(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា «ខេត្តកំពត អនាគតដ៏ខ្លីខាងមុខនឹងក្លាយទៅជាខេត្តដែលមានសក្តានុពលខ្លាំង នឹងអាចទាក់ទាញអ្នកវិនិយោគបរទេសបន្ថែមទៀត ស្របពេលដែលពេលនេះយើងកំពុងមានការពង្រីកផ្លូវជាតិលេខ៣ មានកំពង់ផែទឹកជ្រៅ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗជាច្រើនទៀត។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា កម្ពុជាអាចរីកចម្រើនបានដោយមិនត្រូវពឹងផ្អែកតែលើវិស័យតែមួយមុខនោះទេ គឺត្រូវពឹងផ្អែកលើវិស័យជាច្រើនដូចជា វិស័យឧស្សាហកម្ម កសិកម្ម កសិឧស្សាហកម្ម សេវាកម្ម ទេសចរណ៍ សំណង់ជាដើម ដើម្បីឈានទៅសម្រេចជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកំរិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ទៀតថា ពេលនេះកម្ពុជាបានចាប់ផ្តើមការធ្វើកំណែទម្រង់ស៊ីជម្រៅផ្ទៃក្នុងរបស់ប្រទេសកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ ដូចជាការបញ្ចុះតំលៃអគ្គិសនី ការបញ្ចប់វត្តមានផ្នែកកាំកុងត្រូល និងផ្នែកផ្សេងៗទៀតនៅតាមច្រកព្រំដែន ដោយទុកតែនគបាលអន្តោប្រវេសន៍ និងគយតែប៉ុណ្ណោះ ដើម្បីកាត់បន្ថយភាពស្មុគស្មាញ និងការចំណាយក្រៅផ្លូវការផ្សេងៗ ដែលនេះជាការអនុវត្តជាបណ្តើរៗទៅតាមអភិក្រម៥យ៉ាងគឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លៃងក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីប្រមាណ១១,៧៣៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ ក្នុងខេត្តកំពត នាព្រឹកថ្ងៃសុក្រ ៥រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមករា គ.ស ២០១៩នេះ។
ពិធីជួបសំណេះសំណាលនេះត្រូវប្រារព្ធធ្វើឡើង នៅរោងចក្រ POU CHEN Cambodia CO., LTD ស្ថិតនៅភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។ រោងចក្រទាំង១២ ដែលអនុញ្ញាតឲ្យកម្មករ និយោជិត បានជួបសំណេះសំណាលជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រីនៅថ្ងៃនេះ មកពីខេត្តកំពតចំនួន១១ ក្នុងនោះក្រុងកំពតចំនួន២ មានកម្មករ និយោជិត១,១៥៩នាក់, ស្រុកទឹកឈូចំនួន៤ មានកម្មករនិយោជិតចំនួន៤,៣២០នាក់, ស្រុកកំពង់ត្រាចចំនួន២ មានកម្មករយាជិតចំនួន២,៨៨៣នាក់, ស្រុកបន្ទាយមាសចំនួន១ មានកម្មករនិយោជិតចំនួន៨៥៩នាក់, ស្រុកដងទង់ចំនួន១ មានកម្មករ និយោជិតចំនួន១,៦២៩នាក់, កសិដ្ឋានចំការចេកស្រុកឈូកចំនួន១ មានកម្មករ និយោជិតចំនួន ៨៥៨នាក់ និងមកពីកសិដ្ឋានចំការម្រេចខេត្តកែបចំនួន១ មានកម្មករ និយោជិតចំនួន៣០នាក់ ដែលមានអ្នកវិនិយោគមកពីប្រទេសចិនចំនួន៩, ថៃចំនួន១ និងខ្មែរចំនួន២ ក្នុងនោះមានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន១, ផលិតស្បែកជើងចំនួន៣, ដេរកូនបាល់ចំនួន១, ដេរប៉ាក់ចំនួន១, ផលិតស៊ីម៉ងត៍ចំនួន៣, កសិដ្ឋានចំការចេកនាំចេញចំនួន១, កសិដ្ឋានដំណាំម្រេចនាំចេញចំនួន១ និងវារីអគ្គិសនីចំនួន១។ ផលិតផលទាំងអស់ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស៕