ប្រព័ន្ធផ្សព្វផ្សាយ AP បានចុះផ្សាយនៅថ្ងៃពុធ ទី២៩ ខែមករានេះថា ការប្រកបមុខរបរលក់ម៉ាស់ពាក់មុខនៅប្រទេសជប៉ុន កំពុងទទួលបានប្រាក់ចំណូលច្រើន ខណៈដែលអតិថិជនកាន់តែច្រើនបាននាំគ្នាទិញម៉ាស់ពាក់មុខការពារការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើមកូរ៉ូណា ។
នៅសង្កាត់ផ្សារទំនើប ជីនហ្សា (Ginza)ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន អ្នកស្រុកក៏ដូចជាភ្ញៀវទេសចរទូទៅ បានទិញម៉ាស់នៅគ្រប់ទីកន្លែងដែលពួកគេអាចរកបាន សូម្បីតែបុគ្គលិកផ្នែកលក់នៅតាមហាងនានា ក៏ពាក់ម៉ាស់ដែរ។
អ្នកស្រី ម៉ាស៊ូមិ ស៊ូជីដា (Masumi Tsuchida) បាននិយាយថាអ្នកស្រីបានចាប់ផ្តើមពាក់ម៉ាស់នៅសណ្ឋាគារជាទីដែលអ្នកស្រីធ្វើការ ព្រោះភ្ញៀវទេសចរចិនជាច្រើនស្នាក់នៅទីនោះ ។
តម្រូវការម៉ាស់ពាក់មុខ មិនមែនកើនឡើងតែនៅប្រទេសជប៉ុននោះទេ សូម្បីតែនៅក្នុងប្រទេសផ្សេងទៀត ជាពិសេសគឺប្រទេសដែលមានវត្តមានវីរុសកូរ៉ូណា ក៏មានតម្រូវការម៉ាស់ខ្ពស់ដែរ ក្រោយពីក្រុមអាជ្ញាធរសុខភាពរបស់ប្រទេសចិន បានប្រកាសជាផ្លូវការពីការផ្ទុះឡើងនៃវីរុសផ្លូវដង្ហើមកូរ៉ូណា ចាប់តាំងពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩កន្លងមក ។
ខណៈដែលតម្រូវការម៉ាស់ពាក់មុខបានកើនឡើងខ្លាំងប្រទេសមួយចំនួនដែលមានវត្តមានវីរុសផ្លូវដង្ហើមកូរ៉ូណា មានប្រទេសចិ ន និងជប៉ុនជាដើម បានត្អូញត្អែពីកង្វះខាតម៉ាស់នៅលើទីផ្សារក្នុងការផ្គត់ផ្គង់តម្រូវការរបស់អតិថិជនរបស់ខ្លួន ៕