ភ្នំពេញ៖ ករណីបាញ់បោះអនាធិបតេយ្យជាង ២០០គ្រាប់ ជប់លៀងខួបកំណើតនៅ រមនីយដ្ឋានទេសចរណ៍ គីរីរម្យ ខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២៣ កេីតហេតុនៅផ្ទះលំហែរបស់ លោកឧត្ដមសេនីយ៍ទោ គៀង ចាន់តួ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ។
ចំណែកម្ចាស់ខួបកំណើតឈ្មោះ កង ឆាយ ពាក់ស័ក្តិ២ មន្ត្រីនគរបាល ជាអ្នកបាញ់ច្រើនជាងគេ ។បច្ចុប្បន្ន សមត្ថកិច្ចកំពុងតាមចាប់ខ្លួនជនប្រព្រឹត្តបទល្មើសដេីម្បីយកមកផ្ដន្ទាទោសតាមច្បាប់ ។

ប៉ុន្តែនៅក្នុងសារសំឡេងនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ គៀង សាវុធ ដែលជាឪពុក លោកឧត្ដមសេនីយ៍ទោ គៀង ចាន់តួ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានចេញមុខបញ្ជាក់ថា «ខ្ញុំ នាយឧត្ដមសេនីយ៍ គៀង សាវុធ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ សូមអះអាងចំពោះមុខច្បាប់ពីបញ្ហាការបាញ់បោះនៅចំការតែលើភ្នំគិរីរម្យ មិនមានឈ្មោះ គៀង សាវុធ មិនមានឈ្មោះ គៀង ចាន់តួ ទេ សូមមហាជនជ្រាប ហើយបើសិនតាមដានទៅឃើញពិតប្រាកដ ខ្ញុំសូមអះអាងចំពោះមុខច្បាប់ថា ទី១ គឺទទួលខុសត្រូវចំពោះមុខច្បាប់ អាចបកស័ក្តិចេញទាំងពីរនាក់ឳកូន។ ទី២ ចាប់ដាក់ពន្ធនាគារទាំងពីរនាក់ឳកូន សូមមហាជនជ្រាប នេះជាពាក្យពិតរបស់យើងខ្ញុំ គៀង សាវុធ»។

សូមជម្រាបថា កាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចចំការតែលើភ្នំគិរីរម្យ ស្ថិតក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ គេបានលឺស្នូរគ្រាប់កាំភ្លើងបាញ់រះជាច្រើនគ្រាប់កក្រើកព្រៃ បង្កឲ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍មកស្នាក់នៅទីនោះ ដែលប្រភពមួយចំនួនបង្ហើបថា ក្រុមអ្នកបាញ់បោះសេរីនេះ គឺជាក្រុមកូនក្មួយរបស់អ្នកធំម្នាក់ថ្នាក់នាយឧត្តមសេនីយ៍នៅក្រសួងការពារជាតិ។
បើតាមព័ត៌មានពលរដ្ឋនៅទីនោះបានបញ្ជាក់ថា ឱ្យតែថ្ងៃចុងសប្តាហ៍ពួកគាត់មកកំសាន្តនៅដីចំការលំហែរបស់គាត់ហើយ គឺចាក់ធុងបាស់សំឡេងលឺខ្លាំង ផឹកស៊ីស្រវឹងបាញ់បោះគ្មានខ្លាចញញើតសមត្ថកិច្ចឡើយ។
នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ តំណាងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ បានដឹកនាំកម្លាំងសមត្ថកិច្ចចុះពិនិត្យ និងស្រាវជ្រាវកន្លែងកើតហេតុបានរកឃើញសំបកគ្រាប់អាវុធខ្លី និងវែងប្រមាណជាង ២០០គ្រាប់ និងកំពុងបន្តនិតិវិធី។




