សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ចំនួនពីរ រួមមាន សេចក្តីព្រាងច្បាប់ស្តីពីការប្រឆំាងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និងសេចក្តីសេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក។
សេចក្តីព្រាងច្បាប់ស្តីពីការប្រឆំាងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ មានចំនួន៧មាត្រា។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងដើម្បីផ្តន្ទាទោសចំពោះបុគ្គលទំាងឡាយដែលមិនទទួលស្គាល់ ឬសម្រាល ឬបដិសេធ ឬជំទាស់អត្ថិភាពនៃឧក្រិដ្ឋកម្ម ឬលើកតម្កើងឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និងដែលអត្ថិភាពនៃឧក្រិដ្ឋកម្មទំាងនេះត្រូវបានទទួលស្គាល់ដោយសេចក្តីសម្រេចស្ថាពរ ឬនៅក្នុងកិច្ចដំណើរការនីតិវិធីរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ដើម្បីកាត់សេចក្តីឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ក្នុងគោលបំណងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះនៅក្នុងរបបខ្មែរក្រហម និងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មទំាងនេះវិលត្រឡប់មកវិញនៅកម្ពុជា។
ក្រោយពីបានពិភាក្សាតាមនីតិវិធីរួច អង្គរដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការប្រឆំាងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យចំនួន១១៥សំឡេង នៃវត្តមានសមាជិករដ្ឋសភាចូលរួមប្រជុំចំនួន១១៥ រូប។
ចំពោះសេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក មានចំនួន៤ជំពូកនិង១៥មាត្រា។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងដើម្បីកំណត់អំពីលក្ខខណ្ឌ សមត្ថកិច្ច និងនីតិវិធីក្នុងការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យកនៅក្នុងរឿងក្តីព្រហ្មទណ្ឌ ក្នុងគោលបំណងរក្សាតម្លៃសេដ្ឋកិច្ចនៃវត្ថុចាប់យកទំាងនោះ ព្រមទំាងការពារផលប្រយោជន៍របស់ម្ចាស់វត្ថុចាប់យក ឬរបស់បុគ្គលពាក់ព័ន្ធផ្សេងទៀត និងការពារផលប្រយោជន៍សាធារណៈ។ ដោយវត្ថុចាប់យកនៅក្នុងដំណាក់កាលនីតិវិធីនៃរឿងក្តីព្រហ្មទណ្ឌ មិនទាន់ក្លាយជាទ្រព្យសម្បត្តិរបស់រដ្ឋនៅឡើយ សេចក្តីព្រាងច្បាប់នេះ បានកំណត់យកស្ថាប័នអយ្យការនិងស្ថាប័នតុលាការ ជាស្ថាប័នមានសមត្ថកិច្ចក្នុងការសម្រេចចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក នៅតាមដំណាក់កាលនីមួយៗនៃនីតិវិធីព្រហ្មទណ្ឌ។
ក្រោយពីបានពិភាក្សាតាមនីតិវិធី អង្គរដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក ចំនួន១១៥ សំឡេង នៃវត្តមានសមាជិករដ្ឋសភាចូលរួមប្រជុំចំនួន១១៥រូប។
យោងតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ជំពូកទី៧ មាត្រា៨៣ ដែលបានចែងថា រដ្ឋសភាប្រជុំជាសមញ្ញពីរដងក្នុងមួយឆ្នាំ។ សម័យប្រជុំនីមួយៗមានថិរវេលាយ៉ាងតិចបីខែ។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា ដោយសារសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ បានដំណើរការមកដល់ពេលនេះ គឺ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ មានរយៈពេលជាង៣ ខែហើយ ដូច្នេះ រដ្ឋសភាសូមប្រកាសបិទសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាល៧ ចាប់ពីថ្ងៃនេះតទៅ។
នៅក្នុងរយៈពេលជាងបីមកនេះ រដ្ឋសភាបានបំពេញការងារយ៉ាងសកម្មក្នុងការបម្រើប្រទេសជាតិនិងប្រជាពលរដ្ឋលើមុខងារនីតិកម្ម មុខងារភាពជាតំណាងប្រជាពលរដ្ឋ និងមុខងារតាមដានការអនុវត្តច្បាប់ ព្រមទំាងការងារការទូតសភា និងសកម្មភាពសង្គមជាច្រើនទៀត។ ចំពោះលទ្ធផលការងាររបស់រដ្ឋសភានៅក្នុងរយៈពេលបីខែ ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៣នីតិកាល៧ សម្រេចបានលទ្ធផលអ្វីខ្លះនោះ អគ្គលេខាធិការដ្ឋានរដ្ឋសភា នឹងជូនដំណឹងជម្រាបជូនសាធារណជនបានជ្រាបជាបន្តទៀត៕, ប្រភព៖ រដ្ឋសភាជាតិ