លោក ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា ចាន់ សុខឃាំង អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ថ្ងៃ ទី២៩ ខែកញ្ញា ឆ្នាំ២០២០បានចូលរួមជាសាក្សីក្នុងពិធី”កិច្ចសន្យាផលិតកម្មដំណាំកសិ-ឧស្សាហកម្ម និងស្រូវសរីរាង្គរវាងក្រុមហ៊ុន និងសហគមន៍កសិកម្ម ” ដែលមានការអញ្ជើញចូលរួមពីលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
កម្មវិធីនេះ សហការរៀបចំដោយអគ្គនាយដ្ឋាន កសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង សហព័ន្ធស្រូវអង្ករកម្ពុជា និងមានវត្តមានចូលរួមរបស់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា តំណាងសហគមន៍កសិកម្ម សមាជិក សមាជិកាក្រុមប្រឹក្សាភិបាល សហព័ន្ធស្រូវអង្ករ អង្គការ CAVAC តំណាងស្ថាប័នរាជរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល លោក លោកស្រី នាងកញ្ញា និងភ្ញៀវកិត្តិយស ចំនួន ១៥០នាក់។
តាមរយៈរបាយការណ៍របស់លោកប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម ក៏ដូចជាចំណាប់អារម្មណ៍របស់លោកឧកញ៉ា ចាន់ សុខឃាំង អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក Gray Ellem ជាដៃគូអភិវឌ្ឍន៍ក្នុងកម្មវិធីខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី (CAVAC) និងមតិរបស់លោក ចាន់ សីហា តំណាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ពិតជាបានបង្ហាញឱ្យឃើញយ៉ាងច្បាស់អំពីលទ្ធផលដ៏ល្អប្រសើរ ដែលបានកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់មន្ត្រីរាជការពាក់ព័ន្ធទាំងថ្នាក់កណ្តាល និងថ្នាក់ខេត្ត។
ក្នុងការជំរុញការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យានាពេលកន្លងមក ជាពិសេសការរៀបចំពិធីចុះកិច្ចសន្យានាពេលនេះ ក្រោមកិច្ចសហការជាមួយបណ្តាអង្គការជាតិ-អន្តរជាតិ និងក្រុមហ៊ុនផ្សេងៗជាច្រើនទៀត។
ជាក់ស្តែង ការរៀបចំពិធីចុះកិច្ចសន្យានាពេលនេះ គឺជាជោគជ័យដ៏ធំមិនធ្លាប់មាន ដោយមានកិច្ចសន្យារហូតដល់ទៅចំនួន ៥៩ កិច្ចសន្យា លើផលិតផលស្រូវសរីរាង្គក្នុងបរិមាណ ២៤ ៦៦២តោន និងដំឡូងមីសរីរាង្គក្នុងបរិមាណ ៣០ ២០៦តោន ម្រេច ចំនួន ៥០ តោន ស្ករត្នោត ចំនួន ១០០ តោន និង ជីធម្មជាតិ ចំនួន ១៥០០ តោន ដោយមានសហគមន៍កសិកម្មចំនួន ៥៩ សហគមន៍ ក្នុងខេត្តចំនួន៨ គឺខេត្តតាកែវ (៤កិច្ចសន្យា ៤សហគមន៍) កំពង់ស្ពឺ (៣កិច្ចសន្យា។
៣សហគមន៍) កំពត (២កិច្ចសន្យា ២សហគមន៍) កំពង់ឆ្នាំង (៦ កិច្ចសន្យា ៦សហគមន៍) មណ្ឌលគិរី (៧កិច្ចសន្យា ៧សហគមន៍) បន្ទាយមានជ័យ (៣ កិច្ចសន្យា ៣សហគមន៍ ) សៀមរាប (៣ កិច្ចសន្យា 3សហគមន៍) និងខេត្តព្រះវិហារ (៣១កិច្ចសន្យា ៣១សហគមន៍)។ ដោយឡែកក្រុមហ៊ុនចំនួន ៤ ដែលបានចុះកិច្ចសន្យារួមមាន ក្រុមហ៊ុនសាជីវកម្មកសិកម្មកម្ពុជា (CACC) ក្រុមហ៊ុន អេមរុ រ៉ាយកម្ពុជា (Amru Rice) ក្រុមហ៊ុន Signatures of Asia (SOA) និងក្រុមហ៊ុន បាយ័នហេរីធេច។
នៅក្នុងពិធីនេះដែរ ឧកញ៉ា ចាន់ សុខឃាំង តំណាងសហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានលើកឡើងអំពីយន្តការណ៍4P ( Public Private Producer Partnership) និងសមិទ្ធផលដែលសំរេចបានជាពិសេស ពិពិធកម្មទីផ្សារ ទៅសហគមន៍អឺរ៉ុប កើនជាង 30ភាគរយ ទីផ្សារអូស្ត្រាលីកើនជិត ១០០០% ហើយទីផ្សារ ហុង កុង កើនជាង ២០០% ផងដែរ ។ល។
លោករដ្ឋមន្ត្រីបានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង សហការគ្នាបានយ៉ាងល្អពីគ្រប់ភាគីពាក់ព័ន្ធដោយមានការសម្របសម្រួលពីនាយកដ្ឋានកសិ-ឧស្សាហកម្ម ឈានមកសម្រេចបាននូវកិច្ចសន្យាមួយដែលអាចចាត់ទុកថា ជាបន្ទាត់ ជាខ្សែ ឬជានិតិវិធីសម្រាប់ឲ្យភាគីអ្នកផលិត និងអ្នកបញ្ជាទិញដើរព្រមគ្នាឆ្ពោះទៅទិសដៅមួយយ៉ាងជាក់លាក់ ពិតប្រាកដ យុត្តិធម៌ តម្លាភាព សច្ចភាព និងជំនឿទុកចិត្តគ្នា។
ដោយឈរលើគោលការណ៍សំខាន់ ៣ គឺ៖ ធានាបាននូវបរិមាណផ្គត់ផ្គង់ប្រកបដោយនិរន្តរភាព គុណភាពផលិតផល ធានាបាននូវតម្លៃ និងធានាបាននូវសាមគ្គីភាព កិច្ចសហការ និងជំនឿទុកចិត្ត។
ពិតណាស់លទ្ធផលនាពេលនេះបានឆ្លុះបញ្ចាំងឲ្យឃើញថា ក្រសួងកំពុងតែបន្តជំរុញ និងលើកទឹកចិត្តឲ្យគ្រប់អនុវិស័យទាំងអស់អនុវត្តតាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍” ដើម្បីពង្រីកវិសាលភាពឲ្យបានកាន់តែទូលំទូលាយទៅដល់សហគមន៍ផ្សេងៗទៀត ក្នុងទិសដៅចូលរួមចំណែកអភិវឌ្ឍន៍វិស័យកសិកម្មក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ និងសាកលភាវូបនីយកម្ម ។
រដ្ឋមន្ត្រីបានបន្តទៀតថា ក្នុងកាល:ទេស:ដែលកម្ពុជាកំពុងជួបនូវវិបត្តិជំងឺឆ្លងកូវីដ- ១៩ រាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់ គិតគូដោះស្រាយបញ្ហារបស់កសិករ សហគមន៍កសិកម្ម សហគ្រាសធុនតូច និងមធ្យម ធ្វើយ៉ាងណាឲ្យពួកគាត់រក្សាបាននូវសកម្មភាពផលិត និងបន្តការផលិតឲ្យកាន់តែរីកចម្រើនបន្ថែមទៀតតាមរយ:ពង្រឹងបរិយាកាសវិនិយោគឲ្យបានល្អប្រសើរដើម្បីបង្កើតការងារ ស្រូបយកកម្លាំងពលកម្មក្នុងស្រុក ផ្តល់ប្រាក់ចំណូល និងប្រើប្រាស់វត្ថុធាតុដើមកសិកម្មឲ្យអស់លទ្ធភាព។
ជាក់ស្តែង ការប្រើប្រាស់វត្ថុធាតុដើមកសិកម្មបាននឹងកំពុងក្លាយជាកម្លាំងចលករមួយយ៉ាងសំខាន់ក្នុងការជួយជំរុញឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមាននូវឥរិយាបទផលិត ពីការផលិតដើម្បីហូបចុកក្នុងគ្រួសារ មកផលិតដើម្បីទីផ្សារដែលត្រូវធានាឲ្យបាននូវនិរន្តរភាពនៃបរិមាណផ្គត់ផ្គង់ ស្តង់ដារផលិត គុណភាព សុវត្ថិភាព និងស្ថិរភាពតម្លៃ ដែលគ្រប់និន្នាការទាំងអស់នេះប្រាកដជានឹងចូលរួមធ្វើឲ្យប្រសើរឡើងទាំងផ្នែកសេដ្ឋកិច្ច សង្គម បរិស្ថាន ការប្រែប្រួលអាកាសធាតុ បរិយាប័ន្ន និងនវានុវត្តន៍ ក្នុងបរិបទនៃដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យនាឆ្នាំ២០៣០ និងឆ្នាំ២០៥០។
លោក រដ្ឋមន្ត្រីក៏បានផ្តល់បន្ថែមនូវអនុសាសន៍សំខាន់ៗជូនដល់ភាគីដែលជាអ្នកអនុវត្តកិច្ចសន្យានេះ ក្នុងន័យជារួម៖
១. ព្យាយាមអនុវត្តកិច្ចសន្យានេះឲ្យបានសុក្រឹត្យឈរលើស្មារតីទទួលខុសត្រូវទៅតាមភារកិច្ចរៀងៗខ្លួន បញ្ជាប និងពង្រឹងការអនុវត្តបច្ចេកទេសផលិតឲ្យបានសមស្រប ពង្រឹងការងារគ្រប់គ្រង និងដឹកនាំសហគមន៍ឲ្យបានត្រឹមត្រូវល្អទាំងការងាររដ្ឋបាល បច្ចេកទេស ហិរញ្ញវត្ថុ និងប្រជាធិបតេយ្យ។
២. នាយកដ្ឋានកសិ-ឧស្សាហកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តទាំងអស់ត្រូវបន្តតាមដាន ជួយជំរុញបន្ថែមលើការអនុវត្តកិច្ចសន្យាឲ្យកាន់តែមានប្រសិទ្ធភាព។
ត្រូវជំរុញរៀបចំ និងអនុវត្តស្តង់ដារផលិតផលិតផលកសិកម្មដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប និងការបង្កើតឲ្យមានស្ថាប័នបញ្ជាក់គុណភាព ធ្វើការកែលម្អអភិវឌ្ឍន៍មន្ទីរពិសោធន៍ ពង្រឹងសមត្ថភាពដល់អង្គភាពពាក់ព័ន្ធ និងមន្រ្តី។
៣. សូមស្នើដល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជួយពិនិត្យលទ្ធភាពបន្ថែមក្នុងការផ្តល់កម្ចីដល់ក្រុមហ៊ុនដែលកំពុងអនុវត្តកិច្ចសន្យា។
៤. ស្នើដៃគូអភិវឌ្ឍន៍ បន្តជួយដល់ការអភិវឌ្ឍសហគមន៍កសិកម្មបន្ថែមទៀត។
៥. ទាំងអ្នកផលិត និងអ្នកបញ្ជាទិញ គួររួមគ្នាសិក្សាពីតម្រូវការ ឬនិន្នាការទីផ្សារទាំងក្នុង និងក្រៅស្រុក មុនឈានទៅចុះកិច្ចសន្យាផលិត។ ភាគីពាក់ព័ន្ធ ដៃគូអភិវឌ្ឍ អង្គការជាតិ-អន្តរជាតិ វិស័យឯកជន សហគមន៍ គួរតែបង្កើនកិច្ចសហការលើការអនុវត្តកិច្ចសន្យាផលិតកម្មកសិកម្មឲ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់។