ភ្នំពេញ៖លោក សុខ សុភ័ក្ត្រ ចូលរួមជំនួបពិភាក្សាការងារទ្វេភាគី ជាមួយប្រធានក្រុមសេដ្ឋកិច្ចវិទូ ប្រចាំធនាគារអភិវឌ្ឍន៍អាស៊ី ឆ្លៀតក្នុងឱកាសវេទិកាលើកទី១០ ស្តីពីកិច្ចសម្រួលពាណិជ្ជកម្មអាស៊ី-ប៉ាស៊ីហ្វិក ដែលសហការរៀបចំដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ស្ថាប័ន UN-ESCAP និងក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មសិង្ហបុរី ពីថ្ងៃទី២៩ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក Albert Park ប្រធានក្រុមសេដ្ឋកិច្ចវិទូ ប្រចាំធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងគោលបំណងផ្លាស់ប្ដូរយោបល់លើវឌ្ឍនភាពថ្មីៗក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។
ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារពិភពលោកក្នុងឆ្នាំ២០២១ បានកើនឡើងប្រមាណ ១៩,៣ ប៊ីលាន ដុល្លារអាម៉េរិក ក្នុងអត្រាកំណើនប្រមាណ ៥,៨% ធៀបនឹងឆ្នាំ២០២១។ ជារួមទំហំពាណិជ្ជកម្មកម្ពុជាបានកើនឡើងក្នុងអត្រា ២៨,២៣% ក្នុងរយៈពេល១ឆ្នាំ ចាប់ពីឆ្នាំ២០២០-២០២១ និងមានការកើនឡើងក្នុងអត្រា ២៦% ក្នុងឆមាសទី១ ឆ្នាំ ២០២២ នេះ។ ដោយឡែក ចំពោះវិស័យវិនិយោគវិញ នៅក្នុងឆមាសទី១ ឆ្នាំ២០២២ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តលើគម្រោងវិនិយោគចំនួន ៤៧ គម្រោង ដែលមានដើមទុនសរុបប្រមាណ ២,៥ ប៊ីលាន ដុល្លារអាម៉េរិក ក្នុងអត្រាកំណើនប្រមាណ ១៤,២% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១។ គម្រោងវិនិយោគទាំងនោះផ្ដោតលើ គម្រោងសាងសង់មជ្ឈមណ្ឌលភស្ដុភារកម្មនិងកំពង់ផែពហុបំណង វារីអគ្គិសនី ការផលិតសំបកកង់ឡាន សណ្ឋាគារ រោងចក្រស៊ីម៉ង់ត៍ ការដាំដុះចេកនិងផ្លែឈើផ្សេងៗ រោងចក្រដំឡើងរថយន្ដ និងមន្ទីរពេទ្យ…ជាដើម។
ឯកឧត្តមបានសង្កត់ធ្ងន់ផងដែរថា ទោះបីជាទំហំពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជាមានការកើនឡើងជាវិជ្ជមានក្នុងរយៈពេល ១៨ ខែចុងក្រោយនេះក៏ដោយ ក៏កម្ពុជានៅតែបន្ដជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនដូចជា៖ ១) ភាពមិនច្បាស់លាស់នៃវិបត្តិកូវីដ-១៩ ធ្វើឱ្យប្រទេសមួយចំនួននៅបន្ដអនុវត្តវិធានការសុខាភិបាលតឹងតែង និងការកម្រិតលទ្ធភាពនៃការធ្វើដំណើរ ២) ជម្លោះរវាងរុស្សីនិងអ៊ុយក្រែន ដែលបានធ្វើឱ្យប៉ះពាល់ដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ជាសកល ពិសេសធ្វើឱ្យថ្លៃប្រេងនិងវត្ថុធាតុដើមចាំបាច់មួយចំនួនមានការរកើនឡើង ៣) កង្វះខាតហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ព័ត៌មាន និងទំនាក់ទំនង (ICT) ដែលធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការជំរុញការធ្វើសមាហរណកម្មឌីជីថល និងកិច្ចសម្រួលពាណិជ្ជកម្មឌីជីថល។
ជាមួយគ្នានេះដែរ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ ឯកឧត្តមរដ្ឋលេខាធិការ បានស្នើឱ្យភាគី ADB ពិចារណាផ្ដល់ការគាំទ្រកម្ពុជាតាមរយៈការផ្ដល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុសម្រាប់សកម្មភាពនានា រួមមាន៖ ការរៀបចំគោលនយោបាយយុទ្ធសាស្ដ្រសម្រាប់ការស្ដារឡើងវិញនូវខ្សែច្រវ៉ាក់តម្លៃនិងការផ្គត់ផ្គង់ក្នុងតំបន់និងសកល ការរៀបចំគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ព័ត៌មាន និងទំនាក់ទំនង (ICT) សម្រាប់ការគាំទ្រសមាហរណកម្មឌីជីថល និងកិច្ចសម្រួលពាណិជ្ជកម្មឌីជីថល និងការពង្រឹងសមត្ថភាពនិងជំនាញក្នុងការចរចាពាពាណិជ្ជកម្មសេរីសម្រាប់មន្ដ្រីកម្ពុជា តាមរយៈវិទ្យាស្ថានបណ្ដុះបណ្ដាលពាណិជ្ជកម្ម និងស្រាវជ្រាវ (TTRI) នៃក្រសួងពាណិជ្ជកម្ម។