តាកែវ ៖ លោកប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ រឹបអូសបាននៅងៀតត្រីបបែល ជាង១០គីឡូដែលនៅផ្សារអង្គតាសោម មានផ្ទុកសាធាតុគីមីខុសច្បាប់ក្រោយការដកហូត មន្រ្តីជំនាញកាំកុងត្រូលយកទៅដុតបំផ្លាញចោលនៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩។
លោក បានបញ្ជាក់ថា ត្រីងៀតបបែល ដែលផ្ទុកសារធាតុគីមីប៉ូរ៉ាក់ ដែលធ្លាប់ត្រូវបានជំនាញរឹបអូសមកដុតបំផ្លាញ់ចោល នៅតែបន្តមានវត្តមាននៅលើទីផ្សារដដែល ដែលជាកត្តាបង្កឲ្យមានផលប៉ះពាល់ដល់សុខភាព របស់បងប្អូនប្រជាពលរដ្ឋអ្នកទទួលទានជាខ្លាំង។
លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលបន្តទៀតថា នៅក្នុងការប្រតិបត្តិ ការចុះផ្សព្វផ្សាយដល់បងប្អូនអាជីវករដើម្បីពង្រឹងគុណភាព សុវត្ថិភាពម្ហូបអាហារ មន្រ្តីកាំកុងត្រូល ក៏បានធ្វើការត្រួតពិនិត្យទៅលើម្ហូបអាហារវេចខ្ចប់ស្រាប់ ព្រមទាំងធ្វើតេស្តបឋមលើគ្រឿងសមុទ្រស្រស់ បង្គារ មឹក ជ្រក់ត្រពាំង សរសៃគុយទាវ ខ្ញីហាន់ ដើម្បីរកសារធាតុគីមីហាមឃាត់លើ ម្ហូបអាហារទាំង អស់នេះ។
ប្រធានសាខាកាំកុងត្រូលបានបញ្ជាក់ថា បន្ទាប់ពីរឹបអូស ងៀតបបែល មានផ្ទុកសាធាតុគីមីបូរ៉ាក់ ដែលនាំឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ មន្រ្តីជំនាញ កាំកុងត្រូលបានណែនាំដល់បងប្អូនអាជីវករ សូមបញ្ឈប់ការលក់ចំណីអាហារណាដែលគ្មាន គុណភាព ហួសការបរិឆ្ឆេទកំណត់ជាពិសេសមានផ្ទុកសាធាតុគីមីខុសច្បាប់ ៕