ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ទស្សនៈវិភាគ៖ ការពារពលករចំណាកស្រុកអាស៊ាន មិនឲ្យឆ្លងកូវីដ១៩ បែរជាធ្វើឲ្យគាំងខ្សែចង្វាក់ផលិតកម្ម ព្រោះខ្វះកម្លាំងពលកម្ម

(បាងកក)៖ វិធានការដែលដាក់ឲ្យអនុវត្ត នៅតាមបណ្តាប្រទេសជាសមាជិកអាស៊ាន ក្នុងកំឡុងពេលនៃជំងឺរាតត្បាតកូវីដ១៩ បានរំខានដល់ការធ្វើដំណើរទៅធ្វើការក្នុងចំណោមពលករចំណាកស្រុកនៅក្នុងតំបន់ ហើយធ្វើឲ្យខ្សែចង្វាក់ផលិតកម្មត្រូវគាំង ព្រោះខ្វះកម្លាំងពលកម្ម។

យោងតាមការផ្សាយនៃសារព័ត៌មាន បាងកក ប៉ុស្តិ៍ (Bangkok Post) របស់ថៃ នាព្រឹកថ្ងៃទី៨ ខែឧសភា​​​​​​ ឆ្នាំ២០២០នេះ បានឲ្យដឹងថា ពលករចំណាកស្រុក គឺជាការកម្លាំងចលករដ៏មានអានុភាព ដែលប្រទេសជាសមាជិក ត្រូវពឹងពាក់គ្នាទៅវិញទៅមកយ៉ាងខ្លាំង តាមរយៈការចូលរួមចំណែករបស់ពលករចំណាកស្រុក។

បម្រាមមិនឲ្យពលករចំណាកស្រុកធ្វើដំណើរទៅបំពេញការងារ របស់ប្រទេសម៉ាឡេស៊ី ព្រោះតែដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺរាតត្បាតកូវីដ១៩ បានរារាំងប្រជាជនរបស់ខ្លួន មិនអាចធ្វើដំណើរទៅក្រៅប្រទេស ដូចជាកម្មករប្រមាណបីសែននាក់ ដែលមិនអាចទៅធ្វើការនៅក្នុងប្រទេសសឹង្ហបុរី។ ជាលទ្ធផល រដ្ឋាភិបាលសិង្ហបុរី ត្រូវខិតខំរៀបចំកន្លែងស្នាក់នៅសម្រាប់ពលករជាតិម៉ាឡេស៊ី ដើម្បីធានាថា ពួកគេអាចបន្តធ្វើការដូចធម្មតានៅក្នុងប្រទេសរបស់ខ្លួន ដោយមិនឆ្លងវីរុសកូវីដ១៩។

វិធានការបិទច្រកទ្វារព្រំដែនរបស់ថៃ បានបណ្តាលឲ្យពលករចំណាកស្រុករាប់ម៉ឺននាក់ គ្មានការងារធ្វើ ហើយបានវិលត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ ដូចជាភូមា, ឡាវ និងកម្ពុជា ដែលភ្លាមៗនោះ បានធ្វើឲ្យខ្សែចង្វាក់ផលិតកម្មរបស់ថៃ ត្រូវគាំងស្ទើរទាំងស្រុង។

ពលករចំណាកស្រុកមានសារៈសំខាន់ណាស់ ចំពោះសេដ្ឋកិច្ចអាស៊ាន។ ធនាគារពិភពលោក បានគូសបញ្ជាក់ថា ពលករចំណាកស្រុកបានចូលរួមចំណែកយ៉ាងសំខាន់ដល់កំណើនផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកំណើតពួកគេ តាមរយៈការផ្ញើប្រាក់ទៅផ្ទះវិញ ដូចជានៅប្រទេសហ្វីលីពីន បានធ្វើឲ្យកំណើនផលិតផលក្នុងស្រុកសរុប កើនឡើង១០ភាគរយ, វៀតណាមកើនឡើងប្រាំពីរភាគរយ និងប្រទេសភូមាកើនឡើងប្រាំភាគរយ។

ឧទាហរណ៍ជាក់ស្តែង សម្រាប់ពលករចំណាកស្រុករបស់ម៉ាឡេស៊ី ដែលមិនសូវមានជំនាញច្បាស់លាស់ ក៏អាចនាំប្រាក់ចំណូលចូលប្រទេសរបស់ខ្លួន បាន១០ភាគរយដែរ រហូតជយយធ្វើឲ្យកំណើនផលិតផលក្នុងស្រុកសរុប កើនឡើង១,១ភាគរយ។ ចំណេកប្រទេសថៃវិញ ព្រោះតែគ្មានពលករចំណាកស្រុក បែរជាផលិតផលក្នុងស្រុកសរុបរបស់ខ្លួនធ្លាក់ចុះ០.៧៥ភាគរយ។

ធនាគារពិភពលោក បានអះអាងទៀតថា វិធានការប្រឹងរឹតត្បិតការធ្វើចំណាកស្រុក ព្រោះតែហេតុផលការពារសុខមាលភាពពលករ បែរជាធ្វើឲ្យប៉ះពាល់ដល់បំណងប្រាថ្នារួមក្នុងការតភ្ជាប់សហគមន៍របស់អាស៊ាន។

អាស៊ានបានប៉ាន់ប្រមាណថា ៦០ភាគរយនៃពលករចំណាកស្រុក គឺធ្វើការនៅក្នុងឧស្សាហកម្មខ្នាតតូច ដោយមិនទទួលបានរបបសន្តិសុខសង្គម ដូចជាការគាំពារនៅពេលអត់ការងារធ្វើ, ប្រាក់សោធននិវត្តន៍, ការធានារ៉ាប់រងគ្រោះថ្នាក់ការងារ និងប្រាក់ឧបត្ថម្ភសម្រាប់ពេលសម្រាកលំហែមាតុភាពជាដើម។

ប៉ុន្តែផ្ទុយទៅវិញ ដោយសារតែអត់ការងារធ្វើ អំពើជួញដូរមនុស្សនៅតែកើតមាន ដូចជានៅក្នុងប្រទេសឥណ្ឌូនេស៊ី, ភូមា និងប្រទេសហ្វីលីពីន។ ពលករ ដែលបាត់បង់ការងារដោយសារវិបត្តិកូវីដ១៩ នៅតែស្វែងរកការងារផ្សេងទៀត នៅទីនោះដដែល គឺនៅក្រៅប្រទេស ដើម្បីចិញ្ចឹមជីវិត ទោះបីពួកគេដឹងថា ខុសច្បាប់ក៏ដោយ។

ការលើកកម្ពស់កិច្ចប្រឹងប្រែងការពារពលករចំណាកស្រុក និងការពារពួកគេពីការរំលោភបំពាន, ការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងអំពើហិង្សា គឺជាគោលដៅរួមមួយ ដែលប្រទេសនៅក្នុងសហគមន៍អាស៊ាន មិនទាន់អនុវត្តឲ្យបានព្រមគ្នា និងស្មើដៃគ្នានៅឡើយទេ។ អំពើជួញដូរ និងការជ្រើសរើសពលករខុសច្បាប់ នៅតែបន្តកើតមានដោយសារការអនុវត្តច្បាប់នៅមានចន្លោះប្រហោង។

ទន្ទឹមនឹងនេះដែរ ការអនុវត្តច្បាប់ ស្តីពីសន្តិសុខសង្គម នៅតែមិនទាន់ច្បាស់លាស់នៅឡើយ។ ក្រៅពីនេះ ពលករចំណាកស្រុកជាច្រើន ត្រូវថៅកែប្រមាថមើលងាយ  ព្រោះពួកគេនៅឆ្ងាយពីគ្រួសារ និងបញ្ហាមិនចេះភាសា ដែលអាចនិយាយគ្នាឲ្យបានច្បាស់លាស់ នៅកន្លែងការងារ។

ទោះបីជាមានគំនិតផ្តួចផ្តើមទ្វេភាគី និងមានអនុស្សារណៈយោគយល់ទ្វេភាគី រវាងប្រទេសកំណើតរបស់ពលករ និងរវាងប្រទេសរបស់ថៅកែ ស្តីពីការការពារសិទ្ធិរបស់ពលករចំណាកស្រុកក៏ដោយ ក៏កិច្ចគាំពារសង្គមសម្រាប់ពលករចំណាកស្រុក នៅតែមិនទាន់ច្បាស់លាស់។

យោងទៅតាមអង្គការពលកម្មអន្តរជាតិ បានឲ្យដឹងថា វិសមភាពគ្នាផ្នែកសន្តិសុខសង្គម រវាងបណ្តាប្រទេសជាសមាជិកអាស៊ាន តែងតែបង្កើតជាឧបសគ្គដល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួល ដើម្បីការពារពលករចំណាកស្រុក។ ទន្ទឹមនឹងនេះដែរ កិច្ចព្រមព្រៀងអាស៊ាន ស្តីពីការការពារ និងលើកកម្ពស់សិទ្ធិរបស់ពលករចំណាកស្រុក ដែលជាកិច្ចព្រមព្រៀងក្នុងតំបន់តែមួយ ក៏មិនទាន់ត្រូវបានគេគោរពនៅឡើយទេ។

ប៉ុន្តែសហគមន៍អាស៊ាន តែងតែប្តេជ្ញាជំរុញយន្តការគ្រប់គ្រងលើពលករចំណាកស្រុកនេះ។ ប្រទេសជាសមាជិក១០ បានបង្កើតវេទិកាអាស៊ាន ស្តីពីពលករចំណាកស្រុក ដែលជាវេទិកាមួយ ដើម្បីពិនិត្យពិភាក្សា និងផ្លាស់ប្តូរគំនិតគ្នា រវាងរដ្ឋាភិបាល និងសង្គមស៊ីវិល ក៏ដូចជារវាងថៅកែ និងសហជីព។

នៅក្នុងកិច្ចប្រជុំនាពេលថ្មីៗនេះ, វេទិកាអាស៊ាន ស្តីពីពលករចំណាកស្រុក បានបង្ហាញពីការព្រួយបារម្ភរបស់ខ្លួន មិនត្រឹមតែចំពោះការគាំពារសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកឡើងពីបញ្ហាប្រឈមក្នុងការងារ ស្របពេលកូវីដ១៩ បានរារាំងដំណើរខ្សែចង្វាក់ផលិតកម្ម និងធ្វើឲ្យមានការប្រែប្រួលផ្នែកប្រជាសាស្ត្រ។

អ្វីដែលវេទិកាអាស៊ាន ស្តីពីពលករចំណាកស្រុក បានរំពឹងទុក គឺកំពុងក្លាយជាការសាកល្បងពិតប្រាកដ នាពេលឥឡូវនេះ។ បញ្ហាបង្កឡើងដោយវីរុសកូវីដ១៩ បានលាតត្រដាងពីបញ្ហាកាន់តែស្មុគស្មាញសម្រាប់កម្មករចំណាកស្រុក ដោយសារកង្វះខាតនៃការគាំពារសង្គម និងភាពមិនប្រាកដប្រជា នាពេលអនាគត។

ផ្ទុយទៅវិញ ដោយសារបញ្ហាប្រឈមនេះ វិបត្តិកូវីដ១៩, ប្រទេសជាសមាជិកអាស៊ាន គួរតែរកវិធីល្អប្រសើរជាងមុន ដើម្បីលើកកម្ពស់ការគាំពារសង្គមដល់ពលករចំណាកស្រុក។

សហគមន៍អាស៊ាន បានចាត់វិធានការឆ្លើយតបចំពោះវិបត្តិនេះ ដោយសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរួមគ្នា តាមរយៈកិច្ចប្រជុំកំពូលអាស៊ាន លើប្រធានបទកូវីដ១៩។

ស្របពេលមានការចែករំលែកព័ត៌មានគ្នា អំពីសកម្មភាពពាណិជ្ជកម្ម និងអំពីការបង្កើតមូលនិធិអាស៊ានកូវីដ១៩ ដើម្បីទិញសម្ភារៈវេជ្ជសាស្ត្រ ដែលត្រូវបានចាត់ទុកជាអាទិភាពបំផុត បែរជាដំណើរការជាក់ស្តែង ដើម្បីការពារពលករចំណាកស្រុក នៅតែមិនទាន់ច្បាស់លាស់។

ផ្ទុយទៅវិញ វិបត្តិបង្កឡើងដោយវីរុសកូវីដ១៩ គួរតែប្រទេសជាសមាជិក កែប្រែទៅជាឱកាសសម្រាប់ពង្រីកលទ្ធភាព ក្នុងការការពារសុខមាលភាពរបស់ពលករចំណាកស្រុក និងប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ ដើម្បីពង្រឹងតម្លាភាពក្នុងដំណើរការជ្រើសរើសពលករ។

ប្រទេសវៀតណាម ដែលជាប្រទេសមួយ ក្នុងចំណោមប្រទេសមានលំហូសាច់ប្រាក់ចូលប្រទេសច្រើន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងជាប្រធានអាស៊ាន លើប្រធានបទ លើកកម្ពស់​​​ «អាស៊ានឲ្យមានភាពស្អិតរមួត និងជួយគ្នាទៅវិញទៅមក» អាចដឹកនាំក្នុងការផ្តួចផ្តើមសកម្មភាព ដោះស្រាយបញ្ហានេះ៕