(សៀមរាប)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានលើកឡើងក្នុងជំនួបនិងប្រជាកសិករចិញ្ចឹមមាន់ស្រែនៅក្នុង ឃុំដានរុន ស្រុកសូត្រនិគមនៃខេត្តសៀមរាប«បងប្អូនត្រូវចងចាំ ថា គ្មានរបស់ណាមួយធ្លាក់ពីលើមេឃដោយឯកឯងឡើយអ្វីៗទាំងអស់សុទ្ធតែកើតចេញពីការប្រឹងប្រែងរបស់ខ្លួនយើង!ដូច្នេះត្រូវខំប្រឹងជួយខ្លួនឯងជាមុនសិន ទើបទេវតាជួយយើងតាមក្រោយ»។
ពេលដឹកនាំមន្ត្រីចុះពិនិត្យមើលការចិញ្ចមមាន់សាកល្បង ដែលជាផ្នែកមួយនៃគម្រោងជំរុញទីផ្សារ សម្រាប់កសិកម្មខ្នាតតូច (AIMS) កាលពីព្រឹកថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅ ដើម្បីតាមដានវឌ្ឍនភាពការងារ។
លោក ប៉ាន សូរស័ក្តិ បានលើកទឹកចិត្តប្រជាកសិករចូលរួមជាមួយគម្រោង AIMS ដើម្បីទទួលបានការគាំទ្រផ្នែកបច្ចេកទេស និងឥណទាន (ប្រាក់កម្ចីដែលមានការប្រាក់ទាប) សម្រាប់ពង្រីកមុខរបរកសិកម្ម ជាពិសេសការចិញ្ចឹមមាន់ស្រែ ដែលកំពុងមានតម្រូវការខ្ពស់នៅលើទីផ្សារ។
លោករដ្ឋមន្ត្រីថា ក្រសួងពាណិជ្ជកម្មបានសម្របសម្រួល និងស្វែងរកទីផ្សារថ្មីៗជូនប្រជាសហគមន៍ និងវិស័យឯកជន តាម រយៈការចងក្រងសមាគម ការដឹកនាំអភិវឌ្ឍន៍ខ្សែច្រវ៉ាក់តម្លៃផលិតផលក្នុងស្រុក និងការតភ្ជាប់ផលិតកម្មជាមួយទីផ្សារដែលមានស្រាប់ ដើម្បីកាត់បន្ថយការនាំចូលទំនិញបរទេស សំដៅលើកកម្ពស់ជីវភាពប្រជាកសិករ ក៏ដូចជាធានាការអភិវឌ្ឍវិស័យ កសិ-ពាណិជ្ជកម្ម ប្រកបដោយនិរន្តរភាព។
លោក ប៉ាន សូរស័ក្តិ បានបន្ថែមថា «ក្រសួងពាណិជ្ជកម្ម មានតួនាទីសម្របសម្រួលរវាងបងប្អូនជាមួយវិស័យឯកជន! ការចិញ្ចឹមមាន់ស្រែនេះ ត្រូវការពេលវេលា និងថវិកាច្រើនគួរសម ដូច្នះត្រូវខិតខំប្រែងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីកុំឱ្យរកស៊ីខាត! នៅថ្ងៃខាងមុខយើងខ្ញុំចង់ឃើញបងប្អូនទាំងអស់ ប្រែក្លាយពីកសិករឆ្នើមទៅជាពាណិជ្ជករជោគជ័យ ដោយមិនគ្រាន់តែអាចផ្គត់ផ្គង់មាន់ទៅកាន់ទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចនាំចេញទៅបរទេសថែមទៀត! ហើយនោះ ជាគោលបំណងធំនៃគម្រោងអែម (AIMS) របស់យើង»។
សូមជម្រាបថា បច្ចុប្បន្នគម្រោងចិញ្ចឹមមាន់ស្រែសាកល្បង ទទួលបានការចូលរួមពីប្រជាពលរដ្ឋចំនួន ២៥០គ្រួសារ នៅក្នុងឃុំ ដាន រុន និងឃុំគៀនសង្កែ នៃស្រុកសូត្រនិគម និងឃុំដូន កែវ នៃស្រុកពួក។
ប្រជាពលរដ្ឋចំនួន៦៥ គ្រួសារបានចូលរួមនៅក្នុង គម្រោងនេះ ហើយបានកំពុងចិញ្ចឹមកូនមាន់ស្រែ (ភ្ញាស់ដោយទូរខ្លួនឯង) ចំ នួនជាង ២ម៉ឺនក្បាល ដើម្បីផ្គត់ផ្គង់ទីផ្សារ និងចែកចាយទៅដល់ កសិដ្ឋានផ្សេងទៀត ក្នុងខេត្តសៀមរាបទាំងមូល។