ភ្នំពេញ៖ លោក កូយ សៅ ចៅក្រមជំនុំជម្រះក្ដីនៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩នេះ បានបើកសវនាការជាអសាធារណៈកាត់ទោសបរុសអនិកជនខ្មែរ-អាមេរិក ជាគ្រូបង្ហាត់កីឡាហាត់ប្រាណម្នាក់ ពាក់ព័ន្ធសំណុំរឿង បង្ខាំងសង្សារធ្វើទារុណកម្មផ្លូវភេទ និងគំរាមសម្លាប់។
លោក ខាំ សុផារី ជាតំណាងអយ្យការសវនាការ បានប្តឹងចោទប្រកាន់លើជនជាប់ចោទឈ្មោះ ព្រឿង សំអឿន ហៅ សេម ភេទប្រុស អាយុ ៣៩ឆ្នាំ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស, បទ គំរាមកំហែងថានឹងសម្លាប់, បទ បង្ខាំងមនុស្សខុសច្បាប់ និងបទ ធ្វើទារុណកម្មផ្លូវភេទ ប្រព្រឹត្តលើជនរងគ្រោះ ឈ្មោះ ម.ហ ភេទស្រី អាយុ ២២ឆ្នាំ មុខរបរ និស្សិត។
យោងតាមចម្លើយរបស់ជនរងគ្រោះនៅតំណាក់កាលនគរបាលយុត្តិធម៌ បានបញ្ជាក់ថា ជនជាប់ចោទ និងនាង [នារីរងគ្រោះ] បានស្រលាញ់គ្នាយូរមកហើយ។ ពួកគេថែមទាំងបានរួមរស់ជាមួយគ្នាជាច្រើនលើក ប៉ុន្តែនៅពេលដែលពួកគេរួមភេទម្តងៗ ជនជាប់ចោទតែងតែប្រើហិង្សាលើរូបនាង និងថតវីដេអូសកម្មភាពរួមភេទថែមទៀតផង។
នៅថ្ងៃកើតហេតុទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ជនជាប់ចោទ បានណាត់ជនរងគ្រោះទៅគេងជាមួយគ្នានៅ បន្ទប់ខុនដូរឈ្មោះ MHM បន្ទប់លេខ១៦៤ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ នៅពេលជនរងគ្រោះទៅដល់ ជនជាប់ចោទបានប្រើហិង្សា គំរាមកំហែងសម្លាប់ គំរាមបង្ហោះវីដេអូសកម្មភាពរួមភេទ និងបង្ខាំងជនរងគ្រោះទុកក្នុងបន្ទប់ខុនដូមិនឲ្យទៅណា ព្រោះខឹងនាងភ្ជាប់ពាក្យជាមួយប្រុសផ្សេង។
បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់សាច់ញាតិរបស់ជនរងគ្រោះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវរហូតឈានដល់ការជួយសង្គ្រោះនារីរងគ្រោះ និងឃាត់ខ្លួនជនជាប់ចោទបាននៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ទោះជាយ៉ាងណាសំណុំរឿងនេះតុលាការបានសម្រេចលើកពេលទៅប្រកាសសាលក្រមនៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ខាងមុខ៕