សម្ដេចតេជោ ហ៊ុន សែន អនុញាតឱ្យនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញាតឱ្យលោកDaren Tang នាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។
ឯកឧត្តម Daren Tang បានជម្រាបជូនសម្ដេចតេជោថា លោកបានមកកម្ពុជាជាច្រើនដងហើយ ហើយសព្វដងដែលលោក បានមកដល់កម្ពុជា គឺឃើញកម្ពុជា មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ លោកសូមសម្ដែងនូវការគោរពនិងអបអរសាទរ ជូនចំពោះសម្ដេចតេជោនិងប្រជាជនកម្ពុជា ។
លោកក៏បានគោរពជម្រាបជូនសម្ដេចតេជោបន្ថែមថា អង្គការកម្មសិទ្ធិបញ្ញាពិភពលោក កាលពីដើមឡើយ គឺជាអង្គការបច្ចេកទេស ប៉ុន្តែនាពេលនេះ អង្គការនេះ កំពុងប្រែក្លាយខ្លួនទៅជាអង្គការអភិវឌ្ឍន៍ គាំទ្រគម្រោងការអភិវឌ្ឍរបស់ប្រទេសដែលកំពុងអភិវឌ្ឍន៍ ហើយដំណើរទស្សនកិច្ចរបស់លោកមកកាន់ព្រះរាជាណាចក្រកម្ពុជា នៅពេលនេះ គឺដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផង និងដើម្បីស្វែងយល់ និងស្វែងរក វិធីជួយគាំទ្រដល់កម្ពុជាផង ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានស្នើសុំឲ្យអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ជួយដល់កម្ពុជា ក្នុងការចុះបញ្ជីដំណាំភូមិសាស្ត្ររបស់កម្ពុជា ហើយក៏បានជម្រាបជូនលោក Daren Tang និងប្រតិភូ អំពីការកត់សម្គាល់របស់សម្ដេច រួមមាន៖ ពាណិជ្ជកម្មរវាងប្រទេសនៅក្នុងតំបន់ មានការកើនឡើងនៅក្នុងអំឡុងពេលមានកូវីដ19 នោះសបញ្ជាក់ឲ្យឃើញថា AFTA ចាប់ផ្ដើមដំណើរការសកម្មនៅពេលដែលមានជំងឺកូវីដ19។ ជាឧទាហរណ៍ពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម, កម្ពុជា-ថៃ និងកម្ពុជា-ឡាវ មានការកើនឡើងគួរឲ្យកត់សម្គាល់។ កំណត់សម្គាល់មួយទៀត គឺសង្គ្រាមនៅប្រទេសអ៊ុយក្រែន គឺជារឿងមួយ ប៉ុន្តែការដាក់ទណ្ឌកម្មហួសហេតុពេក នាំទៅដល់វិបត្តិ ដែលមិនត្រឹមតែនៅអឺរ៉ុបទេ ប៉ុន្តែវិបត្តិជាពិសេស គឺវិបត្តិសេដ្ឋកិច្ច រីករាលដាលដល់ប្រទេសដទៃទៀត នៅក្រៅទ្វីបអឺរ៉ុប ក្នុងនោះ រួមមានទាំងកម្ពុជាផងដែរ ៕