ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក សោម សម្បត្តិ​ ពីកូនកំព្រា​តស៊ូរហូតដល់​ក្លាយជាអ្នកជំនួញ​​លេចធ្លោ​​ផ្នែកផលិតថ្នាំ​​​ពណ៌ជាតិ​​

លោក សោម សម្បត្តិ ជាកូនកំព្រាឪពុក ​​កើតនៅឆ្នាំ១៩៧២ និងកាល​​នៅ​​​ជាកុមារតូចធ្លាប់​​​​​ឆ្លងកាត់របបប៉ុលពត​​ ពោល​កាលនោះ​​​ឪពុ​ក​​​ស្លាប់ក្នុង​​​សម័យ​ប៉ុលពតគ្រាដែល​កុមាររូបនោះ ​​ទើប​​​​​មានអាយុ ៦ឆ្នាំជាមួយ​និងប្អូន​ចំនួន ៨នាក់​​​​​។​

​​ក្លាយជាកូន​កំព្រាឪពុកនៅឆ្នាំ​១៩៧៩ ក្នុងសម័យដ៏​យ៉ុងខ្នង ​​​​កុមារ សោម សម្បត្តិ ​​រស់​នៅជាមួយ​​ម្តាយ និងបងប្អូន​ប្រុសស្រី​ទាំង៨នាក់​​ ប៉ុន្តែនៅពេលជាយុវជន​​​​សម័យនោះឆាកជីវិត កុមារ សម្បត្តិ​ ហាក់ដូច​​​ខ្វះភាពកក់ក្តៅ ដែល​​​ខុសពី​​​កុមារៗ​​ដទៃទៀត ដែលមាន​​ទាំង​​​ឪពុកនិង​ម្តាយ​​​ថ្នាក់ថ្នម និង​​ជាបង្គោលក្នុងគ្រួសារ​​។​​​​

ជា​​អកុសលនៅពេល កុមារ សម្បត្តិ ​​ពេញវ័យ ក្រោយ​ថ្ងៃរំដោះ ៧មករាឆ្នាំ១៩៧៩ ​​​អ្នកម្តា​យ​​ជាទីស្រឡាញ់​​​បាន​ចាកឆ្ងាយពីកូន ​​​ទាំង៨នាក់ ​​​​ទៀត​ធ្វើ​ឲ្យ​កុមាររូបនេះ​​ក្លាយជាកូនកំព្រា​​​ទាំង​​ឪពុក និង​​ម្តាយតែម្តង។​ ថ្វីត្បិត​​កាល​នៅជា​​កុមារភាពរៀនពូកែ ហើយកុមារ សម្បត្តិ​មិន​អាច​​មានលទ្ធភាពទទួលបាន​​ការអប់រំខ្ពស់ដូចគេនោះទេ ​​ពីព្រោះ​តែជីវភាពខ្វះខាតពេក​​។​​

ទំបំផុត​​ កុមារ សម្បត្តិ ​​មិនអាចមានវាសនាបន្តការសិក្សាដូចគេនោះទេគឺបាន​​​​​ ​ បោះបង់ការសិក្សាតែម្តងនៅអាយុត្រឹម ១៦ឆ្នាំ​​ ត្រឹមថ្នាក់ទី៦ ដើម្បី​​យកពេល​​ជួយ​ធ្វើ​ការងារ​ចិញ្ចឹមម្តាយនិងប្អូន​ៗក្នុងបន្ទុក ដែលពេលខ្លះធាក់កង់ ​​ដឹកបន្លែ លក់ត្រី និងដឹកអ៊ីវ៉ាន់ផ្សេងៗធ្វើ​​យ៉ាងណាឲ្យ​តែបាន​លុយមកដោះស្រាយជីវភាព​។​

​​​នៅ​​​ឆ្នាំ១៩៨៨ ដោយ​មើលឃើញ​​​​ពី​​ការលំបាក ​​និងគ្មាន​​​​​​លទ្ធភាព​​​បន្តការសិក្សា​​​ យុវជន សោម សម្បតិត្ត ​បាន​​សម្រេចចិត្តចូលធ្វើ​ទាហាន​​តែម្តង​​ ​​​​ដែលជាពេល​​មួយ​​បង្កើត​​​ឱកាស​​បាន​​​​រៀន​​ភា​​​សាបរទេស​​​​​នៅក្នុងជំរុំមួយនា​​ជាយដៃនថៃ​​​​ ​​រហូតបាន​​សិក្សា​​ភាសាថៃ និងភាសាអង់គ្លេស។​

រយៈពេល៨ ខែប៉ុណ្ណោះ​ យុវជន​ សម្បត្តិ ​​អាចប្រើ​ប្រាស់​​បានរហូតដល់ទៅ​ ​២ ភាសា ដែលមិន​​នឹកស្មាន​​​ដល់ ​​ទាល់តែសោះ ​ហើយរហូតដល់​នៅ​​សម័យ​អ៊ុនតាក់​បានក្លាយជាអ្នកបក​​ប្រែភាសា​​​​អង់គ្លេស​​យ៉ាង​ស្ទាត់ជំនាញ ​​ក្រោយមក​ទៀត​ដោយ​​លោកមានអារម្មណ៏ចង់​កែប្រែជីវិត​​ដើរឆ្ពោះទៅមុខ ហើយ​សម្រេចចិត្តធ្វើ​ការងារនៅក្រុមហ៊ុន​​​​ជាអ្នក​​​គ្រប់គ្រងវិញម្តង ​ដោយទទួល​​​បានប្រាក់ខែចូលដល់ខ្ទង់ពាន់ដុល្លារ​​​​​​ទៀតផង​។​​

ចាប់ពីពេលនោះ​មក​ធ្វើ​ឲ្យ សោម សម្បត្តិ ​មានគំនិត​​​បង្កើតអាជីវកម្មដោយ​​​ខ្លួនឯង ព្រោះគិតថា«មិនចង់ធ្វើ​ការ​ឲ្យ​មួយជីវិតនោះទេ» ​ទើប​​សម្រេចចិត្ត​​បង្កើតអាជីវកម្ម​​មួយ​មានឈ្មោះ​ថ្នាំពណ៌ជាតិ​​ខាំផែន​​នៅឆ្នាំ​​២០០៣​​​​​។​​​

​​លោក សោម សម្បត្តិ​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ថ្នាំ​ពណ៌​ជាតិ​ Cam-Paint បានរំលឹក​​​ថា «ជីវិតខ្ញុំពេលនោះ​ជាអ្នក​លក់​បន្លែ លក់ត្រី និងដឹកអ៊ីវ៉ាន់ផ្សេងៗ  ដើម្បីបានថវិកាចិញ្ចឹមជីវិត  ហើយ​ក្រោយ​ម្តាយខ្ញុំស្លាប់ទៅ​ជីវិត​រសាត់អណ្តែត​​ រហូតអាចតស៊ូ​បង្កើតក្រុមហ៊ុន​ខ្លួន​ផ្ទាល់ខ្លួន​​ដែលមានការរីកចម្រើន​ដល់សព្វថ្ងៃនេះ​​​​​ »។

លោក​បានមានប្រសាសន៍​​​ថា«គោលដៅធំៗក្នុងជីវិត​ខ្ញុំ​​មានគោលដៅ៤ គឺដំបូងខ្ញុំបង្កើតក្រុមហ៊ុន​​ថ្នាំពណ៌ជាតិ​​ខាំផែនតែម្តង​​​ ដើម្បីអាចចិញ្ចឹមជីវិតរហូតដល់ពង្រីកាន់តែធំដល់សព្វថ្ងៃនេះ​ ​​ទី២ បើក​​​ស្ថាប័នហិរញ្ញវត្ថុដែលមានឈ្មោះស៊ីអាយស៊ី​​​(CIC) ហើយ​​គោលដៅ​ទី៣មានគោលដៅលើអាជីវកម្ម​លើវិស័យ​​អលនទ្រព្យ​​​​ ដែលជាវិស័យ​មួយ​​មានសារសំខាន់​​ និងចុងក្រោយ​អាជីវកម្ម​ផ្នែកភោជនីយដ្ឋាន​​តែម្តង​​​»។

​​អ្នកជំនួញខាងលើ​រៀបរាប់ថា កាលណាអាជីវកម្ម​មួយ​ស្ថិត​ក្នុងគោលដៅនៃជីវិតនោះ​មិន​មែនធ្វើ​ដោយចៃ​​ដន្យ​​​នោះទេ ​​គឺមានផែនការ​​អាជីវកម្ម​ត្រឹមត្រូវ​​​​ ​ហើយ​​អ្វីគ្រប់យ៉ាង មិន​មែនអាជីវកម្ម​មួយងាយស្រួលនោះទេ ប៉ុន្តែសម្រាប់ខ្ញុំដឹងពីរបៀប​ដឹកនាំឬគ្រប់គ្រង​អាជីវកម្ម​មួយ​ដែលឈានដល់​ចំណុច​​ជោគជ័យ​​​​និងអាចទទួល​​​បាន​​​​ក្នុ​ង​​កម្រិតមួយ​។​

ក្នុង​នាម​លោក​ជា​អ្នក​ដែល​​ប្រឡូក​​ក្នុង​មុខ​ជំនួញ​យូរ​ឆ្នាំ​ ហើយ​ជា​អ្នក​ដែល​បង្ហាត់​បង្រៀន​​វិធីសាស្ត្រ​ធ្វើ​អាជីវកម្មបាន​​រំលឹក​​​ពី​ចំណុច​សំខាន់​ៗ​ទាំង​ចំនួន៣ ​គឺ​​​​ ចំណុច​ទី​១ ​«សូម​កុំ​​យក​លុយ​ជា​ឧបសគ្គ​​! ការ​ធ្វើ​អាជីវកម្ម​សំខាន់​ត្រូវ​តែ​មាន​គំនិត​ច្នៃ​ប្រឌិត​។​​​​​

មនុស្ស​គ្រប់គ្នា​សុទ្ធ​តែ​មាន​គំនិត​ ប៉ុន្តែ​គំនិត​នោះ​ត្រូវ​តែ​ជា​គំនិត​ច្នៃប្រឌិតហើយ ​​គំនិត​ច្នៃប្រឌិត​គឺ​ជា​គំនិត​​ឆ្នើម ហើយ​គំនិត​ដែល​ឆ្នើម​នោះ ​គឺ​កើត​ចេញ​ពី​ការ​រើស​យក​គំនិត​ល្អ​ៗ រួម​បញ្ចូល​គ្នា​​បាន​ទៅ​ជា​គំនិត​ធំ​មួយ បន្ទាប់​មក​ត្រូវ​ពុះ​​ជ្រៀក​​ ​បំបែក​គំនិត​ធំ​ទៅ​ជា​គំនិត​មួយ​ដ៏​ល្អ​ស្អាត នេះ​ហើយ​គេ​ហៅ​ថា​ ​គំនិត​ច្នៃ​ប្រឌិត»។

សម្រាប់ចំណុច​ទី២ លោកបង្ហើប​​​​​ថា​​ ​​«​នៅ​ពេល​ណា​ដែល​មាន​គំនិត​ហើយ​ត្រូវ​ចាប់​ផ្ដើម​គិត​ថា​ ត្រូវ​រក​ប្រភព​ទុន​មក​ពីណា!ប្រភព​ទុន​ដែល​សំខាន់​គឺ​បាន​មក​ពី​ភាព​ស្មោះត្រង់​របស់​មនុស្ស។​ភាព​ស្មោះត្រង់​នេះ​គឺ​ទាក់​​ទង​​​ទៅ​នឹង​ប្រវត្តិ​ទាក់ទង​របស់​យើង​ផ្ទាល់។ នៅ​ពេលណា​ដែល​យើង​មាន​គំនិត​ចង់​បង្កើត​អាជីវកម្ម​ហើយ​នោះ ​នោះ​យើង​អាច​ទៅ​ទាក់ទង​សុំ​ខ្ចី​លុយ​គេ​បាន​ដោយ​មិន​ចាំ​បាច់​មាន​លុយ​ខ្លួន​ឯង​នោះ​ទេ។

ក្រៅពី​​​​នេះ​គឺ​ជា​ឧទាហរណ៍​​​ជាក់ស្ដែង​របស់​ខ្ញុំ ​នៅ​ពេល​ដែល​ខ្ញុំ​បង្កើត​ក្រុមហ៊ុន​ Cam-Paint ​ដំបូង​ គឺ​ខ្ញុំ​មាន​តែ​គំនិត​ធ្វើ​តែ​ប៉ុណ្ណោះ។ចំពោះ​ក្មេងៗ​ដែល​មាន​បំណង​ចង់​បង្កើត​អាជីវកម្ម​ទៅ​ថ្ងៃ​មុខ​គឺ​ត្រូវ​តែ​រៀន​ប្រា​​​ស្រ័យ​​​​​​​ទាក់ទង​ប្រកប​ដោយ​ភាព​ស្មោះ​ត្រង់​ពី​ក្មេង​ទៅ​ឲ្យ​ហើយ»។
ចំពោះ​ ចំណុច​ទី​៣លោកបន្ថែមថា «​ការ​ចេះ​បត់បែន​ និង​ផ្លាស់ប្ដូរ​ឲ្យ​ទាន់​សម័យ​កាល ​​អាជីវកម្ម​ដែល​មិន​ស្លាប់​ ​គឺ​ជា​អាជីវកម្ម​ដែល​ចេះ​ផ្លាស់ប្ដូរ​ឲ្យ​ទាន់​សម័យកាល។ ឧទាហរណ៍​ ​ការ​ស្លៀក​សំលៀក​បំពាក់ ​​មនុស្ស​ជា​ច្រើន​តែងតែ​ផ្លាស់​ប្ដូរ​សម្លៀក​បំពាក់​ខ្លួន​ឯង​ជា​ញឹកញាប់ ​អ្នក​ខ្លះ​ ​១ ​ខែ​ដូរ​ម្ដង​ ​១ឆ្នាំ​ ដូរ​​​ក៏​មាន​ហើយនៅពេល​​យើង​​​មិន​ចេះ​ផ្លាស់ប្ដូរ​នោះ ​អាជីវកម្ម​របស់​យើង​ និង​មាន​ឱនភាព។​​​​