ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងមហាផ្ទៃ ប្រគល់ភារកិច្ចជូនលោក នូវប៉េង ច័ន្ទតារា អភិបាលរងជាអភិបាល ខេត្តកណ្ដាល ស្ដីទី

 

ភ្នំពេញៈ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសលេខ៣១៩៩ ប្រក ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ស្ដីពី «ការប្រគល់ភារកិច្ចជា អភិបាលខេត្ត ស្ដីទី នៃគណៈអភិបាល ខេត្តកណ្ដាល»។

នៅក្នុងសេចក្ដីសម្រេច ប្រការ១ បានគូសបញ្ជាក់ថា « ប្រគល់ភារកិច្ចជូនលោក នូវប៉េង ច័ន្ទតារា អភិបាលរង នៃគណៈអភិបាលខេត្តកណ្ដាល ជាអភិបាលខេត្តស្ដីទី»។

សេចក្ដីប្រកាស ខាងលើ ក្រសួងមហាផ្ទៃ ពុំបានបញ្ជាក់អំពីមូលហេតុលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល មានបញ្ហាអ្វីនោះទេ។ ក៍ប៉ុន្តែបើយោងតាមប្រភពក្រៅផ្លូវការមួយបានបង្ហើបប្រាប់ នៅល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣
ថា លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល មានជំងឺជាទម្ងន់ កំពុងសម្រាកសង្គ្រោះបន្ទាន់ ព្យាបាលជំងឺគាំងបេះដូង នៅប្រទេសថៃ អស់រយៈបីថ្ងៃ
មកហើយ។

ប្រភពបន្តទៀតថា កាលពីបីថ្ងៃមុនលោក គង់ សោភ័ណ្ឌ ជំងឺបេះដូងបានធ្វើទុកបណ្ដាលឱ្យគាត់ដួល តែត្រូវបានគេជួយសង្រ្គោះទាន់ពេល វេលាខណៈកំពុងចូលរួមម្ពោធសមិទ្ធផលនានានៅក្នុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ជាមួយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ឥឡូវនេះគាត់បានដឹងខ្លួនវិញហើយ។ កន្លងមកគាត់ខំប្រឹងធ្វើការខ្លាំងពេកដោយពុំបានពិនិត្យ​សុខភាព។

ទោះជាយ៉ាងណានៅព្រលប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ អ្នកនាំពាក្យសាលាខេត្តកណ្តាល និងអ្នកនាំពាក្យ ក្រសួងមហាផ្ទៃ លោក ខៀវ សុភគ៌ គឺពុំអាចសុំការបំភ្លឺបានទេជុំវិញករណីខាងលើនេះ៕