ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

វេទិកាកសិករថ្នាក់ជាតិ លើកទី៩ ក្រោមប្រធានបទ “កសិករខ្នាតតូចក្នុងស្ថានភាពកូវីដ១៩”

ភ្នំពេញ៖ លោក ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) បានចូលរួមថ្លែងសុន្ទរកថាគន្លឹះ ទាក់ទងនឹងប្រធានបទ “កសិករខ្នាតតូចក្នុងស្ថានភាពកូវីដ១៩” នៃវេទិកាកសិករថ្នាក់ជាតិ លើកទី៩ មានការចូលពី លោក ឡូយ សុផាត ប្រធានគណៈកម្មការផែនការវិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។

វេទិកានេះចំឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់គុណភាព និងសុវត្ថិភាពកសិផលរបស់កសិករខ្នាតតូច ឆ្លើយតបនឹងតម្រូវការទីផ្សារ ។

ទីពីរ គឺដើម្បីជំរុញការអនុវត្តគោលនយោបាយដែលពាក់ព័ន្ធ ជាពិសេសយន្តការគាំទ្រកសិករខ្នាតតូច ឆ្លើយតបផលប៉ះពាល់នៃកូវីដ១៩ ។

ទីបីគឺ ដើម្បីពង្រឹងកិច្ចសហការ និងភាពជាដៃគូរ ដើម្បីគាំទ្រកសិករខ្នាតតូច លើការវិនិយោគកសិកម្ម និងកសិធុរៈកិច្ច ក្នុងស្ថានភាព និងក្រោយការរីករាលដាលនៃជំងឺកូវីដ១៩។

លោក ឡូយ សុផាត បានលើកឡើងពីការអន្តរាគមន៍ប្រកបដោយប្រសិទ្ធភាពជាបន្ទាន់ ឆ្លើយតបទៅនឹងស្ថានភាពកូវីដ១៩ រាជរដ្ឋាភិបាល បានទប់ស្កាត់ការឆ្លងរីករាលដាលនៅក្នុងសហគមន៍ អាចឱ្យប្រជាកសិករអាចនិងកំពុងបន្តផលិតនូវផលិតផលកសិកម្មដែលមានសក្តានុពលនានា ឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក និងការនាំចេញ។

លោក ឧកញ៉ា សុង សារ៉ន បានថ្លែងថា ចំពោះសក្តានុពលនៃការផលិតផលិតផលកសិកម្មតាមបែបពិពិធកម្ម របស់កសិករខ្នាតតូច បន្ថែមពីការដាំដុះដំណាំស្រូវដែលមានស្រាប់នៅលើផ្ទៃដីរបស់ពួកគាត់។

លោកឧកញ៉ា បានបញ្ជាក់ថា ចំនួនកសិករខ្នាតតូចនៅក្នុងប្រទេសកម្ពុជា ដែលយោងតាមរបាយការណ៍មានចំនួនដល់ទៅជិត១លានគ្រួសារ ឬជាង៣២ ភាគរយ នៃចំនួនគ្រួសារទាំងអស់នៅកម្ពុជា មានដីស្រែដាំស្រូវ តិចជាងមួយហិកតា នេះមានន័យថា កសិករខ្នាតតូចទាំងនេះ មានហានិភ័យខ្ពស់លើការដាំដុះដំណាំស្រូវ ដែលមិនអាចឆ្លើយទៅនឹងទីផ្សារនាំចេញនោះឡើយ ហើយជាពិសេសនោះ គឺថ្លៃដើមផលិតកម្មខ្ពស់។

កសិករខ្នាតតូចមិនអាចមាននិរន្តរភាពសេដ្ឋកិច្ច ដោយពឹងផ្នែកពីដំណាំស្រូវមួយមុខបាននោះឡើយ ជាពិសេសក្នុងស្ថានភាពនៃជំងឺកូវីដ១៩ ដែលចាំបាច់ឱ្យកសិករត្រូវរៀនរស់បែបថ្មី (New normal) និងទាញយកសក្តានុពលនិងឱកាសដែលអាចធ្វើទៅបាន នៅក្នុងការធ្វើពិពិធកម្មកសិកម្មរបស់ខ្លួន ក្រៅពីដំណាំស្រូវតែមួយមុខនេះ ។

សូមបញ្ជាក់ថា វេទិកាកសិករថ្នាក់ជាតិនេះ នឹងក្លាយទៅជាវេទិកាស្វែងយល់ ពិភាក្សា ចែករំលែកពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកយន្តការសមស្របនៅក្នុងការប្រែក្លាយកសិកម្ម ទៅជាកសិ-ធុរកិច្ច និងកសិ-ពាណិជ្ជកម្ម ឆ្លើយតបទៅនឹងបរិបទនៃកូវីដ១៩ ៕