ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ការព្យួរEBAឬមិនព្យួរមិនប៉ះពាល់ដល់បរិយាកាស​​វិនិយោគពីក្រៅប្រទេសមកកម្ពុជានោះទេ

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ចាត់ទុកថា សភាពាណិជ្ជកម្មគឺជាគ្រឹះស្ថានឯកជនរបស់រដ្ឋ ហើយរឿង EBA គឺអនុវត្តទៅតាមជំហរ​បស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងរាជរដ្ឋាភិបាលកម្ពុជាជានិច្ច ហើយការព្យួរ EBA ឬមិនព្យួរមិនមានផលប៉ះពាល់ដល់បរិយាកាសអ្នកវិនិយោគពីក្រៅប្រទេសដែលកំពុង​តែវិនិយោគនៅកម្ពុជានោះទេ។

លោកឧកញ៉ាមានប្រសាសន៍ទៀតថា«យើងក្នុងនាមវិស័យឯកជន យើងមិនបារម្ភឬខ្វល់អ្វីនោះទេ ហើយ EBAនេះ លុះត្រាតែ១ឆ្នាំយ៉ាងយូរ ទើបអាចវាយតម្លៃបានពីផលប៉ះពាល់​ឬមិនប៉ះពាល់ ហើយចំណែកស្ថានភាពអ្នកវិនិយោគពីក្រៅប្រទេសនៅតែមានសកម្មភាពជាធម្មតាមិនមានអ្វីដែលគួរឲ្យព្រួយបារម្ភទេ ពោលអ្នកវិនិយោគពី ជប៉ុន អាមេរិក និង​​​បណ្តាប្រទេសផ្សេងទៀតនៅតែមកទាក់ទងវិនិយោគធម្មតា»។

អ្នកវិនិយោគខាងលើរំពឹងថា កម្ពុជាសង្ឃឹមថានឹងទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិននៅពេលខាងមុខដ៏ខ្លី ដែលនឹងធ្វើឲ្យកម្ពុជាយើងរួចពន្ធនាំចូល​ទៅចិន ដូចជា EBAដែរ ពោល គេឲ្យរួចពន្ធទៅបារាំងឬអឺរ៉ុបធ្វើឲ្យទាក់ទាញទីផ្សារកាន់តែខ្លាំង និងបង្កើតការងារឲ្យពលករដ្ឋខ្លួនបានធ្វើឬធ្វើឲ្យរដ្ឋគេបានចំណូលពីពន្ធនាំចូល​ថែមទៀត។

ចំពោះ ប្រទេសចិនវិញត្រូវបានអ្នកវិនិយោគវាយតម្លៃថា« បើសិនជាកម្ពុជាយើងទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពីប្រទេសចិនដូចជាការគ្រៀងទុកនោះ យើងនឹងមាន​​​​រោង​ចក្រកាន់តែច្រើនមកសង់នៅប្រទេសកម្ពុជា ពោល រោងចក្រដែលផលិតនៅប្រទេសចិននឹងមកកាន់ប្រទេសកម្ពុជាតែម្តង»។

លោកឧកញ៉ា លឹម ហេង បន្ថែមថា«បញ្ហាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះខ្ញុំគិតថា មិនខុសពីEBAទេ ដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិននេះ កន្លងទៅកម្ពុជាមិនដែលមានរោងកច្រសម្លៀកបំពាក់នាំទៅអឺរ៉ុបនោះទេ ប៉ុន្តែឥឡូវនេះ​​ បើ​​​មានកិច្ចព្រមព្រៀងនេះ គឺមានរោងចក្ររាប់ពាន់ បើកនៅកម្ពុជាយើងចំពេលសង្រ្គាម​​ពាណិ​ជ្ជកម្មរវាងអាមេរិក និងចិនទៀតផង ដែលកម្ពុជានឹងទទួលបានផលច្រើនផងដែរនៅពេលខាងមុខនេះ»។

កន្លងទៅរាជរដ្ឋាភិបាលកម្ពុជាបានធ្វើកំណែទម្រង់មួយចំនួន តាមរយៈនយោបាយអនុគ្រោះពន្ធ ការបន្ថយតម្លៃដើម សេវា ការសម្រួលមិនឱ្យភាពសាំញាំលើការផ្តល់សេវា សម្រួល​​ការដឹកជញ្ជូន បញ្ចុះតម្លៃផ្ទុក លើកដាក់កុងតឺន័រ និងការបញ្ចុះតម្លៃអគ្គិសនីជាដើម។ ការធ្វើកំណែទម្រង់ទាំងនេះ ដើម្បីជួយសម្រួលដល់ក្រុមហ៊ុនបរទេសរួមទាំងក្រុមហ៊ុនចិនដែលកំពុងរកស៊ីនៅក្នុងប្រទេសកម្ពុជា។

ជាពិសេសកាត់បន្ថយ តម្លៃផ្សេងៗធ្វើយ៉ាងណាឱ្យក្រុមហ៊ុន ទាំងនោះមានលទ្ធភាពប្រកួតប្រជែង ហើយអាចបន្តធ្វើពាណិជ្ជកម្មនៅកម្ពុជាកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ គណៈ​​​​កម្មការសហភាពអឺរ៉ុបក៏បានប្រកាសជាផ្លូវការពីការចាប់ផ្តើមដំណើរនីតិវិធីព្យួរជាបណ្ដោះអាសន្នចំពោះប្រព័ន្ធអនុគ្រោះពន្ធក្រោមកម្មវិធី «គ្រប់មុខទំនិញលើកលែងតែសព្វាវុធ (EBA)» ពីប្រទេសកម្ពុជា។

ការចូលជាធរមាននៃការដក EBA នឹងធ្វើក្នុងរយៈពេល១៨ខែក្រោយ ពោលគឺ EBA នេះអាចដកចេញពីកម្ពុជានៅពាក់កណ្តាលឆ្នាំ២០២០ ។តែមុននឹងដក EBAចេញជាផ្លូវការ​ពីកម្ពុជានោះសហភាពអឺរ៉ុបក៏បានទុកពេល០៦ ខែចរចាជាមួយរដ្ឋាភិបាលកម្ពុជា។

សហភាពអឺរ៉ុបគឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់ប្រទេសកម្ពុជា ដោយបាននាំផលិតផលចូលគិតជាទឹកប្រាក់ចំនួនជាង៥,៥ពាន់លានដុល្លារសហរដ្ឋអាមេរិកដោយមិនបង់ពន្ធ ហើយធ្វើឱ្យកម្ពុជាចំណេញប្រាក់ពន្ធជាង៦០០ លានដុល្លារក្នុងមួយឆ្នាំៗ។ទំនិញភាគច្រើននៃទំនិញដែលកម្ពុជានាំចូលសហភាពអឺរ៉ុបគឺមានសម្លៀកបំពាក់ ស្បែកជើង ផលិតផលកសិកម្មនិងកង់។

ដោយ៖ ហៃ វឌ្ឍនា​