ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

 សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករ កម្មការិនី ជិត ២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

ភ្នំពេញ៖ នៅព្រឹក​ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសំណេះ សំណាលជាមួយកម្មករ និយោជិតសរុប ១៨,៣១៣នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមការឲ្យដឹងពីលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យ​ដឹងថា កន្លងទៅ សម្ដេចតេជោនាយករដ្ឋមន្តី ធ្លាប់បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនេះ ចំនួន១៦ដងរួចមកហើយ ក្នុងនោះកាលពីឆ្នាំ២០១៧ ចំនួន ៧ដង ដែលមានកម្មករនិយោជិតចូលរួមចំនួន១០ម៉ឺន ៦ពាន់នាក់ មកពីរោងចក្រ សហគ្រាស ចំនួន ៨៨, កាលពីឆ្នាំ២០១៨ ចំនួន ៧ដង ដែលមានកម្មករនិយោជិតចូលរួមចំនួន១០ម៉ឺន ៧ពាន់នាក់ មកពីរោងចក្រ សហគ្រាស ចំនួន ១០០ និងក្នុងឆ្នាំ២០២៣ នេះ ចំនួន ២លើក គឺ កាលពីថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣ និងថ្ងៃពុធ ទី១៤ ខែមិថុនា ដែលមានកម្មករនិយោជិតចូលរួមចំនួន ៣ម៉ឺន ៦ពាន់នាក់ មកពីរោងចក្រ សហគ្រាស ចំនួន៣៣។​
លោករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការងារ បានបញ្ជាក់ថា ថ្ងៃនេះ ជាលើកទី១៧ ដែល សម្តេចតេជោនាយករដ្ឋមន្ត្រី បានមកជួបសំណេះសំណាលជាមួយ បងប្អូនកម្មករនិយោជិតសរុបចំនួន១៨ ៣១៣នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១៧ ក្នុងនោះ ខណ្ឌពោធិ៍ សែនជ័យ ចំនួន១០, ខណ្ឌមានជ័យចំនួន ៤ និងខណ្ឌកំបូលចំនួន៣។
រោងចក្រ សហគ្រាសចំនួន១៧ ជាប្រភេទរោងចក្រកាត់ដេរទាំងអស់។ ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ដូចជាសហគមន៍អឺរ៉ុប សហរដ្ឋអាម៉េរិក ប្រទេសចិន ប្រទេសល្យស្ត្រាលី។ល។
សូមបញ្ជាក់ថា នៅរាជធានីភ្នំពេញ ឆ្នាំ២០២៣ មានរោងចក្រ សហគ្រាស ចំនួន ៩៣១៤ មានកម្មករនិយោជិតប្រមាណជាង ៦៦ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបប្រមាណ ២ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ក្នុងនោះរោងចក សហគ្រាសវិស័យកាត់ដេរ ចំនួន ៧២៧. មានកម្មករនិយោជិតសរុបជិត ៣៣ម៉ឺន៩ពាន់នាក់ ដែលមានប្រាក់ ឈ្នួលមធ្យមសរុបប្រមាណ ១ពាន់ ៥០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ហើយរាជធានីភ្នំពេញជាប៉ូលសេដ្ឋកិច្ចទីមួយ និងជាតំបន់ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាស ច្រើនជាងគេ។