ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ថ្ងៃទី៤ ខែមិថុនាឆ្នាំ១៩៤៩!ទឹកដីកម្ពុជាក្រោមត្រូវបាត់បង់ ក្រោយព្រះមហាក្សត្រខ្មែរសម្តេចព្រះ​នរោត្តមសីហនុតវ៉ា…

ស្រាវជ្រាវដោយ ឈឹម សេរីភួន៖
រហូតដល់ដើមឆ្នាំ១៩៤៨ ដោយសារមិនអាចរកវិធីដោះស្រាយបញ្ហាវៀតណាមបាន លោកបូឡា អេត ក៏បានសម្រេចចិត្តលាឈប់ពីតំណែងស្នងការជាន់ខ្ពស់បារាំងប្រចាំឥណ្ឌូចិន ហើយលោកឡេអុង ពីញ៉ុង (Leon Pignong) ជាអតីតទីប្រឹក្សារបស់ឧត្តមសេនីយ៍អាហ្សង់ លីយើ (Argenlieu) ត្រូវបានទទួលតំណែងនេះជំនួសវិញ។
លោកឡេអុង ពីញ៉ុង (Leon Pignong) នេះហើយ ដែលបានអមព្រះរាជដំណើរព្រះមហាក្សត្រនរោត្តម សីហនុ ទៅទីក្រុងប៉ារីសនៅឆ្នាំ១៩៤៧ និងជាអ្នកស្ដីបន្ទោសឱ្យពួកនិស្សិតឆ្វេងនិយម ជួន មុំ , ជួន ប្រសិទ្ធ និងអៀ ស៊ីចូវ ដែលបាននាំគ្នាមកចោទប្រកាន់ព្រះអង្គថា បានប្រព្រឹត្តអំពើ​ស្នហាផ្ដេសផ្ដាសជាមួយស្រីមេម៉ាយកូនមួយបារាំងម្នាក់ តាមការចុះផ្សាយរបស់កាសែតហ្វ្រង់ស័រ ដែលមានចំណងជើងថា ព្រះមហាក្សត្រខ្មែរនឹង​រៀបការជាមួយនារីគង្វាលជាបារាំងម្នាក់នោះ ក្រោយពីឡើងកាន់តំណែងជាស្នងការជាន់ខ្ពស់បារាំងប្រចាំឥណ្ឌូចិនមក លោកក៏បានឲ្យយន្តហោះម៉ាស៊ីន២ ម៉ាកដាកូតាដ១គ្រឿងមកដឹកព្រះមហាក្សត្រសីហនុ និងរាជវង្សមួយចំនួន ដើម្បីយាងទៅប្រទេសបារាំងក្នុងឆ្នាំ១៩៤៩ នោះដែរ។

ប៉ុន្តែលោកឡេអុង ពីញ៉ុង (Leon Pignong) នេះ នៅតែបន្តការគាំទ្រព្រះចៅបៅដាយ និងរដ្ឋាភិបាលរួបរួមរបស់ហូ ជីមិញ និងអ្នកជាតិនិយ​ម​វៀតណាម ដដែល ខណៈដែលមតិអន្តរជាតិភាគច្រើនពិសេសហរដ្ឋអាមេរិក អង់គ្លេស នៅតែគាំទ្រពួកវៀតមិញថាការតស៊ូធ្វើសង្គ្រាមរបស់ពួក​វៀតមិញនេះគឺដើម្បីរំដោះជាតិរបស់ខ្លួនចេញពីពួកអាណានិគមបារាំងប៉ុណ្ណោះ ពុំមែនធ្វើសង្គ្រាមដើម្បីពង្រីកទឹកដី ឬដើម្បីលទ្ធិកុម្មុយនិសនោះទេ។
នៅថ្ងៃទី២០ ខែមករា ឆ្នាំ១៩៤៨ ព្រះមហាក្សត្រនរោត្តម សីហនុ បានផ្ញើព្រះរាជសារមួយជូនលោកឡេអុង ពីញ៉ុង (Leon Pignong) ស្នងការជាន់ខ្ពស់បារាំងប្រចាំឥណ្ឌូចិនមានខ្លឹមសារថា៖លោកស្នងការជាន់ខ្ពស់! ខ្ញុំមានកិត្តិយសផ្ញើជូនលោកនូវព្រះរាជាសារនេះដើម្បីសម្ដែងបំណងដែលស្ថិតនៅក្នុងហឫទ័យរបស់ខ្ញុំជានិច្ច ហើយស្នើសុំឲ្យលោកជួយបំពេញបំណងនេះឱ្យបានសម្រេចផង។
ខ្ញុំជឿថា ខ្ញុំមានការខ្វះខាតចំពោះករណីយកិច្ចរបស់ខ្ញុំក្នុងការការពារទឹកដីដែលខ្ញុំត្រូវធ្វើចំពោះប្រជារាស្រ្តខ្ញុំ។ ប្រសិនបើខ្ញុំនៅតែមិនអាចធ្វើចំពោះព្រឹត្តិការណ៍ទាំងឡាយដែលបានប្រព្រឹត្តទៅនៅក្នុងរដ្ឋជិតខាងនៅក្នុងពេលបច្ចុប្បន្ននេះ និងជាពិសេសនៅកូសាំងស៊ីន (កម្ពុជាក្រោម) ជាព្រឹត្តិការណ៍ដែលប្រជារាស្រ្តកម្ពុជាមួយភាគធំបានរស់នៅតាំងពីយូរយារណាស់មកហើយនោះ វាអាចនឹងមានផលអាក្រក់ មិនអាចចៀសវាងបានទៅលើវាសនាអនាគតរបស់ប្រជារាស្រ្តខ្មែរនៅទីនោះ។
ដោយដឹងថា រហូតមកដល់សព្វថ្ងៃនេះ តើអ្វីទៅជាផលលំបាកនៃនយោបាយដែលនឹងកើតមាននៅក្នុងប្រទេសជិតខាងនេះ ចាប់ពីពេលនេះទៅខ្ញុំយល់ឃើញថាខ្ញុំ ត្រូវតែធ្វើលក្ខខណ្ឌស្ដីពីការវិវត្តនយោបាយនៅតាមបណ្ដាខេត្តទាំងឡាយនៅកូសាំងស៊ីន ដែលមានប្រជាជនខ្មែរដ៏ច្រើនលើស​លប់​នោះ ឬយ៉ាងហោចណាស់ក៏មានបំណងចង់ដឹងនូវអ្វីៗដែលនឹងត្រូវមកដល់នោះដែរ។
ព្រះមហាក្សត្រនរោត្តម សីហនុ បានបន្តក្នុងព្រះរាជសារនោះថា៖ ប្រជារាស្រ្តខ្មែរនៅកូសាំងស៊ីនបានប្រមូលគ្នាការពារផលប្រយោជន៍របស់ខ្លួននៅក្នុងក្របខ័ណ្ឌរដ្ឋាភិបាលកូសាំងស៊ីន ។ ពួកគេបានបំពេញនូវភាពត្រឹមត្រូវតាមច្បាប់ ទៅនិងបំណងប្រាថ្នារបស់ពួកគេ។ ចំពោះរឿងហេតុបែបនេះ ខ្ញុំធ្លាប់គិតថា មិនត្រូវធ្វើអន្តរាគមន៍ក្នុងរឿងនេះទេ គឺទុកឲ្យប្រទេសបារាំង បន្តតួនាទីរបស់ខ្លួនជាអ្នកអាណាព្យាបាលចុះ ហើយកាលនោះគេមានជំនឿថា បើសិនជាខ្ញុំធ្វើអន្តរាគមន៍ នឹងធ្វើឲ្យជម្លោះនេះកាន់តែទុក្ខព្រួយថែមទៀត។ ប៉ុន្តែមិនមានន័យថា ខ្ញុំបោះបង់ចោលបញ្ហានេះទេ។
នៅក្នុងព្រឹត្តិការណ៍ប្រកបដោយសោកនាដកម្មនៅក្នុងអំឡុងខែមីនា ឆ្នាំ១៩៤៥ និងនៅក្នុងពេលដែលប្រទេសបារាំង លែងមានសិទ្ធិត្រួតត្រាកម្ពុជា មួយរយៈនោះ ខ្ញុំមានឱកាសដើម្បីប្រកាសថាសូមឲ្យប្រទេសបារាំង ជាមិត្តបញ្ឈប់ការត្រួតតាទាំងស្រុង និងផ្ដល់សិទ្ធិដល់ពិសិដ្ឋដល់ព្រះ​រាជាណាចក្រកម្ពុជានិងប្រជារាស្រ្តខ្មែរនៅបណ្ដាខេត្តទាំងឡាយនៅកូសាំងស៊ីន។
ព្រះមហាក្សត្រនរោត្តម សីហនុ បានបន្តក្នុងព្រះរាជសារនោះទៀតថា៖ យោងតាមច្បាប់ព្រហ្មទណ្ឌ និងច្បាប់រដ្ឋប្បវេណីនិ ងជាពិសេសក្នុងមាត្រា១ នៃសេចក្ដីប្រកាសចុះថ្ងៃទី៥ ខែមិថុនាឆ្នាំ១៩៣៤ ស្ដីពីសញ្ជាតិខ្មែរ ព្រះមហាក្សត្រមុនៗដែលជាទីគោរពរបស់ខ្ញុំ បានសម្ដែងនូវសេចក្ដីស្នេហាដ៏ជ្រាលជ្រៅចំពោះប្រទេសបារាំង និងជឿជាក់ថាប្រជាជាតិដ៏ធំមួយនេះ មិនរំលោភបំពាននូវបុព្វសិទ្ធិណាមួយរបស់កម្ពុជា យើងឡើយ ។

ខ្ញុំបានដឹងថា បើប្រជារាស្រ្តរបស់ខ្ញុំស្ថិតនៅដាច់ចេញពីទឹកដីកំណើតនោះ ក៏ពួកគេមិនសប្បាយចិត្តក្នុងការរស់នៅក្រោមអាណាព្យាបាល និងក្រោមការឧបត្ថម្ភគាំទ្ររបស់បារាំង បានដែរ។
នៅទីបញ្ចប់នេះ ខ្ញុំសូមលោកស្នងការជាន់ខ្ពស់នៃសាធារណរដ្ឋបារាំងជាទីគោរព មេត្តាពិនិត្យពិចារណាចំពោះលិខិតនេះដែលមិនមែនជាការអំពាវនាវដោយឥតន័យនោះទេ ប៉ុន្តែគឺក្នុងបំណងដ៏ក្លៀវក្លា និងស្រួចស្រាវបំផុត ដើម្បីការពារផលប្រយោជន៍នៃប្រជារាស្រ្តខ្ញុំទាំងនៅកម្ពុជា និងទាំងនៅកូសាំងស៊ីន។

ទោះបីមានការតវ៉ារបស់ព្រះមហាក្សត្រនរោត្តម សីហនុ ដូចក្នុងព្រះរាជសារខាងលើនេះយ៉ាងក៏ដោយ ក៏នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩៤៩ បារាំងបានចុះហត្ថលេខាស្ងាត់ៗ ជាមួយព្រះចៅបាវដាយ សម្រេចប្រគល់ទឹកដីកូសាំងស៊ីន(កម្ពុជាក្រោម) ទៅឲ្យវៀតណាម ដោយមិនគិតថាទឹកដីនោះជាទឹកដីរបស់ខ្មែរតាំងពីយូរលង់មកហើយ និងដោយគ្មានពិភាក្សាសួរយោបល់របស់ព្រះមហាក្សត្រខ្មែរបន្តិចឡើយ។
នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ វៀតណាមបានប្រកាសជាផ្លូវការថាទឹកដីកូសាំងស៊ីនជាទឹកដីរបស់ខ្លួនចាប់ពីពេលនោះមក៕