លោក ថង សាម៉ុន អនុប្រធាននាយកដ្ឋានទីផ្សារកម្ពុជានៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបាននិយាយថា ការទាក់ទាញអ្នកវិនិយោគច្រើនលើជំនាញបច្ចេកទេសនឹងជំរុញនូវការអភិវឌ្ឍនូវគោលនយោបាយអភិវឌ្ឍន៍ឩស្សាហកម្មនៅកម្ពុជាចាប់ឆ្នាំ២០១៥ ដល់ឆ្នាំ២០២៥ ហើយប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ ដែលត្រូវការកម្លាំងពលកម្មជំនាញជាច្រើន។
លោកបានបញ្ចាក់ទៀតថា កម្ពុជាត្រូវការកម្លាំងពលកម្មជំនាញជាច្រើន ដើម្បីជម្រុញសេដ្ឋកិច្ចជាតិ និងចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យក្លាយជាប្រទេស ដែលមានចំណូលធម្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ នឹងក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ ហើយចាំបាច់បំផុតត្រូវការអ្នកវិនិយោគលើជំនាញបច្ចេកទេស។
លោក ថង សាម៉ុន បន្តថា ថ្មីៗនេះក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈទទួលបានការឯកភាពនូវគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅឆ្នាំ២០១៧ និងជម្រុញការបណ្តុះបណ្តាលឲ្យឆ្លើយតបទីផ្សារការងារ។
លោកបានបន្ថែមថា កន្លងទៅរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយទាក់ទាញអ្នកវិនិយោគពីក្រៅប្រទេសជម្រុញការបណ្តុះបណ្តាលកម្មករជំនាញ ឆ្លើយតបនិងអ្នកវិនិយោគពីក្រៅប្រទេស។
លោក ចាន់ សុផល នាយកវិទ្យាស្ថានសិក្សាគោលនយោបាយបាននិយាយថា កន្លងមករាជរដ្ឋាភិបាលជម្រុញឲ្យមានការវិនិយោគពីក្រៅប្រទេស និងវិស័យឯកជនក្នុងស្រុក ហើយមានទិដ្ឋភាពធំៗជាច្រើន ដែលកិច្ចការនេះអនុវត្តទៅបានត្រូវតែមានការចូលរួមពីស្ថាប័នពាក់ព័ន្ធ។
លោកបានបន្ថែមទៀតថា អ្នកវិនិយោគមួយចំនួនកំពុងតែរង់ចាំមើលការអនុវត្ត និងការបង្កើតច្បាប់វិនិយោគថ្មីមួយទៀត មិនត្រឹមតែធ្វើវិសោធនកម្មច្បាប់នោះទេ។
គោលនយោបាយអភិវឌ្ឍន៍វិស័យឩស្សាហកម្មគឺ ជាការជម្រុញការអភវិឌ្ឍន៍វិស័យកម្មន្តសាល និងឩស្សាហកម្មកែច្នៃកសិផល តាមរយៈការធ្វើសមាហរណកម្មទៅនឹងខ្សែសង្វាក់ផលិតកម្មតំបន់ និងពិភពលោក៕