ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា(BFC)នាំមកនូវលទ្ធផលវិជ្ជមានសម្រាប់ឧស្សាហកម្មវាយនភណ្ឌ

គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា(BFC)នាំមកនូវលទ្ធផលវិជ្ជមានសម្រាប់ឧស្សាហកម្មវាយនភណ្ឌ

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានថ្លែងថា គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា(BFC)បាននាំមកនូវលទ្ធផលវិជ្ជមានសម្រាប់ឧស្សាហកម្មវាយនភណ្ឌជាតិ ជាពិសេសចូលរួមលើកស្ទួយលក្ខខណ្ឌការងារនិងជីវភាពរស់នៅរបស់កម្មករនិយោជិតប្រមាណជាង ៧សែននាក់ដែលកំពុងបំពេញការងារនៅតាមរោងចក្រសហគ្រាសនានាទូទាំងប្រទេស។

ក្នុងកិច្ចប្រជុំប្រចាំត្រីមាស ស្តីពីការអនុវត្តលក្ខខណ្ឌការងារនៃឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់និងស្បែកជើង ដែលរៀបចំឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨មានការចូលរួមពីតំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អង្គការពលកម្មអន្តរជាតិ (ILO)និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC)។

របាយការណ៍ឆ្នាំ២០១៨របស់ ILO-BFC ដែលបង្ហាញពីភាពប្រសើរឡើងនៃបរិយាកាសការងារការថយចុះអំពើហឹង្សានិងការមិនគោរពបទដ្ឋានច្បាប់ នៅតាមរោងចក្រសហគ្រាសចំនួន ៤៦៤ទីតាំង ក្រោមការចុះសិក្សា និងវាយតម្លៃពីគណៈកម្មាធិការពិគ្រោះយោបល់គម្រោង(PAC) ដែលចូលរួមដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងពាណិជ្ជកម្ម សមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងសហជីពការងារ។

លោករដ្ឋមន្ត្រីបានអះអាងថា គម្រោង ILO-BFC ដែលបានរួមចំណែកលើកកម្ពស់កិត្តិនាម និងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងនាមជាប្រទេសផលិតនិងនាំចេញផលិតផលសម្លៀកបំពាក់ប្រកបដោយក្រមសីលធម៌ ស្របតាមបទដ្ឋានស្តង់ដារការងារខ្ពស់។

តាមរយៈកិច្ចសហការអនុវត្តរយៈពេលជាង ១៥ឆ្នាំនេះ ILO-BFC បានជួយកែលម្អរលក្ខខណ្ឌការងារ និងបង្កើនប្រាក់ចំណេញដល់ឧស្សាហកម្មវាយនភណ្ឌកម្ពុជា តាមរយៈការផ្តល់សេវាអង្កេតនិងវាយតម្លៃប្រតិបត្តិការរបស់រោងចក្រសហគ្រាស ការបណ្តុះបណ្តាលពិសេសដល់កម្មករនិងអ្នកគ្រប់គ្រង ការប្រឹក្សាយោបល់និងការបង្ហាញព័ត៌មានជាសាធារណៈអំពីលក្ខខណ្ឌការងារផ្សេងៗ ដែលបានពង្រឹងកេរ្តិ៍ឈ្មោះឧស្សាហកម្មកាត់ដេរកម្ពុជាហើយធ្វើឱ្យរោងចក្រភាគច្រើនទទួលបានទំនុកចិត្តខ្ពស់ជាមួយនឹងការបញ្ជាទិញកាន់តែច្រើន ពីទីផ្សារអន្តរជាតិធំៗនៅលើពិភពលោក។