ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ថា សហរដ្ឋអាមេរិក​គ្មាន​ជំទាស់​នឹង​គម្រោង​ព្រែកជីក​ហ្វ៊ូ​ណន​តេ​ជោ​នោះទេ​

ភ្នំពេញ: ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធាន​ទី​១​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ថ្លែង​ក្នុងសន្និសីតកាសកាសែតកាលពីថ្ងៃទី៣ខែឧសភានេះថា តាមរយៈ​ការបញ្ជាក់​របស់​ឯកអគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក ផា​ទ្រី​ក មូរ​ហ្វ៊ី (Patrick Murphy) ភាគី​សហរដ្ឋអាមេរិក​គ្មាន​ជំទាស់​នឹង​គម្រោង​ព្រែកជីក​ហ្វ៊ូ​ណន​តេ​ជោ​នោះឡើយ ព្រោះ​គម្រោង​នេះ​ធ្វើ​នៅក្នុង​អធិបតេយ្យ​កម្ពុជា​សុទ្ធសាធ​។​
ឧបនាយករដ្ឋមន្ត្រី​បាន​ថ្លែង​អះអាង​បែបនេះ នៅក្នុង​វេទិកា​សារព័ត៌មាន​ពិសេស​មួយ រៀបចំ​ដោយ​ក្លិប​អ្នកកាសែត​កម្ពុជា និង​នៅក្រោយ​កិច្ចប្រជុំ​រវាង​លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជាមួយ​ ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត ក៏ដូចជា​មន្ត្រី​តំណាង​ស្ថានទូត​នានា​ប្រចាំ​នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០២៤ នៅ​ទីស្តីការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្នុង​គោលបំណង​ពន្យល់ និង​បង្ហាញ​ព័ត៌មាន​នានា​ពាក់ព័ន្ធ​នឹង​គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោរបស់​កម្ពុជា​។​
​ឧបនាយករដ្ឋមន្ត្រី​បាន​បញ្ជាក់ទៀតថា «​ភាគី​សហរដ្ឋអា មេរិក គ្មាន​ជំទាស់​នឹង​គម្រោង​ព្រែកជីក​ហ្វ៊ូ​ណន​តេ​ជោ​នេះ​ទេ សហរដ្ឋអា មេរិក​ក៏​គ្មាន​កង្វល់​ពី​គម្រោង​ព្រែកជីក​នេះដែរ សហរដ្ឋអាមេរិក​តែង​លើក​ពី​កំពង់ផែ​និង​មូលដ្ឋាន​ទ័ពជើងទឹក​រា​ម​ពិតមែន តែ​គ្មាន​បាន​លើក​ពី​គម្រោង​ព្រែកជីក​ហ្វ៊ូ​ណន​-​តេ​ជោ​ឡើយ ព្រោះ​ជា​គម្រោង​នៅលើ​ទឹកដី​កម្ពុជា តែ​លោក​សុំ​ឲ្យ​កម្ពុជា​គិតគូរ​រឿង​បរិស្ថាន​ប៉ុណ្ណោះ​។
ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយលោក Paul Clement ​ប្រធាន​សភា​ពាណិជ្ជ​កម្ម​អន្តរជាតិ​នៃ​កម្ពុជា (International Business Chamber – IBC)

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ កាលពីព្រឹកថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យលោក Paul Clement ប្រធានសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ក្នុងឱកាសកិច្ចប្រជុំនោះ លោកប្រធានសភាពាណិជ្ជកម្មបានជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រីអំពីបេសកកម្មរបស់ IBC ដែលបានចាប់ផ្តើមនៅកម្ពុជាតាំងពី ៣១ឆ្នាំមុន និងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការចូលរួមយ៉ាងសកម្មរបស់ពួកគេនៅក្នុងក្រុមការងារ “ឃ” នៃវេទិការាជរដ្ឋាភិបាល និងឯកជនលើកទី១៩។ ឆ្លៀតក្នុងឱកាសនោះ លោកប្រធានក៏បានបង្ហាញអំពីទិសដៅការងារ និងផែនការសកម្មភាពរបស់សភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជារួមមាន ការបង្កើតឱកាសឱ្យសមាជិកសភាពាណិជ្ជកម្មផ្សេងៗនៅក្នុងប្រទេសកម្ពុជារួមមាន សភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មអាមេរិក ជាដើម មានឱកាសប្រាស័យទាក់ទងគ្នា ដើម្បីជំរុញចលនាទាក់ទាញវិនិយោគិនមកបណ្តាក់ទុននៅប្រទេសកម្ពុជា។
ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ជម្រាបជូនជាសង្ខេបអំពីគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្រ្តរបស់កម្ពុជា តភ្ជាប់ទន្លេកម្ពុជា ទៅកាន់សមុទ្រដោយផ្ទាល់។
គម្រោងនេះត្រូវបានធ្វើការសិក្សាយ៉ាងលម្អិតដោយក្រុមការងារបច្ចេកទេសនិងទីប្រឹក្សាអន្តរជាតិចំនួន៤៨នាក់ដោយប្រើប្រាស់ស្តង់ ដារ និងបច្ចេកវិទ្យាអន្តរជាតិរួមមាន ដ្រូន និងផ្កាយរណបក្នុងការសិក្សានេះ។
ជាលទ្ធផលគម្រោងនេះគឺមិនមានផលប៉ះពាល់អវិជ្ជមានដល់បរិស្ថានកម្ពុជា និងប្រទេសជិតខាងនោះទេ ប៉ុន្តែបានផ្តល់អត្ថប្រយោជន៍ដល់សកលលោកទាំងមូលផងដែរ ដោយបានចូលរួមកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាសដោយសារចម្ងាយការធ្វើនាវាចរណ៍មានរយៈប្រវែងខ្លីជាងមុន។

ជាចក្ខុវិស័យវែងឆ្ងាយឧបនាយករដ្ឋមន្ត្រីបានលើកឡើងអំពីទិសដៅក្នុងការរៀបចំឱ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្លាយជាស្ថាប័នផ្តល់ការប្រឹក្សាយោបល់កម្រិតខ្ពស់ជូនដល់វិនិយោគិន ជាមួយនឹងព័ត៌មានគន្លឹះៗសំខាន់របស់កម្ពុជា ដើម្បីមានមូលដ្ឋានគ្រប់គ្រាន់និងច្បាស់លាស់ មុននឹងសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅក្នុងប្រ ទេសកម្ពុជា។