ក្រសួងទេសចរណ៍ មានកិត្តិយសជម្រាបជូនម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជាទាំងអស់ ឱ្យបានជ្រាបថា ដើម្បីទប់ស្កាត់ការប្រើប្រាស់ ឬដាក់តាំងផ្លាកសញ្ញាដែលមានភិនភាគ ស្រដៀងឬដូចចំណាត់ថ្នាក់ផ្កាយដែលពុំមែនជាការទទួលស្គាល់ដោយក្រសួងទេសចរណ៍នោះមូលដ្ឋានអាជីវកម្មទាំងនោះនឹងក្លាយជាកម្មវត្ថុនៃការពិន័យជាប្រាក់ស្របតាមអនុក្រឹត្យលេខ ១៦ អនក្រ.បក ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០០៤ ស្តីពី ចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ ដូចមានចែងនៅក្នុងមាត្រា ២១ និង មាត្រា ២២។
១. មាត្រា ២១- ការប្រើប្រាស់ចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ហួសសុពលភាព ឬធ្វើការផ្សព្វផ្សាយចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ដោយគ្មានការទទួលស្គាល់ពីក្រសួងទេសចរណ៍ ត្រូវចាត់ទុកថាខុសច្បាប់ និងត្រូវផន្ទាទោសតាមច្បាប់ជាធរមាន។
២.មាត្រា ២២- អ្នកទទួលខុសត្រូវគ្រប់គ្រងសណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ដែលប្រព្រឹត្តល្មើសនឹងមាត្រា៦ មាត្រា២១ នៃអនុក្រឹត្យនេះ ត្រូវពិន័យរដ្ឋបាលជាប្រាក់ចំនួនពី ១ ០០០ ០០០ (មួយលាន) រៀលទៅ ៥ ០០០ ០០០ (ប្រាំលានរៀល)។ ក្នុងករណីសាមីខ្លួនមិនរាងចាល ត្រូវពិន័យជាប្រាក់ទ្វេដង។