ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ​​ចុះហត្ថលេខា​លើ​ កិច្ចព្រមព្រៀង​ប្រតិបត្តិការ​រួម​គ្នា​លើ​ផ្លូវរថភ្លើង​ (DMU)​ ​ឆ្លងកាត់​ព្រំដែន​កម្ពុជា​-​ថៃ​

​នា​ថ្ងៃ​ទី​២២​ ខែមេសា​ ថ្លែង​នៅ​ក្នុង​ពិធី​នេះ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ បាន​មាន​ប្រសាសន៍​ថា​ នេះ​ជា​យុទ្ធសាស្ត្រ​ និង​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រទេស​ទាំង​ពីរ​ កម្ពុជា​-​ថៃ​ ក្នុង​កា​រត​ភ្ជាប់​ផ្លូវដែក​សារ​ជា​ថ្មី​ ក្រោយ​ពី​បាន​កាត់​ផ្តាច់​នៅ​ឆ្នាំ​១៩៧៣​ ដោយសារ​សង្គ្រាម​នៅ​កម្ពុជា​។​

​កិច្ចប្រតិបត្តិការ​រួម​គ្នា​លើ​ការ​ដឹក​ជញ្ជូន​ឆ្លងកាត់​ព្រំដែន​ តាម​ផ្លូវដែក​ និង​កា​រត​ភ្ជាប់​ផ្លូវដែក​កម្ពុជា​និង​ ថៃ​ គឺ​នឹង​នាំ​មក​នូវ​កាលានុវត្តភាព​ថ្មី​ សម្រាប់​វិស័យ​ដឹក​ជញ្ជូន​តាម​ផ្លូវដែក​ ដែល​ជាម​ធ្យា​បាយ​ដឹក​ជញ្ជូន​ទំនិញ​ ដ៏​មាន​ប្រ​សិ​ទ្ឋ​ភាព​ មាន​តម្លៃ​ថោក​ និង​មាន​សុវត្ថិភាព​ខ្ពស់​ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ខឿនសេដ្ឋកិច្ច​ជាតិ​របស់​ប្រទេស​ទាំង​ពីរ​ និង​រួមចំណែក​ក្នុង​កា​រត​ភ្ជាប់​ និង​អភិវឌ្ឍ​តំបន់​អាស៊ាន​ និង​មហា​អនុ​តំបន់​មេគង្គ​ផង​ដែរ​។​

​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​ជម្រាប​ផង​ដែរ​ថា​ ផ្លូវដែក​ពី​ភ្នំពេញ​ មក​ប៉ោយ​ប៉ែ​ត​ព្រំដែន​កម្ពុជា​-​ថៃ​ ដែល​មាន​ប្រវែង​ ៣៨៦​គីឡូម៉ែត្រ​ គឺ​ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​ស្តារ​ឡើង​វិញ​រួច​ហើយ​ ថ្វី​ត្បិត​តែ​មិន​ទាន់​មាន​លក្ខណៈ​ស្តង់ដារ​ និង​ទំនើប​ក៏​ពិតមែន​ ប៉ុន្តែ​រាជរដ្ឋាភិបាល​កម្ពុជា​មាន​ចក្ខុវិស័យ​យុទ្ធសាស្ត្រ​ និង​ផែនការ​ ច្បាស់លាស់​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ផ្លូវដែក​ដែល​ជា​ឆ្អឹងខ្នង​នៃ​ការ​ដឹក​ជញ្ជូន​នៅ​កម្ពុជា​។​

​នៅ​ក្នុង​ពេល​នោះ​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​ថ្លែងអំណរគុណ​ដល់​ រាជរដ្ឋាភិបាល​ថៃ​ ដែល​បាន​ជួយ​សាងសង់​ជា​ថ្មី​នូវ​ស្ពាន​ និង​ផ្លូវដែក​ព្រំដែន​កម្ពុជា​-​ថៃ​ អូរ​ជ្រៅ​ប្រវែង​ ៤៣​ម៉ែត្រ​ ដែល​ប្រើប្រាស់​ថវិកា​សាងសង់​ប្រមាណ​ ១​លាន​ ដុល្លារ​ ព្រមទាំង​បាន​ធ្វើ​អំណោយ​ជា​ក្បាលរថភ្លើង​ចំនួន​មួយ​គ្រឿង​ ជាប់​ជាមួយ​ទូ​អ្នកដំណើរ​ ចំនួន​ ៤​ ដែល​អាច​ផ្ទុក​អ្នកដំណើរ​បាន​ដល់​ ៨០​នាក់​ក្នុង​ទូ​នីមួយៗ​។​

​បន្ទាប់​មក​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ និង​ ឯកឧត្តម​ ប្រា​យុទ្ធ​ ចាន់​អូ​ចា​ ព្រមទាំង​គណៈប្រតិភូ​ បាន​អញ្ជើញ​ធ្វើ​ដំណើរ​រួម​គ្នា​តាម​ខ្សែ​រថភ្លើង​ពី​ស្ថានីយ៍​បាន​ក្លង​លឹ​ក​នៃ​ប្រទេស​ថៃ​ ឆ្ពោះ​មក​កាន់​ស្ថានីយ​រថភ្លើង​ប៉ោយ​ប៉ែ​ត​ នៃ​ប្រទេស​កម្ពុជា​ ក្នុង​បរិយាកាស​សប្បាយ​រីករាយ​ក្រៃ​លែង​៕