(ភ្នំណេញ) សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនលោកជំទាវ UIKU Kocaefe ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជាចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា។
នារសៀលថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ ក្នុងជំនួបនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងលោកជំទាវ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគី បានពិភាក្សា និងផ្លាស់ប្ដូរយោប់គ្នាអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា និងតួកគី ជាពិសេសរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃតួកគី និងបានពិភាក្សាអំពីព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗមួយចំនួនទៀត។
សម្ដេចក្រឡាហោម បានសម្ដែងការស្វាគមន៍លោកជំទាវឯកអគ្គរដ្ឋទូត និងបានថ្លែងអំណរគុណរដ្ឋាភិបាលតួកគី ដែលបានផ្ដល់កិច្ចសហប្រតិបត្តិការល្អជាមួយភាគីកម្ពុជា ជាពិសេសលើវិស័យកសាងសមត្ថភាព ដោយសម្ដេចបានរំលឹកថាកាលពីឆ្នាំ២០១៩ សម្ដេចបានដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ទៅបំពេញទស្សនកិច្ចការងារនៅប្រទេសតួកគី ហើយសម្ដេចបានជួបពិភាក្សាការងារជាមួយឯកឧត្តមរដ្ឋមន្រ្តីក្រសួងមហាផ្ទៃតួកគី និងបានជួបនិស្សិតខ្មែរនៅទីនោះ។
សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា ក្រុមនិស្សិតខ្មែរ បានសម្ដែងក្ដីរីករាយដែលទទួលបានឱកាសមកសិក្សានៅប្រទេសតួកគី ហើយថាក្នុងឱកាសទស្សនកិច្ចនោះដែរ ផ្អែកតាមលទ្ធផលឯកភាពគ្នារវាងសម្ដេច និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃតួកគីនោះ ភាគីទាំងពីរ បានព្រមព្រៀងគ្នារៀបចំសេចក្ដីព្រមព្រៀងMOU ផ្ដោតលើគ្រប់វិស័យ ពិសេសលើវិស័យអប់រំធនធានមនុស្ស។ សម្ដេច បន្ថែមថាពេលនេះឯកសារនេះកំពុងស្ថិតក្នុងការកែសម្រួល និងពន្លឿនដើម្បីរៀបចំពិធីចុះហត្ថលេខារវាងប្រទេសទាំងពីរនាពេលខាមុខ។
ពាក់ព័ន្ធនឹងMOUនេះដែរ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍បញ្ជាក់ទៅកាន់លោកជំទាវឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគី ថាភាគីកម្ពុជាមានបំណងចង់ស្នើឱ្យមានការបន្ថែមខ្លឹមសារពាក់ព័ន្ធនឹងផ្នែករដ្ឋបាលថ្នាក់ក្រោមជាតិ និងផ្នែករក្សាសន្តិសុខនៅក្នុងខ្លឹមMOUនោះ ដើម្បីពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត។
សម្ដេចឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនអំពីកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជានៅថ្នាក់ក្រោមជាតិ តាមបែបវិមជ្ឈការ និងវិសហមជ្ឈការ ដោយសព្វថ្ងៃរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់លើការងារផ្ទេរអំណាចមកថ្នាក់ក្រោមជាតិឱ្យបានកាន់តែច្រើន តាមដែលអាចធ្វើទៅបាន និងស្របតាមសមត្ថភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយផ្ទេរទាំងថវិកា ធនធានមនុស្ស និងសិទ្ធិអំណាចសម្រេចកិច្ចការមូលដ្ឋាន។
ជាការឆ្លើយតប លោកជំទាវឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការកន្លងមក ជាពិសេសក្នុងការងារប្រយុទ្ធប្រឆាំងនឹងអំពើភេវរកម្មដែលកិច្ចការនេះមានសារៈសំខាន់សម្រាប់ប្រទេសតួកគី។ លោកជំទាវ បានបន្តថាទំនាក់ទំនងការទូតប្រទេសទាំងពីរ បានចាប់ផ្ដើមពីដំបូងកាលពីឆ្នាំ១៩៥៩ ហើយទំនាក់ទំនងការទូតនេះត្រូវបានពង្រីកកាន់តែខ្លាំងនៅពេលមានការបង្កើតស្ថានទូតកម្ពុជា នៅរដ្ឋធានីតួកគី។
លោកជំទាវ ក៏បង្ហាញសេចក្ដីរីករាយដែលដំណើរទស្សនកិច្ចរបស់សម្ដេចក្រឡាហោម កាលពីឆ្នាំ២០១៩ នៅប្រទេសតួគីនោះ បានបង្កើតឱ្យមានជាកិច្ចព្រមព្រៀងក្នុងការចុះហត្ថលេខាលើMOU រវាងប្រទេសទាំងពីរ។ ចំពោះបំណងរបស់សម្ដេចក្រឡាហោម ស្នើពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមក្នុងMOUនោះ លោកជំទាវ បានបញ្ជាក់ពីការត្រៀមទទួលលិខិតផ្លូវការពីក្រសួងមហាផ្ទៃ ដើម្បីបញ្ជូនទៅរដ្ឋាភិបាលតួកគីពិនិត្យ និងសម្រេច។
លោកជំទាវ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគី ក៏បានជម្រាបសម្ដេចក្រឡាហោម ស ខេង ដែរថានឹងបន្តតាមដានការងារនេះ ជាមួយក្ដីសង្ឃឹមថាភាគីទាំងពីរ កម្ពុជា និងតួកគី នឹងអាចរកកាលបរិច្ឆេទសមស្របណាមួយនាពេលខាងមុខ ដើម្បីរៀបចំពិធីចុះហត្ថលេខាលើMOUនេះ ក៏ដូចជាចុះហត្ថលេខាលើឯកសារពាក់ព័ន្ធដទៃទៀតដែរ។
នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានផ្លាស់ប្ដូរទស្សនគ្នាជាមួយលោកជំទាវឯកអគ្គរដ្ឋទូតតួកគី អំពីព្រឹត្តិការណ៍អន្តរជាតិ ជាពិសេសបញ្ហារវាងរុស្ស៊ី និងអ៊ុយក្រែន ដោយសម្ដេចបានសង្កេតឃើញថាប្រទេសតួកគី បានប្រកាន់ជំហរអព្យាក្រឹត្យ និងជាមេរៀនមួយដ៏ល្អអាចនឹងនាំទៅដល់ការកាត់បន្ថយភាពតានតឹងក្នុងតំបន់ជម្លោះជាអន្តរជាតិ រួមទាំងការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីដែលក៏បង្កផលប៉ះពាល់ជាសាកលរួមទាំងកម្ពុជាផងដែរនោះ។
សម្ដេច បានមានប្រសាសន៍ថាជម្លោះនេះ មិនអាចបញ្ចប់ដោយការប្រើប្រាស់កម្លាំងប្រដាប់អាវុធនោះទេ គឺមានតែការចរចាគ្នាប៉ុណ្ណោះ ទើបអាចស្វែងរកដំណោះស្រាយបាន។ លោកជំទាវ បានបង្ហាញការគាំទ្រចំពោះប្រសាសន៍លើកឡើងរបស់សម្ដេចក្រឡាហោម និងបានមានប្រសាន៍ថាជាការពិតបញ្ហានៃជម្លោះ និងការដាក់ទណ្ឌកម្មនេះ បានជះឥទ្ធិពលលើគ្រប់ប្រទេស និងស្ទើតែគ្រប់វិស័យ។ លោកជំទាវ បន្តថាជំហររក្សាអព្យាក្រឹត្យរបស់តួកគី ក៏កំពុងតែជួបការលំបាកដែរ ប៉ុន្តែប្រទេសតួកគី នៅតែប្រកាន់ជំហរនេះ ដើម្បីឱ្យមានការចរចាពីគ្រប់ភាគី ពីព្រោះក្នុងសង្គ្រាមគឺមិនមានអ្នកឈ្នះនោះទេ ហើយសម្រាប់តួកគី គឺនឹងខិតខំព្យាយាមឱ្យប្រទេសជម្លោះចូលមកតុចរចា។ លោកជំទាវបន្តថាប្រទេសតួគី និងកម្ពុជា មានជំហរស្រដៀងលើបញ្ហានេះ ហើយក្នុងនាមប្រធានអាស៊ានលោកជំទាវសង្កេតឃើញថាកម្ពុជាពិតជាបានខិតខំរកដំណោះដោះស្រាយបញ្ហាតំបន់ ដូចជាករណីនៅប្រទេសមីយ៉ាន់ម៉ា។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថាសម្រាប់កម្ពុជា បញ្ហាប្រឈមមុខនេះក៏ជាឱកាស និងជាបញ្ហាប្រឈមសម្រាប់កម្ពុជាដែរ ក្នុងនោះគឺមិនអាចកាត់ផ្ដាច់ការចូលរួមពីភាគីណាមួយនោះទេ ដូចជាការព្យាយាមឱ្យភាគីមីយ៉ាន់ម៉ាចូលក្នុងកិច្ចប្រជុំអាស៊ានជាដើម។
សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ UIKU Kocaefe ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជាថ្មីទៀតអំពីការត្រៀមខ្លួនសហការធ្វើការជាមួយគ្នាទៅវិញទៅមកដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា និងតួកគី ពិសេសនៅក្នុងអំឡុងអាណត្តិការទូតរបស់លោកជំទាវនៅកម្ពុជា ៕