ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កម្ពុជា​ទទួល​បានភាពអនុគ្រោះ​ពន្ធ​​​ ​ទៅលើ​មុខទំនិញ ពី​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី​

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៅ​ព្រឹក​ថ្ងៃទី​២១ ​ខែមីនា​នេះ ​​បាន​រៀបចំ​សិក្ខាសាលា​ ស្តីពី​ការ​ផ្សព្វផ្សាយ​ភាព​អនុគ្រោះ​ពន្ធ​លើ​មុខទំនិញ​ ដែល​កម្ពុជា​ទទួល​បាន​ពី​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី ​ហៅ​កាត់​ EAEU។ សិក្ខាសាលាថ្ងៃនេះ មានគោលបំណង ផ្សព្វផ្សាយអំពីព័ត៌មានបច្ចុប្បន្នភាព ដែលទាក់ទងនឹងភាពអនុគ្រោះពន្ធរបស់សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី មកលើទំនិញកម្ពុជាមួយចំនួន។

 

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងសិក្ខាសាលាផ្សព្វផ្សាយ​ភាព​អនុគ្រោះ​ពន្ធ​លើ​មុខទំនិញ​ ដែល​កម្ពុជា​ទទួល​បាន​ពី​សហភាពសេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី លោកជំទាវ តឹក​រ៉េត កំរង រដ្ឋលេខាធិការ​ក្រសួង ​ពាណិជ្ជកម្ម បានឱ្យដឹងថា កម្ពុជា​ទទួល​បានភាពអនុ​គ្រោះ​​ពន្ធ​ថ្មីនេះប្រមាណ ៣ឆ្នាំមកហើយ ហើយបាននិងកំពុងនាំចេញទំនិញមួយចំនួនដែរ។ ក្នុងនោះ មានមុខទំនិញរហូតទៅដល់ជាង ៤០មុខឯណោះ ដែលត្រូវបានលើកលែងពន្ធ។

 

បើតាមលោកជំទាវ តឹក​រ៉េត កំរង ​ប្រទេស​ដែល​ជាសមាជិក​ក្នុង​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី​មាន​០៥​ ប្រទេស រួមមាន៖ សហ​ព័ន្ធ​រុស្ស៊ី សាធារណរដ្ឋបេឡារុស សាធារណរដ្ឋកាហ្សាក់ស្ថាន សាធារណរដ្ឋអាមេនី និងសាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន។

 

លោកជំទាវឲ្យ​ដឹង​ទៀតថា ទំនិញ​ដែល​កម្ពុជា​នាំចេញ​ទៅកាន់​ទីផ្សារ​សហ​ភាពសេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី មាន​ដូចជា ​វត្ថុធាតុវាយន​ភណ្ឌ​ សំលៀកបំពាក់ ខ្សែក្រវ៉ាត់ ​កប្បាស អង្ករ​កិន​ហើយ​ទាំងស្រុង​ ឬ​ពាក់កណ្តាល ​ចុងអង្ករ ភួយ​និង​កម្រាល​ធ្វើ​ពីកប្បាសជាដើម​។ល។​ រីឯ​ទំនិញ​ដែល​កម្ពុជា​នាំចូល​ពី​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី រួមមាន​៖ កង់​យានយន្ត រថយន្ត​គ្រប់​ប្រភេទ គ្រឿង​បង្គុំ​អគ្គិស​នី​​ កាមេរ៉ា គ្រឿងចក្រ​ គ្រឿង​ម៉ាស៊ីន​កសិកម្ម ​ក្រណាត់​បោស​ធូលី​ និង​ក្រណាត់​ជូត​សម្អាត ​ជី សម្ភារ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ក្រដាស​សម្រាប់បោះពុម្ពកាសែត និង​បំណែក​នៃ​អាកាសយាន​ ឬ​ឧទ្ធម្ភាគចក្រ​ជាដើម។

 

លោកជំទាវរដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម បានគូសបញ្ជាក់ដែរថា ប្រទេសកម្ពុជាបាននាំចេញទំនិញទៅកាន់សហព័ន្ធរុស្សីច្រើន​ជាងគេ ក្នុងចំណោមបណ្តាសមាជិករបស់សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី។ តាមរយៈការនាំចេញទំនិញកម្ពុជា ក្នុងអំឡុងពេល០៣ឆ្នាំចុងក្រោយ ចាប់ពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០១៨ ឃើញថាទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី មានកំណើនឡើងវិញផងដែរ៕