ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ធនាគារអភិវឌ្ឍន៍ជនបទជំរុញការផលិតកម្មបន្លែនៅទូទាំងប្រទេសកម្ពុជា

ធនាគារអភិវឌ្ឍន៍ជនបទជំរុញការផលិតកម្មបន្លែនៅទូទាំងប្រទេសកម្ពុជាទៅដល់សហគមន៍និងកសិករអ្នកដាំដុះបន្លែ ហើយគម្រោងនេះនឹងផ្តល់ហិរញ្ញប្បទានក្នុងអត្រាការប្រាក់ទាប។

លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ (RDB)បានមានប្រសាសន៍ថា ធនាគារអភិវឌ្ឍន៍ជនបទកំពុងតែសិក្សាពីការជំរុញផលិតកម្មបន្លែរបស់ប្រជាកសិករ សហគមន៍ដំាបន្លែនៅទូទាំងប្រទេសកម្ពុជា ដោយមានការចូលរួមពីក្រុមហ៊ុនទទួលទិញបន្លែ ដែលជាឯកជន ហើយធនាគារអភិវឌ្ឍន៍ជនបទជាអ្នកទំលាក់ឥណទាន ដោយមានអត្រាការប្រាក់អនុគ្រោះដល់បណ្តាសហគមន៍ ក្រុមហ៊ុនទិញបន្លែ ក្នុងករណីមានតម្រូវការហិរញ្ញវត្ថុបន្ថែម។

លោកអគ្គនាយកបានបន្តទៀតថា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ធនាគារអភិវឌ្ឍន៍ជនបទបានជួបប្រជុំជាមួយ ក្រុមហ៊ុនប្រមូលទិញបន្លែ ១២ក្រុមហ៊ុន ដើម្បីពិភាក្សាការងារអំពីគម្រោងគាំទ្រហិរញ្ញប្បទាន ដល់ផលិតកម្មបន្លែ ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាមួយចំនួយ ដែលជាផលវិបាករបស់កសិករដាំដុះបន្លែរបស់បងប្អូននិងចងក្រងជាសហគមន៍និងរបស់ក្រុមហ៊ុនទទួលទិញបន្លែ ។

លោក កៅ ថាច បន្ថែមថា  ដើម្បីធានាបាននូវសុខុមាលភាពដល់ប្រជាជនហូបបន្លែ និងជួយកាត់បន្ថយការនាំចូលបន្លែព្រមទាំងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ដែលជាអ្នកប្រកបរបរ ទទួលទានដាំដុះបន្លែ នឹងជួយកាត់បន្ថយការធ្វើចំណាក់ស្រុករបស់បងប្អូនប្រជាកសិករបានទៅក្រៅប្រទេស។

កញ្ញា អេង សម្ផស្ស នាយកប្រតិបត្តិផ្សារអាលីម៉ង់ បានចាត់ទុកថា វត្តមានផ្សារបន្លែធម្មជាតិនៅកម្ពុជាមានចំនួនកាន់តែច្រើននៅរាជធានីភ្នំពេញក្នុងរយៈពេលប៉ុនា្មនឆ្នាំចុងក្រោយនេះ  ដោយមើលឃើញពីការនាំចូលបន្លែផ្លែឈើច្រើនពីប្រទេសជិតខាង ភាគច្រើនមានសារធាតុគីមីធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ។

កញ្ញាបានបន្តទៀតថា បញ្ហានេះហើយទើបជម្រុញឲ្យវិស័យឯកជនមានការវិនិយោគបង្កើតផ្សារបន្លែធម្មជាតិ ដែលចេញពីគំនិតរបស់សហគ្រិនខ្មែរចង់លើកស្ទួយផលិតផលក្នុងស្រុកនិងស្វែងរកទីផ្សារកសិករ ។

ធនាគារអភិវឌ្ឍន៍ជនបទប្តេជ្ញាថា នឹងចូលរួមចំណែកធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹង សហគមន៍ ក្រុមហ៊ុនប្រមូលទិញបន្លែ ដើម្បីជំរុញការផ្គត់ផ្គង់បន្លែរបស់កសិករដំាបន្លែ ព្រមទាំងជួយគាំទ្រនូវផ្នែកទុនវិនិយោគ ដល់កសិករផលិត និង សហគមន៍ ឬ ក្រុមហ៊ុនប្រមូលទិញបន្លែ។

លើសពីនេះ នឹងបង្កើនការប្រមូលទិញបន្លែពីកសិករបង្កើតមន្ទីរពិសោធន៍ ដោយសហការជាមួយសហគមន៍ ក្រុមហ៊ុនប្រមូលទិញបន្លែ ដោយបង្កើតស្តង់លក់បន្លែខ្មែរនៅរៀងរាល់ថ្ងៃអាទិត្យនៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញសម្របសម្រួលជាមួយ ស្ថាប័នពាក់ព័ន្ធ សម្រាប់ជួយដោះស្រាយផ្នែកដឹកជញ្ជូនបន្លែផងដែរ៕