អគ្គលេខាធិការរបស់អង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គោតេរ៉េស (Antonio Guterres) បានបង្ហាញនូវក្តីបារម្ភយ៉ាងខ្លាំងចំពោះប្រទេសមហាអំណាចពិភពលោក ដែលមិនបានរួមសាមគ្គីគ្នាក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងនឹងវិរុសCovid-19 ដែលកំពុងឆ្លងរាលដាលយ៉ាងខ្លាំងនៅជុំវិញពិភពលោក ដែលនេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ Premium Times របស់ប្រទេសនីហ្សេរីយ៉ា ។
ប្រទេសមហាអំណាចពិភពលោក គឺលោក អង់តូនីញ៉ូ ហ្គោតេរ៉េស ចង់សំដៅលើប្រទេសដែលជាសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មានសហរដ្ឋអាមេរិក ប្រទេសរុស្ស៊ី ចិន បារាំង និងអង់គ្លេស ដែលមិនរួមកម្លាំងគ្នាឈានមុខគេក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃវីរុសCovid-19 ។
សូមបញ្ជាក់ជូនថា គិតត្រឹមថ្ងៃសុក្រ ទី០១ ខែមេសានេះ ការឆ្លងរាលដាលនៃវីរុសCovid-19សរុបនៅជុំវិញពិភពលោក បានកើនឡើងដល់ចំនួន ៣ ៣០៨ ៦៤៣ករណី មនុស្សចំនួន២៣៤ ១២៣នាក់បានបាត់បង់ជីវិត និងមនុស្សចំនួន ១ ០៤២ ៩៨១នាក់បានជាសះស្បើយពីវីរុសផ្លូវដង្ហើមមួយនេះ ៕