ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជាថា៖ ប្រាក់យ័ន អាចប្រើប្រាស់បាននៅក្នុងប្រព័ន្ធធនាគារតែប៉ុណ្ណោះ

ភ្នំពេញ៖ លោកស្រីជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានឆ្លើយតបទៅនឹងការប្រើប្រាស់់រូបិយប័ណ្ណយ័ន ប្រទេសចិន បន្ទាប់ពីមានបណ្តាព័ត៌មានក្នុងស្រុកមួយចំនួន បានចុះនៅលើគេហទំព័ររបស់ខ្លួនថា កម្ពុជាជម្រុញឲ្យមានការប្រើប្រាស់យ័ន ក្នុងវិស័យទេសចរណ៍ និងសកម្មភាពផ្សេងៗ ដើម្បីគាំទ្រ និងជម្រុញដល់ការអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជា ។

ពាក់ព័ន្ធនឹងរូបិយប័ណ្ណប្រាក់យ័ន កន្លងមកធនាគារជាតិនៃកម្ពុជា បានអនុញ្ញាត្តឲ្យធនាគាចិន ប្រើបានតាមប្រពន្ធអនឡាញ ឬប្រព័ន្ធឌីជីថលបានដូចជា Union Pay, WeChat pay, និង Ali Pay ជាដើម ដោយមិនមានការគាំទ្រឲ្យប្រើប្រាស់ជាសាធារណៈជន ពោលគឺប្រាក់យ័នអាចប្រើប្រាស់ក្នុងក្របខណ្ឌការទូទាត់ប្រព័ន្ធធនាគារ និងអាចធ្វើចរាចរណ៍បានតែនៅក្នុងស្ថាប័នហិរញ្ញវត្ថុ នៃប្រព័ន្ធធនាគារតែប៉ុណ្ណោះ ដោយមិនអនុញ្ញាត្តឲ្យប្រើប្រាស់នៅតាមទៅផ្សារ ឬការចរាចរណ៍បានដូចប្រាក់រៀលនោះឡើយ ។

លោកស្រីបន្តថា ចំពោះការចរាចរណ៍ប្រាក់យ័ននេះ ភ្ញៀវទេសចរណ៍ ឬអ្នកវិនិយោគទុនអាចយកមកបាន គឺអាច យកដូរនៅធនាគារ ឬកន្លែងប្តូរប្រាក់ផ្សេងៗ ដោយធនាគារជាតិនៃកម្ពុជាមិនអនុញ្ញាត្តឲ្យចាយវាយដូចប្រាក់រៀល ឬដុល្លារ តាមទីផ្សារសាធារណៈដោយសេរី និងគ្មានគោលការណ៍អនុញ្ញាត្តរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីនោះដែរ ប៉ុន្តែបើប្រើប្រាស់នៅក្នុងប្រព័ន្ធធនាគារ កម្ពុជាមានធនាគារសម្រាប់ទទួល បច្ចុប្បន្នមានប្រមាណ ១៥ធនាគារ ដែលមានប្រតិបត្តិការលុយយ័ន និងមានធនាគារមិនតិចជាង១២ ថែមទៀត ដែលចង់ប្រតិបត្តិការលើប្រាក់យ័ននេះ ។

លោកស្រីជា សិរី បញ្ជាក់ថា បច្ចុប្បន្ននេះ ធនាគារជាតិនៃកម្ពុជាបានផ្សព្វផ្សាយ និងជម្រុញលើកទឹកចិត្តឲ្យប្រជាជនគាំទ្រ និងប្រើប្រាស់ប្រាក់រៀល ការបង្កើតទិវាប្រាក់រៀល នៃការដាក់ឲ្យចរាចរប្រាក់រៀលឡើងវិញ រួមជាមួយការផ្សព្វផ្សាយតាមកម្មវិធីផ្សេងៗ យើងសូមគាំទ្រការប្រើប្រាស់ប្រាក់រៀលដែលរូបិយវត្ថុខ្មែរ ជាអត្តសញ្ញាខ្មែរ ក្នុងគោលដៅលើកតម្កើងប្រាក់រៀល ដើម្បីសង្គម និងសេដ្ឋកិច្ចជាតិយើងទាំងមូល ដោយយើងមិនត្រូវពឹងផ្អែកលើរូបិយបណ្ណបរទេសជារៀងរហូតនោះឡើយ ៕