ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក វ៉ាត់ ចំរើន អះអាងថា កម្ពុជារក្សាជំហររឹងមាំនៃការរៀបធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ CAMSOC

ភ្នំពេញ៖លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានអះអាងនៅក្នុងកិច្ចប្រជុំអន ឡាញជាមួយបណ្តាប្រទេសទាំងអស់ ដែលជាសមាជិកនៃសហ ព័ន្ធកីឡាអាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២ ១នេះថា កម្ពុជានៅតែរក្សាជំហរយ៉ាងរឹងមាំនៃដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ា នប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ តាមពេលពេលវេលាដែលបានកំណត់យកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ គឺជាថ្ងៃប្រារព្ធពិធីបើកជាផ្លូវការស៊ីហ្គេម។

លោក វ៉ាត់ ចំរើន មានប្រសាសន៍ថា ដោយសារតែការជូនដំណឹងរបស់ម្ចាស់ផ្ទះ ស៊ីហ្គេម វៀតណាម បានជូនដំណឹងអំពីការពន្យាពេល ស៊ីហ្គេម ឆ្នាំ២០២១នេះទើបធ្វើឲ្យមានការលើកឡើងនានានូវការលំបាកនានា ក៏ដូចជាភាពមិនច្បាស់លាស់នៃដំណើរការស៊ីហ្គេម លើកទី៣១ ដែលគ្រោងពីថ្ងៃទី២១វិច្ឆិកាដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ នៅប្រទេសវៀតណាម។

កម្ពុជាបានបញ្ជាក់ជំហរជាថ្មីនៃដំណើរការឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (បន្ទាប់ពីស៊ីហ្គេមវៀតណាម) មិនប្រែប្រូល មិនបោះបង់គម្រោងផែនការ ដែលកំពុងខិតខំយ៉ាងខ្លាំងក្លារបស់កម្ពុជានោះឡើយ។

លោកបន្តថា «បើចង់ប្រែប្រួលពេលវេលា ឬការកំណត់ផ្សេងៗ ទាល់តែយើងស្នើសុំពីរាជរដ្ឋាភិបាលកម្ពុជាយើងដូចគ្នា ពីព្រោះស៊ីហ្គេម គឺម្ចាស់ផ្ទះជាអ្នកសម្រេចលើការងាររៀបចំ និងនយោបាយផ្សេងៗទៀត។ ដូច្នេះហើយ យើងនឹងរង់ចាំមើលការសម្រេចរបស់ស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម ហើយវាចេះតែមានផល ប៉ះពាលខ្លះៗហើយ ដោយសារអ្វីៗដែលយើងគ្រោងដែលនឹងត្រូវដើរទៅជាបន្តបន្ទាប់នៃដំណើរការស៊ីហ្គេម វាអាចនឹងផ្តល់ផលប៉ះពាល់ខ្លះនៃការលើកពេលស៊ីហ្គេម នៅវៀតណាមនេះ”។

លោកបានបន្ថែម” ខ្ញុំជឿជាក់ថា វាមិនប៉ះពាល់អ្វីច្រើនទេ ដល់ដំណើរការស៊ីហ្គេម នៅកម្ពុជា ឆ្នាំ២០២៣ ដូច្នេះហើយកម្ពុជាយើងនៅតែរក្សាជំហររឹងមាំនៃដំណើរការស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ដដែល»។

គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMS OC) នៅតែបន្តធ្វើការងារជាប្រចាំ ក្រោមការដឹកនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC និងក្រោមការដឹកនាំពីលោកតាមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC។

ប្រទេសកម្ពុជាធ្វើយ៉ាងណាសម្រួចគោលដៅឲ្យទទួលបានជោគជ័យជាប្រវត្តិសាស្ត្រជាលើកដំបូងនៃស៊ីហ្គេម លើកទី៣២ និងព្រឹត្តិការណ៍កីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។

កម្ពុជានៅតែបន្តកិច្ចខិតខំប្រឹងប្រែងតាមផែនការយុទ្ធសាស្ត្ររបស់ខ្លួន ដោយមិនរង់ចាំ ឬមិនទោមនស្សទៅនឹងសភាពការណ៍ប្រែប្រួល ឬមិនប្រែប្រួលរបស់ស៊ីហ្គេមរៀតណាមនោះទេ។