លងវីរុសនេះ មានអាការៈក្តៅខ្លួនបែបផ្តាសាយ ធម្មតាៗ តែមានអាការៈធ្ងន់ធ្ងរជាលំដាប់ និងអាចបាត់បង់ជីវិតក្នុងអត្រាភាគ រយខ្ពស់ ដោយសារមិនមានថ្នាំព្យាបាល និងគ្មានវ៉ាក់សាំងចាក់ការពារទេ ៕