(ខេត្តព្រៃវែង)៖ អនុវត្តប្រកាសអន្តរក្រសួងលេខ ៥៧៤ សហវ. ប្រក ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីកិច្ចសហការរវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញនីហរ័ណ អាហរ័ណ និងបង្ក្រាបការក្លែងបន្លំ (កាំកុងត្រូល) ដែលបច្ចុប្បន្នជាអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.»។
មន្រ្តីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. ពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នាំយករថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យផ្លែគូលែនស្រស់ ដែលនាំចូលពីបរទេស ហើយត្រូវបានមន្ត្រីគយ និងរដ្ឋាករ ចាប់ឃាត់ទុកនៅស្នាក់ការគយ និងរដ្ឋាករចល័តតំបន់២ ផ្លូវជាតិលេខ០១ ស្ថិតនៅភូមិឡិក ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង។
ការចុះត្រួតពិនិត្យនេះ ត្រូវបានធ្វើឡើងបន្ទាប់មានការស្នើសុំកិច្ចសហការពីមន្រ្តីគយ និងរដ្ឋាករ ក្រោយពេលចាប់ឃាត់ទុក និងមានការសង្ស័យថាផ្លែគូលែនស្រស់នេះ ពុំមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។
ក្រោយពីបានធ្វើតេស្តទៅលើគំរូផ្លែគូលែនស្រស់ចំនួន ១០គំរូ ដែលដកយកដោយចៃដន្យពីកេសទំនិញចំនួន១០ លទ្ធផលបានបង្ហាញថាគំរូផ្លែគូលែនស្រស់ទាំងនោះ មានវត្តមានសំណល់ថ្នាំកសិកម្មក្នុងកម្រិតទាបបំផុត ដែលមិនបង្កផលប៉ះពាល់ដល់សុខភាពចំពោះអ្នកបរិភោគឡើយ។
សូមបញ្ជាក់ជូនផងដែរថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានកែសម្រួលស្ថាប័នមានសមត្ថកិច្ច ត្រួតពិនិត្យទំនិញនាំចេញ នាំចូលនៅតាមច្រកព្រំដែននៅឆ្នាំ២០១៩មក មានតែស្ថាប័នគយ និងរដ្ឋាករតែមួយគត់ ដែលមានសមត្ថកិច្ចត្រួតពិនិត្យទំនិញនាំចេញ នាំចូលនៅតាមច្រកព្រំដែន។
ការចូលរួមត្រួតពិនិត្យទំនិញរបស់មន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. នៅពេលនេះ គឺជាការអនុវត្តប្រកាសអន្តរក្រសួងលេខ ៥៧៤ សហវ.ប្រក ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីកិច្ចសហការរវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញនីហរ័ណ អាហរ័ណ និងបង្ក្រាបការក្លែងបន្លំ (កាំកុងត្រូល) ដែលបច្ចុប្បន្ន ជាអគ្គនាយកដ្ឋាន ក.ប.ប. ប៉ុណ្ណោះ។