ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ប៉ាន សូរស័ក្តិ ប្រជុំពិភាក្សានិងអនុម័តលើសេចក្ដីព្រាងយុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងយុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។
កិច្ចប្រជុំចូលរួមដោយ លោក តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី លោកបណ្ឌិត Ratnakar Adhikari នាយកប្រតិបត្តិនៃស្ថាប័នក្របខណ្ឌពង្រឹងសមាហរណកម្ម (EIF) និងក្រសួងពាក់ព័ន្ធនានា ផងដែរ។
ការវិវដ្តដ៏លឿននៃបច្ចេកវិទ្យា និងនវានុវត្ដន៍ឌីជីថល បានបង្កើតឡើងនូវកាលានុវត្តភាព ក៏ដូចជាការប្រឈមជាច្រើន ដែលទាមទាឱ្យមានការគិតគូច្បាស់លាស់ លើការប្រតិ​បត្តិ​ការងារនានា ដែលពឹងផ្អែកបច្ចេកវិទ្យាជាមធ្យោបាយ។
ការងារទាំងនេះ ត្រូវបានរំលេចយ៉ាងច្បាស់លាស់ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលអាណត្តិទី៦ ត្រង់មុំទី៣ ព្រមទាំងនៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ដែលតម្រូវឱ្យរដ្ឋាភិបាលមានការពិនិត្យ និងត្រៀមខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងឆ្លើយតបនឹងបដិវត្តន៍ឧស្សា​ហកម្មទី៤។
ក្រសួងពាណិជ្ជកម្មបានរៀបចំយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីជាផែនទីបង្ហាញផ្លូវមួយច្បាស់លាស់ដល់ការអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិច​ត្រូនិកនៅកម្ពុជា។
លើសពីនោះទៀត យុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក៏ឆ្លើយតបទៅនឹងតម្រូវការរបស់វិស័យឯកជន ដែលត្រូវការឯកសារមួយសម្រាប់បញ្ជាក់ជូនអំពីចក្ខុវិស័យ និងគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យនេះ។
ការរៀបចំយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅវេលានេះ ជាការមួយដ៏ត្រឹមត្រូវ គាប់ជួនជាមួយនឹងការអនុម័តច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលបានព្រះមហាក្សត្រជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ឡាយព្រះហស្ថលេខាប្រកាសឱ្យប្រើប្រាស់ក្រោមព្រះរាជក្រមលេខ នស/រកម/១១១៩/០១៧ ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោករដ្ឋមន្ត្រីបានលើកឡើងថា ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក៏ជាប្រធានបទមួយដ៏សំខាន់នៅក្នុងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មនានា ក្នុងក្របខណ្ឌតំបន់ និងពិភពលោក។

 
ជាក់ស្ដែងកម្ពុជាបានចុះហត្ថលេខា និងអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងអាស៊ាន ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលជាផ្នែកមួយដ៏សំខាន់នៃក្របខណ្ឌច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត និងកិច្ចសម្រួលកំណើនពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅក្នុងតំបន់អាស៊ាន។
ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក៏ជាផ្នែកមួយនៃកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ហើយក៏មានការចរចាយ៉ាងផុសផុលផងដែរ នៅអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីចងក្រងជាកិច្ចព្រមព្រៀងក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោកផងដែរ។
លោករដ្ឋមន្រ្តីថា«ការរៀបចំយុទ្ធសាស្ត្ររបស់យើងនាពេលនេះ ពិតជាស័ក្តិសមណាស់ក្នុងបរិបទបច្ចេកវិទ្យាទំនើប ការវិវត្តនៃប្រទេស និងស្របទៅនឹងនិន្នាការតំបន់ និងពិភពលោក។ ការប្រែក្លាយនៃរបត់ពាណិជ្ជកម្មបែបប្រពៃណី មកជាការធ្វើពាណិជ្ជកម្មទំនើបតាមបច្ចេកវិទ្យា នឹងនាំមកនូវកាលានុវត្តភាព និងភាពប្រឈមព្រមៗគ្នាក្នុងពេលតែមួយ។
កម្ពុជានាពេលបច្ចុប្បន្នក៏កំពុងតែចូលរួមយ៉ាងសកម្មផងដែរនៅក្នុងវិស័យ E-Commerce ដោយជាក់ស្ដែងមិនតិចជាងក្រុមហ៊ុនចំនួន ៣០ ដែលកំពុងតែធ្វើអាជីវកម្មក្នុងវិស័យ E-Commerce ដូចជាការងារដឹកជញ្ជូនមនុស្ស កក់សំបុត្ររថយន្ត ដឹកជញ្ជូនទំនិញ និងចំណីអាហារ ទីផ្សារអនឡាញ អចលនទ្រព្យ។
លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា ការរីកដុះដាលនៃក្រុមហ៊ុនថ្មីៗទាំងនេះ ក៏ជួនពេលជាមួយនឹងការចាប់ផ្ដើមប្រើប្រាស់ការបង់ប្រាក់តាមអេឡិចត្រូនិកយ៉ាងទូលំទូលាយ ហើយមួយវិញទៀត ការប្រើប្រាស់បណ្ដាញសង្គមក្នុងការលក់ដូរទំនិញ និងសេវាកម្ម ក៏ជាការធ្វើអាជីវកម្មមួយដែលមានភាពប្រជាប្រិយ ហើយជាទូទៅការធ្វើអាជីវកម្មបែបនេះ ជាចំណុចចាប់ផ្ដើមសម្រាប់ក្រុមហ៊ុនឈានជើងចូលទៅការធ្វើពាណិជ្ជកម្មតាម E-Commerce ផងដែរ។»
លោកបន្តទៀតថា យុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះ មិនមែនសម្រាប់តែក្រសួងពាណិជ្ជកម្មតែម្នាក់ឯងនោះទេ ប៉ុន្តែជាយុទ្ធសាស្ត្ររួមដែលទាមទារឱ្យ ក្រសួង-ស្ថាប័នទាំងអស់ទាក់ទងនឹងវិស័យពាណិជ្ជកម្ម សហការគ្នាដើម្បីអនុវត្ត ក្នុងគោលបំណងជំរុញគោលនយោបាយអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្នុងបរិបទបច្ចុប្បន្ន និងអនាគត ដើម្បីជាឧត្តមប្រយោជន៍រួមសម្រាប់កម្ពុជាទាំងមូល។