(វ៉ាស៊ីនតោន)៖ នៅក្នុងសញ្ញាចុងក្រោយនៃការព្រួយបារម្ភថា វីរុសកូវីដ១៩ អាចនឹងឆ្លងពីមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋបាលលោក ដូណាល់ ត្រាំ (Donald Trump) ទើបមន្ត្រីសុខាភិបាលអាមេរិកកំពូលៗបីរូប បានចាប់ផ្តើមដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែកពីមន្ត្រីជាន់ខ្ពស់ដទៃទៀត រយៈពេលខ្លី ឬពេញពីរសប្តាហ៍ បន្ទាប់ពីបានទាក់ទងជាមួយមន្ត្រីជាន់ខ្ពស់ដូចគ្នា ដែលធ្វើការក្នុងសេតវិមានដូចគ្នា ហើយបានធ្វើតេស្តិ៍វិជ្ជមានផ្ទុកវីរុសកូវីដ១៩។
យោងតាមអត្ថបទសារព័ត៌មាន ឌឹ ញូវយ៉ក ថែមស៍ (The New York Times) របស់អាមេរិក បានឲ្យដឹងថា អ្នកតំណាងឲ្យលោកវេជ្ជបណ្ឌិត រ៉ូប៊ឺត រ៉េតហ្វៀល (Robert Redfield) ប្រធានមជ្ឈមណ្ឌលត្រួតពិនិត្យ និងការពារជំងឺឆ្លង និងលោកវេជ្ជបណ្ឌិត ស្ទីហ្វិន ហាន (Stephen Hahn) ប្រធានផ្នែកអង្គភាពចំណីអាហារ និងឱសថ បានបញ្ជាក់ពីការប្រុងប្រយ័ត្នខ្លាចឆ្លង វីរុសកូវីដ១៩ កាលពីថ្ងៃសៅរ៍ ម្សិលមិញ។
ចំណែកលោកវិជ្ជបណ្ឌិត អាថូនី ហ្វៅជី (Anthony Fauci) អ្នកឯកទេសមេរោគឆ្លងប្រចាំសេតវិមាន និងជានាយកវិទ្យាស្ថានជាតិអាមេរិក ផ្នែកជំងឺអាឡែរហ្សី និងជំងឺឆ្លង បានបញ្ជាក់ក្នុងសេចក្តីរាយការណ៍របស់ទូរទស្សន៍ ស៊ីនអិនអិន (CNN) របស់អាមេរិកថា លោកបានចាប់ផ្តើមដាក់ខ្លួនឯងឲ្យដាច់ពីគេ ចំពោះអ្វី ដែលលោកហៅថា ដោយសារទំនាក់ទំនងរបស់លោកជាមួយអ្នកផ្ទុកវីរុស១៩ «អាចមិនសូវបង្កគ្រោះថ្នាក់ពេកទេ»។
ការដាក់ខ្លួនឯងឲ្យនៅដាច់ពីគេនេះ បានកើតឡើងបន្ទាប់ពីមានការបង្ហាញឲ្យដឹងជាសាធារណៈ កាលពីថ្ងៃសុក្រថា អ្នកនាំពាក្យរបស់អនុប្រធានាធិបតីអាមេរិក លោក ម៉ៃ ផេនស៍ (Mike Pence ) គឺលោកស្រី ខេធី មីល្លើ (Katie Miller) បានធ្វើតេស្ត៍វិជ្ជមាន ផ្ទុកវីរុសកូវីដ១៩។
សូមបញ្ជាក់ថា លោកស្រី ខេធី មីល្លើ តែងតែបានចូលរួមក្នុងក្កិច្ចប្រជុំរបស់ក្រុមការងារការពារមេរោគឆ្លង ប្រចាំសេតវិមាន ដែលក្នុងការប្រជុំនោះ មានវត្តមានលោកវេជ្ជបណ្ឌិត រ៉ូប៊ឺត រ៉េតហ្វៀល, លោកវេជ្ជបណ្ឌិត ស្ទីហ្វិន ហាន់ និងលោកវិជ្ជបណ្ឌិត អាថូនី ហ្វៅជី ហើយនៅពេលប្រកាសព័ត៌មាន លោក ដូណាល់ ត្រាំ ចូលរួមផងដែរ។
លោកវិជ្ជបណ្ឌិត អាថូនី ហ្វៅជី បានប្រាប់ទូរទស្សន៍ស៊ីអិនអិនថា លោក «នឹងធ្វើការងារពីផ្ទះ និងពាក់ម៉ាសរយៈពេល១៤ថ្ងៃ»។
លោកបានអះអាងថា លោកបានធ្វើតេស្តិ៍អវិជ្ជមាន កាលពីថ្ងៃសុក្រ ហើយគ្រោងនឹងធ្វើតេស្តជារៀងរាល់ថ្ងៃ ចាប់ពីពេលនេះតទៅ ដើម្បីឲ្យច្បាស់ថា លោកបានឆ្លងវីរុសកូវដ១៩ ឬអត់។
នៅក្នុងសេចក្តីប្រកាសព័ត៌មានផ្សេងមួយទៀត បានលើកឡើងថា លោកវេជ្ជបណ្ឌិត រ៉ូប៊ឺត រ៉េតហ្វៀល ក៏មាន «ការប្រឈមនឹងហានិភ័យក៏ទាបដែរ» ដោយាសារទំនាក់ទំនងជាមួយមនុស្ស នៅឯសេតវិមាន កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ ហើយលោកនឹងទាក់ទងពីចម្ងាយជាមួយអ្នកដទៃក្នុងរយៈពេលពីរសប្តាហ៍។
ក្រៅពីលោកស្រី ខេធី មីល្លើ ដែលជាអ្នកធ្វើការក្នុងវិមានប្រធានាធិបតីអាមេរិក, សេតវិមាន បានប្រកាសនៅក្នុងសប្តាហ៍នេះថា មេទ័ពជំនិតរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលធ្លាប់ចេញចូលសេតវិមាម ក៏បានធ្វើតេស្ត៍វិជ្ជមាន ផ្ទុកវីរុសកូវី១៩ផងដែរ។
លោក ឡាម៉ា អាឡិចសាន់ឌើ (Lamar Alexander)
សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណៈដ្ឋ ប្រចាំរដ្ឋថេនណេស្ស៊ី (Tennessee) និងជាប្រធានគណៈកម្មាធិការសុខភាពរបស់ព្រឹទ្ធសភា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃសៅរ៍ ម្សិលមិញថា សេតវិមានបានយល់ព្រមឲ្យលោក រ៉ូប៊ឺត រ៉េតហ្វៀល និងលោកវេជ្ជបណ្ឌិត ស្ទីហ្វិន ហាន អាចធ្វើការពីចម្ងាយ ដោយមិនបាច់មកធ្វើការផ្ទាល់ក្នុងការិយាល័យឡើយ៕