កំពង់ចាម៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដា្ឋនស្រុកព្រៃឈរ និងស្រុកបាធាយ ចូលរួមក្នុងពិធីអបអរសាទរខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៣ និងបំពាក់គ្រឿងឥស្សរិយយស ការពារជាតិ ជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ចំនួន ៤៣៩នាក់ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ។
លោករដ្ឋមន្រ្តី លោក ប៉ាន សូរស័ក្តិ លើកឡើងថា ការជួបជុំគ្នានេះ គឺធ្វើឡើងដើម្បីបង្កឱកាសស្វែងយល់អំពីបញ្ហាប្រឈម និងការជួបប្រាស្រ័យទាក់ទងសួរសុខទុក្ខគ្នាទៅវិញទៅមក ក្នុងន័យបង្កើននូវភាពស្និទ្ធស្នាលឱ្យកាន់តែស៊ីជម្រៅមួយកម្រិតថែមទៀតរវាងក្រុមការងាររាជរដ្ឋាភិបាល ជាមួយនឹងបងប្អូនអតីតយុទ្ធជន។
លោករដ្ឋមន្រ្តី បានប្រកាសគាំទ្រ និងប្តេជ្ញាខិតខំយកចិត្តទុកដាក់អនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់តាមសារអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៣ ដើម្បីជាការលើកទឹកចិត្ត និងផ្សារភ្ជាប់មនោសញ្ចេតនាជាមួយអតីតយុទ្ធជន និងយុទ្ធជន យុទ្ធនារី និងសូមថ្លែងអំណរគុណ ចំពោះប៉ុស្តិ៍រដ្ឋបាលទាំងអស់ ដែលបានរួមចំណែកជួយចាត់ចែងការងារ មើលការខុសត្រូវ និងយកចិត្តទុកដាក់ចំពោះបងប្អូនអតីតយុទ្ធជនកន្លងមក។
លោករដ្ឋមន្រ្តី បានអំពាវនាវដល់បងប្អូនអតីតយុទ្ធជនទាំងអស់ ឱ្យបន្តរក្សាស្មារតី វីរភាពដ៏ឧត្តុង្គឧត្តម និងសេចក្តីថ្លៃថ្នូរជាប្រជាពលរដ្ឋល្អឆ្នើមរបស់ជាតិមាតុភូមិ ដើម្បីបន្តធ្វើជាគំរូល្អ ក្នុងសង្គមជាតិ និងកូនចៅជំនាន់ក្រោយ និងអំពាវនាវដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនស្រុក ត្រូវបន្តធ្វើនូវអំពើល្អ និងត្រូវបន្តការចុះសួរសុខទុក្ខដើម្បីស្វែងយល់ពីស្ថានភាពជីវភាព សុខភាព និងខិតខំឱ្យអស់ពីកម្លាំងកាយចិត្ត ដោះស្រាយរាល់ទុក្ខលំបាកពួកគាត់ ពេលមានបញ្ហាឱ្យទាន់ពេលវេលា៕

