ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល គ្មានបំណងដាក់ភាសាវៀតណាមជាភាសាជាតិជាដាច់ខាត

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា ដ៏រាបណា គណបក្សប្រជាជនកម្ពុជានៅតែដឹកនាំរាជរដ្ឋាភិបាល ភាសាខ្មែរនៅតែជាភាសាជាតិតែមួយគត់ ហើយគ្មានបំណងណាមួយដាក់ភាសាវៀតណាមជាភាសាជាតិជាដាច់ខាត។ ការថ្លែងរបស់សម្តេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សជាប់និន្ទេស A នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ថ្ងៃមុនមិននៅៗ ស្រែកថាក្រសួងអប់រំយុវជន និងកីឡា ដាក់បញ្ចូលភាសាវៀតណាមក្នុងប្រព័ន្ធជាភាសាជាតិ អត់មានទេ។ ខ្ញុំសូមបញ្ជាក់ដ៏រាបណាគណបក្សប្រជាជនកម្ពុជានៅតែដឹកនាំប្រទេស ភាសាខ្មែរនៅតែជាភាសាជាតិ តែមួយគត់របស់កម្ពុជា គ្មានដាក់ភាសាបារាំង ឬភាសាអង់គ្លេស គឺគ្មានទេ»។ សម្តេចធិបតីបានបញ្ជាក់ថា កាលពីមុនសង្គ្រាមចង់ប្រឡងបាក់ឌុបទាល់តែយើងចេះទាំងភាសាខ្មែរ និងភាសាបារាំង តែឥឡូវនេះភាសាបរទេស(បារាំង អង់គ្លេស ជប៉ុន ចិន…) ជាភាសារៀនបន្ទាប់បន្សំ តែភាសាជាតិនៅក្នុងកម្មវិធីអប់រំរបស់ជាតិគឺភាសាខ្មែរតែមួយគត់ ។

ជាមួយគ្នានេះដែរ សម្តេចធិបតីនាយករដ្ឋមន្រ្ដីបានអះអាងថា រាជរដ្ឋាភិបាលតាមរយៈក្រសួងអប់រំយុវជន និងកីឡាបានដាក់ទិសដៅគឺធ្វើយ៉ាងណាពង្រឹងមូលដ្ឋានភាសាខ្មែរឱ្យកាន់តែរឹងមាំចាប់ពីថ្នាក់បឋមសិក្សារហូតដល់ថ្នាក់លើ។ សម្តេចធិបតីបានគូសបញ្ជាក់បន្ថែមថា៖ «យើងគ្មានផែនការណាយកភាសាណាមកជំនួសភាសាខ្មែរនោះទេ ជនជាតិខ្មែរ ត្រូវរៀនភាសាខ្មែរ ហើយយើងមិនត្រឹមតែសរសេរ អាន នោះទេ ពេលនេះ Google ក៏មានជាភាសាខ្មែរដែរ។ កាលពីមុនភាសាមានតែ សរសេរលើ ស្លឹករឹត លើក្រដាសបោះពុម្ព តែឥឡូវបានក្លាយទៅជាភាសាឌីជីថលទៀត។ ការធ្វើបែបនេះដើម្បី ឱ្យកូនខ្មែរប្រើប្រាស់ភាសាខ្មែរកាន់តែច្រើន»។ សម្តេចធិបតីបានលើកឡើងថា សម័យមុនមានគេថាបើចង់ប្រើឌីជីថលទាល់តែរៀន ឬចេះភាសាអង់គ្លេសព្រោះគ្មាននៅលើកឃីបត(Keyboard ) ឥឡូវយើងមាន ហើយបើតាមសម្ដេចចាំ កាលពីមុនមានមួយចំនួន ប៉ុន្តែមិនទូលំទូលាយ ខណៈ នៅពេលនេះគ្រាន់តែអានជាសំឡេង ក៏អាចចេញជាអក្សរផងដែរ ដូច្នេះយើងគួរតែមានមោនភាព។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបន្ថែមថា រាជរដ្ឋាភិបាលតែងតែជំរុញឱ្យមានការអភិរក្សភាសាខ្មែរ និងធ្វើការលើកកម្ពស់ភាសាខ្មែរ ព្រមទាំងជំរុញឱ្យបង្កើតទៅជាឌីជីថលទាន់សម័យ។

ក្នុងឱកាសនោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសឱ្យដឹងថា សូមកុំឱ្យមានការភ័យព្រួយថារាជរដ្ឋាភិបាល នឹងលក់ភាសាខ្មែរ ហើយយកភាសាផ្សេងមកដាក់នោះគឺអត់ទេ វាជាព័ត៌មានប្រឌិត ក្លែងក្លាយដើម្បីឱ្យមានភាពវឹកវរ។ សម្តេចធិបតីនាយករដ្ឋមន្រ្ដីក៏បានលើកទឹកចិត្តឱ្យមានការដាក់តាំងពិព័រណ៍សៀវភៅឱ្យកាន់តែច្រើនទូលំទូលាយដើម្បីឱ្យឪពុកម្តាយនាំកូនៗទៅទិញសៀវភៅមកអានជាជាងការកាន់ទូរស័ព្ទ។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា៖ «ខ្ញុំសូមជំរុញឱ្យក្មួយៗអាចសៀវភៅព្រោះអានជក់ណាស់ «ខ្ញុំនេះហើយ» កាលនោះខ្ញុំអានជក់ព្រោះកាលនោះនៅបណ្ណាល័យមិនសូវមានសៀវភៅទេ តែឥឡូវក្មេងៗមានសៀវភៅតាំងពីថ្នាក់ទី១ទៅ ដូច្នេះ សូមអានឱ្យបានច្រើន»៕ ដោយ៖ ប៊ុនរិទ្ធ AKP