ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រាជរដ្ឋាភិបាលនឹងបង្កើតប្រព័ន្ធអេកូស៊ីស្ទឹម ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកវិនិយោគទុន តាមរយៈក្រុមប្រឹក្សាជាតិភស្តុភារ

ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាអនុប្រធានអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាជាតិភស្តុភារកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាជំរុញឲ្យមានការបង្កើតប្រព័ន្ធអេកូស៊ីស្ទឹមមួយ ដែលផ្តល់លក្ខណៈងាយស្រួលដល់អ្នកវិនិយោគទុន តាមរយៈក្រុមប្រឹក្សាជាតិភស្តុភារ ដើម្បីជួយឆ្លើយតបនឹងបញ្ហាប្រឈមនានា ក្នុងសេវាភស្តុភា និងបង្កើនប្រសិទ្ធភាពលំហូរទំនិញ និងសេវាកម្មផ្សេងៗ។

លោកទេសរដ្ឋមន្ត្រី បានលើកឡើងដូចនេះនាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលោកអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈយោគយល់ និងកិច្ចព្រមព្រៀងសហហិរញ្ញប្បទានរវាង UNDP ជាមួយក្រុមហ៊ុន SHENZHEN 4PX EXPRESS CO. , LTD លើគម្រោង «ផ្សាភ្ជាប់ប្រទេសកម្ពុជា រួមគ្នាឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល»។

លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា តួនាទីរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្តល់ការសម្របសម្រួលដល់បច្ចេកវិទ្យា គឺមិនមែនជាអ្នកគ្រប់គ្រងវិស័យឯកជននោះទេ ហើយចំពោះវិស័យឯកជន គឺដឹងវិធីសាស្ត្រដ៏ល្អបំផុត អំពីរបៀបធ្វើអាជីវកម្មរបស់ខ្លួន ក៏ប៉ុន្តែរដ្ឋាភិបាលគឺអាចផ្តល់ជាគំនិត ពីរបៀបក្នុងការចូលមកក្នុងទីផ្សារកម្ពុជា របៀបពង្រីកអាជីវកម្មនៅក្នុងតំបន់នេះ។ រាជរដ្ឋាភិបាលកម្ពុជា ក៏ចង់ឃើញទំនាក់ទំនងដ៏រឹងមាំ រវាងការវិនិយោគ និងផែនការមេឡូជីស្ទិច ជាពិសេសឡូជីស្ទិច នៅក្នុងតំបង់ទីក្រុងទៅលើការដឹកជញ្ជូននេះផងដែរ។

លោក ស៊ុន ចាន់ថុល បន្ថែមថា ក្រសួងបានសហការជាមួយ JICA ធនាគារពិភពលោក និងដៃគូរអភិវឌ្ឍន៍ ដើម្បីបង្កើតផែនការមេ ឡូជីស្ទិក ដែលផែនការនេះនឹងត្រូវបញ្ចប់នៅពេលឆាប់ៗនេះ ហើយប្រទេសកម្ពុជានឹងមានជាលើកដំបូងនូវផែនការឡូជីស្ទិចនេះ។

រដ្ឋមន្ត្រីក្រសួងសាធារណការ បានបញ្ជាក់ទៀតថា ភាពជាដៃគូរវាងក្រុមហ៊ុន Shenzhen 4PX Express និង UNDP ដែលត្រូវបានបង្កើតឡើងផ្អែកតាមចំណុចខ្លាំង របស់ស្ថាប័នទាំងពីរ នឹងនាំឲ្យមានការសហការជាមួយនឹងតួអង្គពាក់ព័ន្ធក្នុងស្រុក និងក្នុងសកលលោកទាំងមូល ដើម្បីបង្កើនប្រសិទ្ធភាព និងដោះស្រាយបញ្ហានានា ដែលនាំឱ្យមានការរាំងស្ទះ សេដ្ឋកិច្ច ដែលមានវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិករឹងមាំ និងទាមទារឱ្យមានការធ្វើកំណែទម្រង់ ជាមូលដ្ឋានមួយចំនួន ដើម្បីឱ្យមានការចែកចាយផលិតផលកាន់តែលឿនជាងមុន និងអាចដោះស្រាយបញ្ហាប្រឈមជុំវិញសេវាភស្តុភារបានយ៉ាងរហ័សទៀតផង៕