ភ្នំពេញ៖លោក សោម សម្បត្តិ កើតនៅឆ្នាំ១៩៧២ ជាកូនកំព្រាឪពុក កាលនៅជាកុមារភាពធ្លាប់ឆ្លងកាត់របបប៉ុលពត ពោលកាលនោះឪពុកស្លាប់ក្នុងសម័យប៉ុលពតគ្រាដែលកុមាររូបនោះ ទើបមានអាយុ ៦ឆ្នាំជាមួយនិងប្អូនៗចំនួន ៨នាក់។
នៅឆ្នាំ១៩៧៩ ក្នុងសម័យដ៏យង់ឃ្នង។ កុមារ សម្បត្តិ រស់នៅជាមួយម្តាយ និងបងប្អូនប្រុសស្រីចំនួន៨នាក់ ពេលជាយុវជនសម័យនោះឆាកជីវិត សម្បត្តិ ហាក់ដូចខ្វះភាពកក់ក្តៅ ដែលខុសពីកុមារៗដទៃទៀត ដែលមានឪពុក ម្តាយថ្នាក់ថ្នម និងជាបង្គោលក្នុងគ្រួសារ។
ជាអកុសលនៅពេល ពេញវ័យ ក្រោយថ្ងៃរំដោះ ៧មករាឆ្នាំ១៩៧៩ អ្នកម្តាយជាទីស្រឡាញ់បានចាកឆ្ងាយពីកូន ទាំង៨នាក់ ទៀតធ្វើឲ្យកុមាររូបនេះក្លាយជាកូនកំព្រាទាំងឪពុក និងម្តាយតែម្តង។ ថ្វីត្បិតកាលនៅជាកុមារភាពរៀនពូកែ ហើយកុមារ សម្បត្តិមិនអាចមានលទ្ធភាពទទួលបានការអប់រំខ្ពស់ដូចគេនោះទេ ពីព្រោះតែជីវភាពខ្វះខាតពេក។
ទំបំផុត កុមារ សម្បត្តិ មិនអាចមានវាសនាបន្តការសិក្សាដូចគេនោះទេគឺបាន បោះបង់ការសិក្សាតែត្រឹមអាយុ ១៦ឆ្នាំ ត្រឹមថ្នាក់ទី៦ ដើម្បីយកពេលជួយធ្វើការងារចិញ្ចឹមម្តាយនិងប្អូនៗក្នុងបន្ទុក ដែលពេលខ្លះធាក់កង់ ដឹកបន្លែ លក់ត្រី និងដឹកអ៊ីវ៉ាន់ផ្សេងៗធ្វើយ៉ាងណាឲ្យតែបានលុយមកដោះស្រាយជីវភាព។
នៅឆ្នាំ១៩៨៨ ដោយមើលឃើញពីការលំបាក និងគ្មានលទ្ធភាពបន្តការសិក្សា យុវជន សោម សម្បត្តិ បានសម្រេចចិត្តចូលធ្វើទាហាន ដែលជាពេលមួយបង្កើតឱកាសបានរៀនភាសាបរទេសនៅក្នុងជំរុំមួយនាជាយដៃនថៃ រហូតបានសិក្សាភាសាថៃ និងភាសាអង់គ្លេស។
រយៈពេល៨ ខែប៉ុណ្ណោះ យុវជន សម្បត្តិ អាចប្រើប្រាស់បានរហូតដល់ទៅ ២ ភាសា ដែលមិននឹកស្មានដល់ ទាល់តែសោះ ហើយរហូតដល់នៅសម័យអ៊ុនតាក់បានក្លាយជាអ្នកបកប្រែភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ ក្រោយមកទៀត លោកមានអារម្មណ៏ចង់កែប្រែជីវិតដើរឆ្ពោះទៅមុខ ហើយសម្រេចចិត្តធ្វើការងារនៅក្រុមហ៊ុនជាអ្នកគ្រប់គ្រងវិញម្តង ដោយទទួលបានប្រាក់ខែខ្ទង់ពាន់ដុល្លារទៀតផង។
ចាប់ពីពេលនោះមកធ្វើឲ្យ សោម សម្បត្តិ មានគំនិតបង្កើតអាជីវកម្មដោយខ្លួនឯង ព្រោះគិតថា«មិនចង់ធ្វើការឲ្យគេមួយជីវិតនោះទេ» ទើបសម្រេចចិត្តបង្កើតអាជីវកម្មមួយមានឈ្មោះថ្នាំពណ៌ជាតិខាំផែននៅឆ្នាំ២០០៣។
លោក សោម សម្បត្តិ នាយកប្រតិបត្តិក្រុមហ៊ុនថ្នាំពណ៌ជាតិ Cam-Paint បានរំលឹកថា «ជីវិតខ្ញុំពេលនោះជាអ្នកលក់បន្លែ លក់ត្រី និងដឹកអ៊ីវ៉ាន់ផ្សេងៗ ដើម្បីបានថវិកាចិញ្ចឹមជីវិត ហើយក្រោយម្តាយខ្ញុំស្លាប់ទៅជីវិតរសាត់អណ្តែត រហូតអាចតស៊ូបង្កើតក្រុមហ៊ុនខ្លួនផ្ទាល់ខ្លួនដែលមានការរីកចម្រើនដល់សព្វថ្ងៃនេះ »។
លោកបានមានប្រសាសន៍ថា«គោលដៅធំៗក្នុងជីវិតខ្ញុំមានគោលដៅ៤ គឺដំបូងខ្ញុំបង្កើតក្រុមហ៊ុនថ្នាំពណ៌ជាតិខាំផែនតែម្តង ដើម្បីអាចចិញ្ចឹមជីវិតរហូតដល់ពង្រីកាន់តែធំដល់សព្វថ្ងៃនេះ ទី២ បើកស្ថាប័នហិរញ្ញវត្ថុដែលមានឈ្មោះស៊ីអាយស៊ី(CIC) ហើយគោលដៅទី៣មានគោលដៅលើអាជីវកម្មលើវិស័យអលនទ្រព្យ ដែលជាវិស័យមួយមានសារសំខាន់ និងចុងក្រោយអាជីវកម្មផ្នែកភោជនីយដ្ឋានតែម្តង»។
អ្នកជំនួញខាងលើរៀបរាប់ថា កាលណាអាជីវកម្មមួយស្ថិតក្នុងគោលដៅនៃជីវិតនោះមិនមែនធ្វើដោយចៃដន្យនោះទេ គឺមានផែនការអាជីវកម្មត្រឹមត្រូវ ហើយអ្វីគ្រប់យ៉ាង មិនមែនអាជីវកម្មមួយងាយស្រួលនោះទេ ប៉ុន្តែសម្រាប់ខ្ញុំដឹងពីរបៀបដឹកនាំឬគ្រប់គ្រងអាជីវកម្មមួយដែលឈានដល់ចំណុចជោគជ័យនិងអាចទទួលបានក្នុងកម្រិតមួយ។
ក្នុងនាមលោកជាអ្នកដែលប្រឡូកក្នុងមុខជំនួញយូរឆ្នាំ ហើយជាអ្នកបង្ហាត់បង្រៀនវិធីសាស្ត្រធ្វើអាជីវកម្មបានរំលឹកពីចំណុចសំខាន់ៗទាំងចំនួន៣ គឺ ចំណុចទី១ «សូមកុំយកលុយជាឧបសគ្គ! ការធ្វើអាជីវកម្មសំខាន់ត្រូវតែមានគំនិតច្នៃប្រឌិត។
មនុស្សគ្រប់គ្នាសុទ្ធតែមានគំនិត ប៉ុន្តែគំនិតនោះត្រូវតែជាគំនិតច្នៃប្រឌិតហើយ គំនិតច្នៃប្រឌិតគឺជាគំនិតឆ្នើម ហើយគំនិតដែលឆ្នើមនោះ គឺកើតចេញពីការរើសយកគំនិតល្អៗ រួមបញ្ចូលគ្នាបានទៅជាគំនិតធំមួយ បន្ទាប់មកត្រូវពុះជ្រៀក បំបែកគំនិតធំទៅជាគំនិតមួយដ៏ល្អស្អាត នេះហើយគេហៅថា គំនិតច្នៃប្រឌិត»។
សម្រាប់ចំណុចទី២ លោកបញ្ជាក់ថា «នៅពេលណាដែលមានគំនិតហើយត្រូវចាប់ផ្ដើមគិតថា ត្រូវរកប្រភពទុនមកពីណា!ប្រភពទុនដែលសំខាន់គឺបានមកពីភាពស្មោះត្រង់របស់មនុស្ស។ភាពស្មោះត្រង់នេះគឺទាក់ទងទៅនឹងប្រវត្តិទាក់ទងរបស់យើងផ្ទាល់។ នៅពេលណាដែលយើងមានគំនិតចង់បង្កើតអាជីវកម្មហើយនោះ នោះយើងអាចទៅទាក់ទងសុំខ្ចីលុយគេបានដោយមិនចាំបាច់មានលុយខ្លួនឯងនោះទេ។
ក្រៅពីនេះគឺជាឧទាហរណ៍ជាក់ស្ដែងរបស់ខ្ញុំ នៅពេលដែលខ្ញុំបង្កើតក្រុមហ៊ុន Cam-Paint ដំបូង គឺខ្ញុំមានតែគំនិតធ្វើតែប៉ុណ្ណោះ។ចំពោះក្មេងៗដែលមានបំណងចង់បង្កើតអាជីវកម្មទៅថ្ងៃមុខគឺត្រូវតែរៀនប្រាស្រ័យទាក់ទងប្រកបដោយភាពស្មោះត្រង់ពីក្មេងទៅឲ្យហើយ»។
ចំពោះ ចំណុចទី៣ លោកបន្ថែមថា «ការចេះបត់បែន និងផ្លាស់ប្ដូរឲ្យទាន់សម័យកាល អាជីវកម្មដែលមិនស្លាប់ គឺជាអាជីវកម្មដែលចេះផ្លាស់ប្ដូរឲ្យទាន់សម័យកាល។ ឧទាហរណ៍ ការស្លៀកសំលៀកបំពាក់ មនុស្សជាច្រើនតែងតែផ្លាស់ប្ដូរសម្លៀកបំពាក់ខ្លួនឯងជាញឹកញាប់ អ្នកខ្លះ ១ ខែដូរម្ដង ១ឆ្នាំ ដូរក៏មាននៅពេលយើងមិនចេះផ្លាស់ប្ដូរនោះ អាជីវកម្មរបស់យើង និងមានឱនភាពថយចុះ ៕