(ភ្នំពេញ)៖ របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា អ្នកវិទ្យាសាស្រ្ត ដែលបានចំណាយពេលសិក្សាទៅលើពពួកសត្វល្អិតនៅក្នុងត្រពាំង ឬស្រះមួយចំនួននៅកម្ពុជា បានផ្តល់អនុសាសន៍ឲ្យកម្ពុជា ប្រឹងប្រែងស្តារឡើងវិញនូវគុណភាពទឹក ដែលរងការបំពុលខ្លាំង ដើម្បីកែលម្អគុណភាពទឹកឡើវិញ។
អ្នកវិទ្យាសសស្រ្ដរូបនេះ បានលើកឡើង កាលពីថ្ងៃ០៧ ឧសភា ឆ្នាំ២០២០ថា «យើងសូមផ្តល់ជាអនុសាសន៍ថា មន្ដ្រីនៅមូលដ្ឋាន ត្រូវបន្ដកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ នូវគុណភាពទឹកនៃត្រពាំង ឬស្រះ ដែលរងការបំពុលបរិស្ថានខ្លាំង គួរតែត្រូវបានធ្វើឡើង ដើម្បីធ្វើឲ្យជីវិតក្នុងទឹកត្រពាំង ឬស្រះមានភាពសម្បូរបែបឡើងវិញ»។
អនុសាសន៍ទាំងនេះបានត្រូវធ្វើឡើង ដោយយោងទៅតាមការសិក្សាស្រាវជ្រាវមួយ ទៅលើសត្វល្អិតទឹក ដែលជាសូចនាករជីវសាស្រ្តគុណភាពទឹកក្នុងប្រព័ន្ធទឹកធម្មជាតិ និងពាក់កណ្តាលធម្មជាតិ នៅកម្ពុជា និងទំនាក់ទំនងរបស់ពួកវាទៅនឹងគុណភាពទឹកនៅក្នុងត្រពាំង ឬស្រះទឹកចំនួន០៥ នៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញរបស់ប្រទេសកម្ពុជា ។
តាមរយៈការសិក្សានេះ គេបានកត់ត្រា និងកំណត់អត្តសញ្ញាណ សត្វល្អិតទឹកសរុបចំនួន៧ ៣៥០ក្បាល ស្ថិតនៅក្នុង២៣អម្បូរ និង៦លំដាប់ ដែលនៅក្នុងនោះ លំដាប់ Hemiptera (ភាគច្រើនជាអម្បូរ Micronectidae ) គឺមានវត្តមានលើសលប់ក្នុងសំណាកទាំងអស់ ចំណែកឯអម្បូរ Ephemer optea និង Lepidoptera គឺមានវត្តមានតិចតួចជាងគេ។
លោកបានបន្តថា ចំនួនប្រភេទ និងចំនួនឯកត្តៈរបស់សត្វល្អិតទឹក ត្រូវបានរកឃើញច្រើនជាងគេ នៅក្នុងត្រពាំង ឬស្រះទឹក០២ ដែលមានទីតាំងនៅភាគអគ្នេយ៍នៃសាកលវិទ្យាល័យ។ កត្តានេះ អាចមកពីត្រពាំងទាំងពីរនោះមានគុណភាពទឹកល្អ និងមានរុក្ខជាតិទឹកច្រើន។ ចំណែកត្រពាំងទឹក ដែលមិនបានទ្រទ្រង់ជីវិតសត្វល្អិតច្រើននោះ មានរងនូវការបំពុលទឹក ព្រមទាំងសម្បូរទៅដោយពពួកសត្វល្អិតក្នុងអម្បូរ Micronectidae និង Chironomidae ដែលជាពពួកសត្វល្អិតធន់នឹងការបំពុល៕