ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កម្ពុជាប្រាប់សេដ្ឋវិទូជប៉ុនអំពីសមិទ្ធផលនិងកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក អ៊ុក ប្រជា បានធ្វើការពន្យល់លោក SUZUKI Hiroshi ប្រធានសេដ្ឋវិទូ នៃវិទ្យាស្ថានស្រាវជ្រាវធុរកិច្ចសម្រាប់កម្ពុជា ប្រចាំអង្គការពាណិជ្ជកម្មផ្ទៃក្នុងជប៉ុន (JETRO) អំពីសមិទ្ធផលសំខាន់ៗរបស់ក្រសួងពាណិជ្ជកម្ម និងកំណែទម្រង់ថ្មីៗរបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគ និងពង្រឹងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា។

នៅក្នុងជំនួបកាលពីចុង ខែកក្កដា  អ៊ុក ប្រជា បានជម្រាបភាគីជប៉ុន អំពីវឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ច និងទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ព្រមទាំងកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជ កម្ម ក្នុងការជំរុញប្រែក្លាយវិស័យពាណិជ្ជកម្ម ឱ្យទៅជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ ដូចបានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤។

លោកមានប្រសាសន៍ថា យើងបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម ជាមួយប្រព័ន្ធបង់ប្រាក់អេឡិចត្រូនិក និងបានកំពុងបន្តចងក្រងច្បាប់សំខាន់ៗ ដើម្បីការពារអត្ថប្រយោជន៍វិស័យឯកជន។

លោកបានគូរបញ្ជាក់ថា យើងក៏បានធ្វើប្រតិភូកម្មមុខងារចេញ CO ជូនមន្ទីរនៅថ្នាក់ក្រោមជាតិ និងបានធ្វើបច្ចុប្បន្នភាពដោយជោគជ័យ នូវយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា (CTIS) ឆ្នាំ២០ ១៩-២០២៣ ដើម្បីកំណត់ពីអនុសាសន៍ជា គោលនយោបាយ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក»។

លោករដ្ឋលេខាធិការ ក៏បានជម្រាបជូនលោក SUZUKI Hiroshi អំពីវិធានការសំខាន់ៗរបស់រាជរដ្ឋាភិបាល ក្នុងការជួយសម្រាលបន្ទុកចំណាយវិស័យឯកជន ដូចជាការកែសម្រួលតួនាទី និងភារកិច្ចរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ការលុបចោលភ្នាក់ ងារដឹកជញ្ជូនកាំសាប ការមិនយកកម្រៃគ្រប់គ្រងការនាំចេញ ការកាត់បន្ថយថ្លៃអគ្គីសនី និងការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធជាដើម។

ជាការឆ្លើយតប លោក SUZUKI Hiroshi បានថ្លែងអំណរគុណ លោករដ្ឋលេខាធិការ ដែលបានចែករំលែកនូវព័ត៌មានសំខាន់ៗ ស្តីពីសមិទ្ធផលរបស់ក្រសួងពាណិជ្ជកម្ម ក្រោមការដឹកនាំរបស់ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ និងកំណែទម្រង់ដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយសម្រួលធុរកិច្ចរបស់វិស័យឯកជន។

លោកប្រធានសេដ្ឋវិទូរូបនេះ ក៏បានសន្យាជួយផ្សព្វផ្សាយព័ត៌មានទាំងអស់នេះ ទៅកាន់សមាគមធុរកិច្ចនៅក្នុងប្រទេសជប៉ុន ដើម្បីទាក់ទាញវិនិយោគិន និងក្រុមហ៊ុនជប៉ុន ឱ្យចូលមកបណ្តាក់ទុនកាន់តែច្រើនថែមទៀត នៅក្នុងប្រទេសកម្ពុជា សំដៅផ្តល់ការងារ ជូនប្រជាជន និងចូលរួមអភិវឌ្ឍកំណើនសេដ្ឋកិច្ច ជាមួយរាជរដ្ឋាភិបាល។