លោក ពុទ្ធិវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានចាត់តាំង លោក នង វាសនា អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាចូលជួបពិភាក្សាជាមួយ លោកបណ្ឌិត Ingo Karsten ឯកអគ្គរដ្ឋទូតសហព័ន្ធអាឡឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជាស្តីពីករណីសហគមអឺរ៉ុប(EU)គ្រោងដាក់ពន្ធលើការនាំចូលអង្ករពីកម្ពុជា។
លោក នង វាសនា អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានរំលឹក
ពីស្ថានភាពស្រូវអង្ករនិងពិសេសផ្តោតសំខាន់ទៅលើការស្នើសុំដាក់វិធានការ(Safeguard)របស់សមាជិកសហភាពអឺរ៉ុបមកលើកម្ពុជាថា«មិនបានជួយដល់កម្ពុជានិងបានស្នើសុំសហព័ន្ធអាឡឺម៉ង់ក្នុងការបោះឆ្នោតបដិសេធលើសំណើនេះដែលនឹងធ្វើនាពេលឆាប់ៗខាងមុខ»។
លោកបានមានប្រសាសន៍ថាការលើកឡើងពីចំណុចមិនទាន់គ្រប់ជ្រុងជ្រោយដែលបានលើកឡើងក្នុងសំណើរដាក់ពន្ធលើអង្ករកម្ពុជាដោយអ៊ីតាលីនិងអេស្បាញ និងបានលើកឡើងពីការខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍវិស័យស្រូវអង្ករ ការធ្វើទំនើបកម្មនិងការធ្វើពិពិធកម្មទីផ្សារទៅកាន់ទីផ្សារផ្សេងៗ។
ការដាក់ពន្ធនេះអាចនឹងធ្វើអោយមានការធ្លាក់ចុះនៃចំណូលកសិករ ការបាត់បង់ការងារការចាកចេញពីវិស័យនេះទៅវិស័យផ្សេងការធ្វើអោយធ្លាក់ក្នុងបន្ទាត់ភាពក្រីក្រជាដើម ដែលប៉ះពាល់ដល់ជីវភាពកសិករនិងការខិតខំរបស់ដៃគូអភិវឌ្ឍន៍នៃរដ្ឋាភិបាលនៃបណ្តាប្រទេសនានាដែលបានធ្វើការងារនេះក្នុងវិស័យស្រូវអង្ករកម្ពុជា។
ជាមួយគ្នានេះសហព័ន្ធស្រូវអង្ករកម្ពុជាក៏បានផ្តល់ជូននូវឯកសារបន្ថែមដែលជាលិខិតរបស់សមាគមន៍COCERALនិងអ្នកនាំចេញរបស់អឺរ៉ុប ដោយក្នុងលិខិតនោះបានបញ្ជាក់ថា អ្នកនាំចូលពីខាងអឺរ៉ុប ក៏បានគាំទ្រដល់អង្ករកម្ពុជា និងប្រឆាំងការដាក់ពន្ធនេះដែរ។
លោក ឯកអគ្គរដ្ឋទូតអាឡឺម៉ង់ បានបញ្ជាក់ថា គាត់បានទទួលលិខិតពីក្រសួងពាណិជ្ជកម្ម និងពីសហព័ន្ធស្រូវអង្ករកម្ពុជាផងដែរ និងសិក្សាលើអំណះអំណាងនៅក្នុងឯកសារនោះផងដែរ។
លោកអនុុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានស្នើសុំសហភាពអឺរ៉ុបសូមទុកពេលប៉ុន្មានឆ្នាំបន្ថែមទៀតរហូតដល់ប្រទេសកម្ពុជាក្លាយជាប្រទេសមានកម្រិតចំណូលមធ្យមដែលយើងនឹងសម្រេចនៅពេលប៉ុន្មានឆ្នាំខាងមុខ។
ជាមួយគ្នានេះដែរ លោក នង វាសនា ក៏បានពាំនាំនូវសំណើរបស់
សុខ ពុទ្ធិវុធប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាដែលបានស្នើសុំការគាំទ្រយ៉ាងពេញទំហឹងពីសហព័ន្ធអាល្លឺម៉ង់លើករណីនេះផងដែរ។
លោកឯកអគ្គរដ្ឋទូតអាឡឺម៉ង់បានបញ្ជាក់ថា នឹងពាំនាំការស្នើសុំរបស់សហព័ន្ធស្រូវអង្ករកម្ពុជាទៅជម្រាបជូនទៅរដ្ឋាភិបាលរបស់អាឡឺម៉ង់៕